• 2020-07-20 02:51:23
  • ព័ត៌មាន

សព​លោក​ព្រឹទ្ធាចារ្យ ព្រីង សាឃន នឹង​ធ្វើ​ពិធី​បូជា​នៅ​វត្ដ​ឬស្សីស្រស់

  • 2020-07-20 02:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​របស់​សព​ព្រឹទ្ធាចារ្យ ព្រីង សាឃន កំពុង​រំកិល​សព​លោក​ឡើង​ឡាន​ដង្ហែ​សព​ដើម្បី​ហែ​ទៅ​ចេញ​ពី​គេហដ្ឋាន​ស្ថិតនៅ​ម្ដុំ​អាគារ​៤២​ជាន់ ក្នុង​សង្កាត់​បឹងកេងកង​១ ឆ្ពោះ​ទៅ​កាន់​វត្ដ​ឬស្សីស្រស់ ស្ថិតនៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី២០ ខែ​កក្កដា នេះ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​បន្ដ និង​ឈាន​ទៅ​ដល់​ធ្វើ​ពិធី​បូជា​សព​នៅ​ថ្ងៃពុធ ក្នុង​សប្ដាហ៍​នេះ។

សាច់ញាតិ​របស់​លោក​ព្រឹទ្ធាចារ្យ បាន​ប្រាប់​Sabay នៅ​មុន​នេះ​បន្ដិច​ថា ពិធី​បុណ្យ​នៅ​គេហដ្ឋាន​ផ្ទាល់​មិន​សូវ​មាន​ភ្ញៀវ​ច្រើន​ទេ ហើយ​ឥឡូវ​នេះ​ក្រុម​គ្រួសារ​បាន​រៀបចំ​ហែ​ទៅ​កាន់​វត្ដ​ឫស្សី​ស្រស់​ដែល​អាច​នឹង​ទៅ​ដល់​ប្រហែល​ម៉ោង​១០​ព្រឹក​នេះ។ លោក​បន្ថែម​ថា មរណភាព​របស់​លោក​តា ព្រីង សា​ឃន កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​សោកសង្រេង និង​ស្ដាយ​ធនធាន​មនុស្ស​ដ៏​កម្រ​នេះ​យ៉ាង​ខ្លាំង។

ក្រោយ​ពី​ទទួល​ដំណឹង​មរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ ក៏​មាន​សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​ដែរ​ដែល​មាន​ការ​សោក​ស្ដាយ​នូវ​ទេពកោសល្យ និង​រូប​លោក​ផ្ទាល់​មិន​ចាញ់​សាច់​ញាតិ​ប៉ុន្មាន​ឡើយ។ ជាក់​ស្ដែង​ដូច​ជា​ពិធី​ករ ប៉ែន ចំរុង តារា​ចម្រៀង ស៊ុន ស្រីពេជ្រ និង​តារា​សម្ដែង សាវិន ហ្វីលីប ជា​ដើម​សុទ្ធ​តែ​សម្ដែង​ការ​សោកស្ដាយ ហើយ​បាន​ចូល​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ទៀត​ផង។

លោកព្រឹទ្ធាចារ្យក៏មានទេពកោសល្យខាងសម្ដែងដែរ។ ភាគច្រើនលោកសម្ដែងជាតួឥសី និងចាស់ព្រឹទ្ធាចារ្យ។ មហាជនបានស្គាល់លោកច្រើនតាមរយៈលោកសម្ដែងជាតួតាជូជក់ ក្នុងរឿងព្រះវេសន្ដរ នៅអំឡុងឆ្នាំ១៩៨០។

លោក​ព្រឹទ្ធាចារ្យ ព្រីង សាខន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​ជរាពាធ។ លោក គឺ​ជា​សាស្ត្រាចារ្យ​នៅ​សាលា​វិចិត្រ​សិល្បៈ​ដែល​មាន​ជំនាញ​ខាង​ភាពយន្ត របាំ ល្ខោន​យីកេ និង​ទេពកោសល្យ​ជា​ច្រើន​ទៀត។រូប​លោក​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចាត់​ទុក​ជា​មរតក​មនុស្ស​រស់​ផ្នែក​សិល្បៈ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់