• 2020-08-06 02:48:03
  • ព័ត៌មាន

វណ្ណា វត្តី ឆេះ​ដុំ​ទាំង​ព្រឹក ចេញ​មក​ព្រមាន​ធ្ងន់​ៗ ដោយ​ហាម​និយាយ​ប៉ះពាល់​ Hummer របស់​នាង​លើស​ពី​៣ដង

  • 2020-08-06 02:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ កញ្ញា វណ្ណា វត្តី បាន​ឆេះ​ដុំ​ទាំង​ព្រឹក រហូត​ដល់​ថ្នាក់​ចេញ​មុខ​ផ្ញើ​សារ​ព្រមាន​ទៅ​ជន​អនាមិក​ម្នាក់ ដោយ​ធ្វើ​ការ​ហាម​ប្រាម​ជន​នោះ ដាច់​ខាត​មិន​ឲ្យ​និយាយ​ប៉ះពាល់​ដល់​រថយន្ត Hummer សំណព្វ​របស់​នាង។

មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ជន​អនាមិក​បាន​និយាយ​នូវ​ពាក្យ​សំដី​យ៉ាង​ម៉េច​ខ្លះ​អំពី​រថយន្ត​កម្រ​មួយ​នេះ​របស់​តារា​ស្រី។ ប៉ុន្តែ​បើ​តាម​សាមី​ខ្លួន គឺ​រឿង​នេះ​បាន​កើត​មក​ជា​រឿយ​មក​ហើយ។ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​ទ្រាំ​មិន​បាន​ហើយ​ក៏​ចេញ​មក​ព្រមាន​ទាំង​ព្រឹក​តែ​ម្ដង។ វត្តី បាន​សរសេរ​ថា "អ្នក​ណា​ក៍​ដោយ​អោយ​តែ​និយាយ​ប៉ះពាល់​ដល់​ឡាន​ខ្ញុំ ខ្ញុំ​នឹង​គូស​ដាន​ខ្មៅ​សម្រាប់​នាក់​ឯង​មួយ គ្រប់​បី​ដង អ្នក​ឯង​នឹង​ខ្ញុំ​ចាត់​ទុក​ថា​ជា​អ្នក​ដទៃ!”។

តារា​ស្រី​មក​ពី​ខេត្ត​សៀមរាប​បន្ត​សំដៅ​ទៅ​ជន​អនាមិក​ថា រថយន្ត​របស់​នាង​មិន​ថ្មី​ទេ ប៉ុន្តែ​ក៏​មិន​ថា គ្រប់​គ្នា​សុទ្ធ​អាច​ក្លាយ​ជា​ម្ចាស់​វា​នោះ​ទេ ប្រសិន​បើ​លទ្ធភាព​នៅ​ខ្សត់ខ្សោយ​ពេក​នោះ។ នាង​ថ្លែង​ថា "រថយន្ត​ខ្ញុំ​វា​មិន​ថ្មី​ទេ ប៉ុន្តែ​តែ​សួរ​ថា​អ្នក​ឯង​មាន​សមត្ថភាព​ប្រើ​វា​អត់ បញ្ជាក់​ប្រាប់​នាក់​ឯង​អោយ​ច្បាស់​មួយ​ខែ​គ្មាន1000$ សម្រាប់ វា​អ្នក​ឯង​ក៏​មិន​អាច​ក្លាយ​ជា​ម្ចាស់​វា​បាន​ដែរ"។

រថយន្ត​របស់​កញ្ញា វណ្ណា វត្តី គឺ​ម៉ាក់ Hummer ដែល​នាង​បាន​ទិញ​វា​កាល​ពី​ជិត ១០​ឆ្នាំ​មុន តម្លៃ​ជិត ៧ម៉ឺន​ដុល្លារ​អាមេរិក។ ​មកគិត​មក​ដល់ពេល​នេះ វត្តី ប្រាប់​ថា អា​ចង្រិត​មួយ​នេះ គឺ​ជា​សំណព្វ​ចិត្ត​របស់​នាង ព្រោះ​វា​មាន​អនុស្សាវរីយ និង​រួម​សុខ​រួម​ទុក្ខ ព្រម​ទាំង​ជួយ​យឹតយោង​នាង​ជា​ច្រើន​ណាស់។ ដូច្នេះ​ហើយ នាង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់ និយាយ​មិន​ល្អ​ពី​វា​ឡើយ។

"ខ្ញុំ​ទិញ​វា​តាំង​ពី​ខ្ញុំ​នៅ​មាន ក្រោយ​មក ក៏​ធ្លាក់​ខ្លួន​មួយ​សារ វេទនា​ណាស់ ប៉ុន្តែ​បាន​វា​នេះ​ហើយ ជួយ​ខ្ញុំ​រុក​រុល​ចូល​ព្រៃ ទៅ​មើល​ដី ទិញ​ដី គួកជេ​ដី ហើយ​ក៏​ត្រូវ...ក៏​បាន​ងើប​ឡើង​វិញ​មក​ដល់​សព្វ​ថ្ងៃ...និយាយ​ទៅ​មាន​អនុស្សាវរីយ​ជាមួយ​វា​ច្រើន​ណាស់!”។

កញ្ញា វត្តី មិន​សូវ​រវីរវល់​ជាមួយ​សិល្បៈ​ឡើយ ដោយ​នាង​ភាគ​ច្រើន​រវល់​ជាមួយ​នឹង​ការ​រកស៊ី​ទិញ​លក់​ដី និង​មុខ​របរ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ដោយ​ក្នុង​នោះ​គេ​ដឹង​ថា​នាង នាង​មាន​អចលនទ្រព្យ​ច្រើន​កន្លែង​ទាំង​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​ប៉ៃលិន។ អចលនទ្រព្យ​ទាំង​នោះ សុទ្ធ​តែ​ជួល​បន្ត​ឲ្យ​គេ ដែល​អំឡុង​ពេល​កម្ពុជា​ផ្ទុះ​ជំងឺ ខូវីដ១៩ ដំបូង នាង​ធ្លាប់​ទាំង​បាន​ប្រកាស​បញ្ចុះ​តម្លៃ​ជួល​អចលនទ្រព្យ​ទាំង​នោះ ៥០% ដើម្បី​ជួយ​សម្រាល​បន្ទុក​អ្នក​ជួល​បន្ត ក្នុង​ពេល​មាន​វិបត្តិ​ទៀត​ផង។

នៅ​ក្នុង​សកម្មភាព​អាជីវកម្ម​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​នាង​មាន​ជីវភាព​ធូរ​ធារ គឺ​ភាគ​ច្រើន​បំផុត​នាង​ត្រូវ​បាន​ជូន​ដំណើរ​ទៅ​គ្រប់​ច្រក​ល្ហក Hummer មួយ​នេះ។ ដូច្នេះ​ហើយ ក្រៅ​ពី​ព្យាយាម​ការពារ​មិន​អោយ​មាន​នរណា​និយាយ​ប៉ះពាល់ នាង​ក៏​គ្មាន​គម្រោង​លក់​អា​សំណព្វ​មួយ​នេះ​ដែរ។ នាង​ថា នាង​សុខ​ចិត្ត​ទិញ​រថយន្ត​ថ្មី​បន្ថែម​វិញ ប្រសិន​បើ​មាន​តម្រូវ​ការ​ចាំ​បាច់៕

រូបភាព៖ ហ្វេសប៊ុក វត្តី

អត្ថបទ៖ ទារិកា

មតិយោបល់