• 2020-07-20 09:31:55
  • ព័ត៌មាន

ឌីជេ ម៉ៃលី៖ "ខ្ញុំឈឺចាប់នឹងភាពបរាជ័យ ទើបខ្ញុំជោគជ័យ ពោរពេញដោយមោទនភាព"

  • 2020-07-20 09:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យើង​និយាយ​ពី​ DJ ក្នុង​ប្រទេស​កម្ពុជា​មាន​មិន​តិច​នាក់​នោះ​ទេ ហើយ​បើ​យើង​សួរ​ថា​ តើ​​ DJ រូប​ណា​ដែល​មាន​ស្នាដៃ ចាក់​បទ​​ភ្លេង​ និងស្ទាយល៍​ តុបតែង​ខ្លួន​ទាន់​សម័យ​ព្រម​ទាំង​ខុស​ប្លែក​គេ​ទៀត​នោះ គេ​ប្រាកដ​ជា​មិនអាច​បំភ្លេច​ DJ ស្រី​ម្នាក់​ដែល​មាន​រាង​តូច​ច្រលឹង​ សក់​ពណ៍​ផ្កាឈូក​ ឬពណ៌ស្រស់​ផ្សេងទៀតនោះ​ គឺ​ DJ​ ម៉ៃលី។

អ្វី​ដែល​គួរ​ភ្ញាក់ផ្អើល​ និងសាទរនោះចំពោះ​ ម៉ៃលី គឺ​ ក្រុមហ៊ុន​នាឡិកាដៃ​ Ice-Watch ដែល​ជា​ក្រុមហ៊ុន​នាឡិកា​ដៃ Fashion ដ៏លេច​ធ្លោ​មួយ​ក្នុង​តំបន់​អាស៊ី​ និង​អឺរ៉ុប​ បាន​បន្ត​កុងត្រា​ជាមួយ​នាង​ សម្រាប់​ជា​ទូត​សុឆន្ទៈប្រចាំ​ម៉ាក​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​ការ​រៀបរាប់​ខាង​ក្រុមហ៊ុន​ Ice-Watch​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា “ មាន​ហេតុផល​ជា​ច្រើន ដែល​យើង​បន្ត​កុងត្រា​ជាមួយ​ ម៉ៃលី​ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូចជា៖

១. ម៉ៃលី​ មានស្ទីល​ផ្ទាល់​ខ្លួន​ហើយ​ខុស​ប្លែក​ពី​គេ​ ដែល​នេះ​ជា​តម្រូវការ​ចាំ​បាច់​ដែល​ក្រុមហ៊ុន​ Fashion​ ធំៗ​ តែង​តែ​សម្លឹង​រក​មើល​តារា​តំណាង​ម៉ាក​ប្រភេទ​ដូច​នេះ។

២. ភាព​ខុស​ប្លែក​របស់នាង​ មាន​សភាព​ដូចគ្នាច្រើនទៅ​នឹង​ចំណុច​របស់​ម៉ាក​នាឡិកា​ដៃ Ice-Watch។

៣. នាងមាន​អត្តចរិតល្អ​ និង​គោរព​ទំនាក់​ទំនង​រាល់​ពេល​ធ្វើការ​ជាមួយ​ក្រុមហ៊ុន។ ៤. នាង​ជា​មនុស្ស​ដែលអាចផ្លាស់ប្ដូរ​ផ្នត់​គំនិត​សង្គម​ ដែល​​មិន​អោយ​តម្លៃ​អាជីព​ជា​ DJ ស្រី​ អោយ​ទទួល​យក​អ្វី​ដែល​ជាតម្លៃពិត។ នេះដូច​ទៅ​នឹង​ ពាក្យ​ស្លោក​នៃ​ម៉ាក​នាឡិកាដៃ Ice-Watch គឺ ”change.you can” មាន​ន័យ​ថា​ អ្នក​អាច​ផ្លាស់​ប្ដូរ​បាន។

៤​ ចំណុច​ខាង​លើ​វា​គ្រប់គ្រាន់​ល្មម​អោយ​ម៉ាក​នាឡិកា​ដែល​ល្បីល្បាញ​ផ្នែក​ Fshion បន្ត​កុងត្រា​ជាមួយ​ ម៉ៃលី។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ ចំណុច​ទី​ ៤ គឺ​ជា​ចំណុច​ដែល​ Ice-Watch អោយ​តម្លៃ​ និង​យើង​គ្រប់គ្នា​ចាំបាច់​ត្រូវដឹងរឿងនេះ។

