• 2020-07-20 04:44:00
  • ព័ត៌មាន

ហេតុផលចាក់ដោតតែមួយគត់ ធ្វើឲ្យ SHINee ព្រម​បន្ត​កុងត្រា​ជាមួយ SM

  • 2020-07-20 04:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ SHINee បាន​ប្រកាស​ថា​ពួកគេ​​ សម្រេច​បន្ត​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម​ SM ទៀត អំឡុងពេល​ចូលរួម​ក្នុង​កម្មវិធី​ Radio Star​ កន្លងទៅ។ ជាមួយ​គ្នា​នោះ​ ពួកគេ​ទាំង ៤​ក៏​ថែម​ទាំង​បាន​ទម្លាយ​ហេតុផល​ធំ​ចម្បង​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​មួយ​នេះ​ដែរ។​

ចាប់​ផ្ដើម​ដំបូង​ពី​ Onew មេក្រុម​ បាន​ផ្ដើម​ និង​បង្ហាញ​ពី​អារម្មណ៍ពិត​ទៅ​កាន់​សមាជិក​ផ្សេង​ទៀត​ពីទំហំ​ចិត្តដែល​លោក​មានថា៖ «ខ្ញុំ​និយាយពាក្យ​នេះ​ច្រើន​ដង​ណាស់​មួយរយៈនេះ​...ចង់​ប្រាប់​ថា​ ខ្ញុំ​ស្រឡាញ់អ្នក»។

Minho វិញ​បាន​អរគុណ​ចំពោះ​សមាជិក​ទាំង​អស់​ដែលតែង​នៅ​ជិត​គ្នារហូត​ រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ៖ «ខ្ញុំ​ពិត​ជា​អរគុណណាស់ដែល​យើង​យល់ពីគ្នា និង​ចេះគិតគូរគ្នា​ទៅវិញ​ទៅមក​រយៈពេល​ជាង​ ១០​ឆ្នាំកន្លងមក។ យើង​ក្លាយ​ជា​គ្រួសារ​តែមួយ​ទៅហើយឥឡូវ​នេះ​ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​បន្ត​បែប​នេះ​ជា​រៀងរហូត»។

ចូល​ដល់​ Key ក៏​បង្ហាញ​ការ​យល់​ឃើញ និង​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ដែរ​ថា៖​ «ខ្ញុំ​ចង់​ឲ្យ​យើង​ទាំងអស់​សម្លឹង​ទៅ​ក្រោយ​ អំឡុងពេល​ដែល​យើង​នៅ​មិនទាន់ធំដឹង​ក្ដី​ស្រួល​បួល។ ខ្ញុំ​មិនដែល​គិត​ថា​យើង​មាន​ថ្ងៃ​នេះទេ»។ Key បន្ត​ថា៖ «យើង​បាន​ស៊ូ​ជាមួយ​គ្នាយ៉ាង​ណា​ជាង​ ១០​ឆ្នាំមកនេះ តែ​សម្រាប់​ខ្ញុំ​ អ្វី​គ្រប់យ៉ាង​ហាក់ដូចជា​កាន់​តែ​មានតម្លៃខ្លាំង​ឡើង»។

ត្រង់ចំណុច​នេះ​ លោក​ក៏​បាន​បង្ហើប​ដែរ​ថា​ ការ​ដែល​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម​ ក៏ព្រោះ​ក្ដី​ស្រឡាញ់ដែល​សមាជិក​ទាំង​អស់​មាន​ចំពោះគ្នា និង​ចង់​នៅបន្ត​វាសនា​រួមគ្នា​បែប​នេះ​តទៀត។

ចុង​ក្រោយ​គេ គឺ​ Taemin ក៏​បាន​បន្តៗពី​បងៗដែរថា៖ «ខ្ញុំ​មិន​ចង់​ឲ្យ​យើង​ទាំងអស់​ផ្លាស់ប្ដូរ​ទេ មិនថា​មិន​រឿងអ្វី​កើត​ឡើង​ ឬ​មិនថា​អ្នកផ្សេង​និយាយអី ខ្ញុំ​ចង់​ឲ្យ​យើង​បន្តរួមគ្នា​ឲ្យ​បាន​ល្អ»។

កូនពៅ SHINee នៅ​បន្ត​ថា៖ «ជំនួសពាក្យ​ស្លោក​ដែល​យើង​ធ្លាប់និយាយគឺ “តោះ!ប្រឹង​ឲ្យអស់​ពី​សមត្ថភាព​ទាំងអស់គ្នា” យើង​គួរ​និយាយថា​ “តោះ!នាំគ្នាសប្បាយទាំងអស់គ្នា” វិញ»។

មកទល់ពេល​នេះ​ SHINee នៅ​ជាប់ជាមួយ​គ្នា​រយៈពេល​ ១២​ឆ្នាំ​ហើយ​ ហើយ​ដោយសារ​ឥទ្ធិពល​នៃ​ក្ដី​ស្រឡាញ់​ដែល​សមាជិក​មាន​ចំពោះគ្នា និង​ចំពោះ​អ្នកគាំទ្រ​ ពួកគេ​សង្ឃឹម​ថា​នឹង​អាច​ប្រារព្ធ​ខួប​កំណើត​បង្កើត​ក្រុម​ច្រើនឆ្នាំ​បន្តទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់