• 2020-08-06 08:35:49
  • ជីវិតតារា

ឈិន​ មុន្នីនាថ កំពុងលួចហាត់តិចនិកមួយ​​ ដើម្បីឈោងចាប់អាជីពក្នុងក្ដីស្រមៃ

  • 2020-08-06 08:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លាមៗ​ក្រោយ​ពី​តារា​សម្ដែង​ស្រី ឈិន មុន្នីនាថ បង្ហើប​ថា​រូប​នាង​ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ផ្នែក​អាជីវកម្ម ឬ​ជំនួញ​ខ្នាត​ធំ​មួយ​នៅ​ថ្ងៃ​អនាគត ស្រាប់​តែ​ពេល​នេះ​នាង​បាន​ចេញ​មុខ​យ៉ាង​សកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​លក់​ផលិតផល​។

ឈិន មុន្នីនាថ បាន​ប្រាប់ Sabay ក្នុង​ឱកាស​ដែល​នាង​ចូល​រួម​ក្នុង​ពិធី​ក្រុងពាលី​ថត​រឿង​ភាគ​របស់​នាង​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រវាង​ការងារ​រកស៊ី និង​ការងារ​សិល្បៈ គឺ​នាង​ស្រឡាញ់​ការ​ងាររកស៊ី​ច្រើន​ជាង ប៉ុន្តែ​មិន​ទាន់​ដែល​គិត​ថា​នឹង​បោះបង់​អាជីព​សិល្បៈ​ចោល​នៅ​ពេល​ណា​នៅឡើយ​ទេ។ បច្ចុប្បន្ន​នាង​ គ្រាន់​តែតាំងចិត្ដ​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ និង​អស់​ពី​សមត្ថភាព​លើ​អាជីព​សម្ដែង​សិន ហើយសល់ពេលប៉ុណ្ណាចាំទៅបង្កើនសមត្ថភាពរកស៊ី។

មុន្នីនាថ៖"ជំហាន​ដំបូង​នេះ ខ្ញុំ​អត់​ទាន់​ដឹង​ថា​ចាប់​យក​មុខ​ជំនួញ​អី​ទេ តែ​ឥឡូវ​យើង​ចាប់​ផ្ដើម​ពី​ការ​រកស៊ី​តិចតួច​សិន​ដូច​ជា​ការ​លក់​តាម​អន​ឡាញ។ អា...​បទពិសោធន៍​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ខ្ញុំ​អាច​ឈាន​ទៅ​ចាប់​មុខ​ជំនួញ​ធំ​ណាមួយបាន"។

ឈិន មុន្នីនាថ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​អាយុ​៧​ឆ្នាំ​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១១​ឆ្នាំ​ហើយ។ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​នាង​ទើប​តែ​ត្រូវ​បាន​គេឯង​ស្គាល់​ច្រើន​ក្នុង​ឆ្នាំ​២០១៩ តាមរយៈរឿង "អ្នក​ម៉ាក់​វ័យ​ក្មេង" និង​រឿង​អប់រំ​ខ្លី​មួយ​ចំនួន​ទៀត។ ក្នុង​គ្រា​ដែល​នាង​មមាញឹក​ខ្លាំង​ទាំង​ក្នុង​អាជីព​សម្ដែង និង​ការ​រកស៊ី​ជាមួយ​បង​ប្អូននេះ នាង​ក៏​មិន​ភ្លេច​រៀន​សូត្រ​ពី​ល្បិច​រកស៊ី​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ដែរ។

រូបភាព៖ ហ្វេសប៊ុក ឈិន មុន្នីនាថ

បើ​តាម​តារា​សម្ដែង​ស្រី​រូប​នេះ ក្រៅ​ពី​ការងារ​ថត​រឿង​ភាគ និង​ស្ពត​ពាណិជ្ជកម្ម​នាង​បាន​ឆ្លៀត​ពេល​ជួយ​លក់​ផលិតផល​ជាមួយ​បងស្រី​តាម​អន​ឡាញដែរ។ ផលិតផល​ទាំង​នោះ​ត្រូវ​បាន​នាំចូល​ពី​បរទេស និង​ចែក​ចាយ​បន្ត​នៅ​ក្នុង​ស្រុក​ដោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន ជា​ពិសេស​អ្នក​គាំទ្រ​នាង។ មុន្នីនាថ​ថា នាង​នឹង​ស្វែងយល់​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​លើ​ការ​រកស៊ី និង​ជឿជាក់​លើ​ខ្លួន​ឯងសិន ទើប​ចាប់​ផ្ដើម​មុខ​ជំនួញ​មួយ​ក្នុងក្ដី​ស្រមៃនោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់