តាម​ប្រភព​ជិត​ស្និទ្ធ​របស់​ ម៉ៃលី​ បាន​អោយ​ដឹង​ថា​ ”ទម្រាំ​ម៉ៃលី​ តស៊ូ​នឹង​ទទួល​បាន​ជោគជ័យ​មក​ដល់​បច្ចុប្បន្ន​ពិតជា​មិនងាយស្រួល​ទេ។ នាង​ត្រូវ​បាន​សង្គម​ ឬអ្នក​ដែល​មិន​ស្គាល់​ច្បាស់​វាយ​តម្លៃ​ថា​ ជា​មនុស្ស​មិន​ល្អ​ ដោយ​ខ្លួន​ជា​ស្រី​ធ្វើការ​យប់​ ទាំងដែល​នេះ​ជា​អាជីពរបស់បុរស។

មិន​ត្រឹម​តែ​ប៉ុនណោះ​ នាង​ត្រូវ​បាន​អ្នក​សិក្សា​រួម​ជំនាន់​ ឬរៀម​ច្បង​ជំនាន់​មុន​នាងមួយ​ចំនួន​តូច​ ព្យាយាម​បំបាក់​ទឹកចិត្ត​ថែមទៀតផង”។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ អ្វី​ដែល​យើង​បាន​ដឹង​ពី​បច្ចុប្បន្ន​របស់​ ម៉ៃលី​ គឺ​បាន​ក្លាយ​ជា​ Dj លំដាប់​ប្រទេស​ដែល​គ្រប់​គ្នា​តែង​តែ​និយាយ​ពី​ស្នាដៃ​ និង​ ភាព​ខុស​ប្លែក​របស់​គាត់​ថែម​ទៀត។ មិត្តភក្ដិ​របស់​ ម៉ៃលី​ តែង​និយាយ​ថា​ រាល់​ពេល​មិត្តភក្ដិ​នៅ​ក្នុង​ក្រុម​ជួប​បញ្ហា​ដោះ​ស្រាយ​មិន​ចេញ។ ម៉ៃ​លី​តែង​តែ​លើក​ទឹក​ចិត្ត​ និង​រៀបរាប់​ប្រាប់​ប្រវត្តិ​ការ​តស៊ូ​របស់​នាង​ទៅ​អ្នក​នោះ​ ហើយ​តែង​និយាយ​ថា៖ ”ខ្ញុំ​ឈឺចាប់​នឹង​ភាព​បរាជ័យ ទើប​ខ្ញុំ​ជោគជ័យ​ពោរពេញ​ដោយ​មោទនភាព”។

មិត្តភក្ដិ​របស់​ម៉ៃលី​បាន​បន្ត​ថា ”ដោយសារ​ចំណុច​ទាំងនេះ​ហើយ​ ទើប​ម៉ៃលី​ខំប្រឹង​ធ្វើ​ខ្លួន​អោយ​រឹង​មាំ​ និង​តស៊ូ​យក​អ្វី​ដែល​នាង​ប្រាថ្នា​អោយ​បាន។ បច្ចុប្បន្ន ម៉ៃ​លី​បាន​ក្លាយ​ខ្លួន​ International DJ brand name ហើយ​ ក្រោយ​ពី​ ម៉ៃលី​បាន​សម្រេច​នឹង​ជាប់​ឈ្មោះ​ក្នុង​តារាង​កម្មវិធី​ International DJ​ ​ជា​ច្រើន​ ដូចជា៖

  • Pioneer Digital DJ Battle Championship 2014 (Cambodia)

  • Pioneer DJ Finalist Digital Asia Battle (Manila , Philipine)

  • #11 Top 20 Asia DJ 2019 by Asiaedm

  • #97 Top100 DjanemagSEA 2018

ទាំង​នេះ​ជា​សារ​កើន​រំលឹក​ទៅ​ដល់​អ្នក​គ្រប់គ្នា​ បើ​ទោះ​ជា​អ្នក​កំពុង​ជួប​បញ្ហា​យ៉ាងណា​ក្ដី​ក៏​កុំ​បោះ​បង់​ចោល​ក្ដី​ស្រមៃ​ ត្រូវ​ខំ​តស៊ូ​ពុះពារ​ និង​ ប្រយុទ្ធ​ជាមួយ​វា​អោយ​អស់​លទ្ធភាព​ នោះ​ពេល​ចុង​ក្រោយ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ជាទី​គាប់​ប្រសើរ​សម្រាប់​ខ្លួនឯង៕

អត្ថបទ៖ យី សុធារី

មតិយោបល់