- 2020-08-06 09:41:09
- ព័ត៌មាន
ត្រេកអរ! រាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើករោងភាពយន្តឡើងវិញហើយ!
- 2020-08-06 09:41:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រេកអរ! រាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើករោងភាពយន្តឡើងវិញហើយ!
ចន្លោះមិនឃើញ
ក្រោយពីមានការបង្ហាញពីការលំបាកខាងផ្នែកសេដ្ឋកិច្ច និងចង់ឲ្យដំណើរការរោងភាពយន្តឡើងវិញពីអ្នកពាក់ព័ន្ធទាំងអស់នោះ ឥឡូវនេះ រាជរដ្ឋាភិបាលបានព្រមព្រៀងជាគោលការណ៍ហើយ ដោយអនុញ្ញាតអោយរោងភាពយន្ត រោងសម្ដែងសិល្បៈដែលមានបំណងបើកឡើងវិញ អាចដំណើរអាជីវកម្ម ក៏ដូចជាសកម្មភាពរបស់ខ្លួនឡើងវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរសៀលនេះ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញរសៀលនេះចុះលេខ ៤២ សជណ បានឲ្យដឹងថា ការអនុញ្ញាតនេះ គឺដើម្បីជួយសម្រាលការលំបាកខាងផ្នែកសេដ្ឋកិច្ច ក៏ដូចជាលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ផលិតករ ម្ចាស់រោងភាពយន្តនានា និងរោងសម្ដែងសិល្បៈទាំងឡាយផង ដែលជួបបញ្ហាខាងផ្នែកសេដ្ឋកិច្ច បណ្ដាលពីការទន្ទ្រានរបស់ ខូវីដ ដែលរាជរដ្ឋាភិបាលបានបង្ខំចិត្តសម្រេចឲ្យផ្អាក ដើម្បីទប់ស្កាត់មេរោគសាហាវអស់មួយរយៈកាលកន្លងមកនេះ។
ដូច្នេះ ឃើញសេចក្ដីជូនដំណឹងនេះហើយ សាធារណជនសូមជ្រាបជាព័ត៌មាន។ ដោយឡែក សិល្បករ ផលិតករ ម្ចាស់អាជីវកម្មរោងភាពយន្ត និងរោងសម្ដែងសិល្បៈនានា ដែលមានបំណងបើកដំណើរការឡើងវិញនូវអាជីវកម្មរបស់ខ្លួន ត្រូវទៅដាក់ពាក្យសុំនៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