• 2020-07-27 03:56:49
  • ជីវិតតារា

ពេជ្រ ចរណៃ ទើប​បង្ហាញ​សមត្ថភាព​ក្រៅ​ឆាក​ និងមហិច្ឆតាដ៏​អស្ចារ្យ​របស់ខ្លួន

  • 2020-07-27 03:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ពេជ្រ ចរណៃ បាន​បង្ហើប​ពី​សមត្ថភាព​ក្រៅ​អាជីព​សិល្បៈ​របស់​ខ្លួន​ដែល​មាន​អ្នក​សិល្បៈ​ខ្មែរ​តិចតួច​ណាស់​អាច​ធ្វើ​បាន​ដូច​នាង។ នោះ​គឺ​ជា​គ្រូ​បង្វឹក​ក្បាច់គុន​ខ្មែរសម្រាប់​ពលទាហាន និង​យុវវ័យ​ខ្មែរ​រាប់​រយ​នាក់។

បច្ចុប្បន្ន ចរណៃ មាន​ភាព​មមាញឹក​ខ្លាំង​ទាំង​ការងារ​សិល្បៈ និង​អាជីព​ជា​គ្រូ​បង្វឹក​ក្បាច់គុន​ល្បុក្កតោ ពោល​គឺ​នាង​ត្រូវ​ចែក​ពេល​ទៅ​បង្ហាត់​ពលរដ្ឋ​ទាហាន នៃ​កងទ័ព​ជើង​គោក​លេខ ង៧០​ផង និង​បង្ហាត់​យុវវ័យ​ជាង​២០០​នាក់ នៅ​ពហុ​កីឡាដ្ឋាន​ស្តាត​ចាស់​ផង ព្រម​ទាំង​ហាត់​បន្ថែម​ខ្លួន​ឯង​នៅ​រាជបណ្ឌិត​សភា​នគរបាល​ជាតិ​កម្ពុជា​ផង។ ភាព​មមាញឹក​នេះ មិន​បាន​ធ្វើ​ឲ្យ​នាង​ធុញទ្រាន់ ឬ​ចុះចាញ់​​ទេ ប៉ុន្តែ​វា​កាន់​តែ​ជំរុញ​ទឹក​ចិត្ត​នាង​ឲ្យ​ធ្វើ​បន្ថែម​ទៀត។

ពេជ្រ ចរណៃ ដែល​មាន​ឈ្មោះ​ពិត​ថា ពេជ្រ កន្និកា នឹង​ក្លាយ​ជា​មន្ត្រី​យោធាដ៏សកម្ម​ម្នាក់​នៅ​ "ង​៧០" បន្ថែម​លើ​អាជីព​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ និង​ជាតារា​សម្ដែង​ខ្សែភាពយន្ត។ ស្រប​ពេល​គ្នា​នោះ ចរណៃ ក៏​នឹង​បើក​កន្លែង​បង្ហាត់​ក្បាច់គុន​ល្បុក្កតោផ្ទាល់​ខ្លួន​មួយ​កន្លែងដែរ​ សម្រាប់​យុវវ័យ៖"និយាយ​ទៅ​បង...ខាង​សិល្បៈ​ខ្ញុំ​ក៏​ចូល​ចិត្ត​ដើរ​តួ​អង្គ​បែប​ស៊ើបអង្កេត វាយតប់ និង​បាញ់​ប្រហារដែរ តែ​អ្នក​ដឹក​ចូល​ចិត្ត​ឲ្យ​ដើរ​ជា​តួ​ឈ្នានីស​គេ ព្រោះមុខខ្ញុំសម"។

តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ រឿង"អាគម​ស្បែក​ដាច" រូប​នេះ បាន​ចូល​ប្រឡូក​ក្នុង​អាជីព​សម្ដែង​ជាង​១០​ឆ្នាំមក​ហើយ ដោយ​មាន​ស្នាដៃ​សម្ដែង​ជា​តួអង្គ​សំខាន់ៗ​ក្នុង​រឿង​សរុប២០​រឿង។ រីឯ​វិស័យ​ក្បាច់គុន​ខ្មែរ​វិញ គឺ​នាង​បានចូល​ហាត់​៦​ឆ្នាំ​ហើយ ទើប​ទើប​ចេញ​បង្ហាត់​ពលទាហាន និង​យុវជន​បាន​២​ឆ្នាំ​ចុង​ក្រោយ​នេះ។ កញ្ញា ពេជ្រចរណៃ ប្រាថ្នា​ចង់បាន​ជោគជ័យ​លើ​អាជីព​បង្ហាត់​ក្បាច់គុនខ្មែរ និង​អាជីព​សិល្បៈ​ឲ្យដើរ​ទន្ទឹម​គ្នាជានិច្ច៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់