• 2020-08-14 03:52:09
  • ព័ត៌មាន

ណែនាំ​ឲ្យ​ស្គាល់ អ្នក​ជំនាញ​ខាង​ផាត់មុខ​ម្នាក់ ធ្លាប់​ផាត់​ឲ្យ​តារាៗ​​ល្បី​ៗ​រាប់​ភ្លេច

  • 2020-08-14 03:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចង្កោម​អ្នក​សិល្បៈ​ល្បីៗ​មួយ​ចំនួន​ធំ ប្រហែល​ជា ស្គាល់ លោក សួន សុខ​ណា​វិ ហៅ​​​ចែ​ណាវិ​​ត្រួយ​ចេក ​​ច្បាស់​​មិន​​ខាន ត្បិត​អី​អ្នក​ជំនាញ​ផាត់​មុខ​ធ្វើ​​សក់​​​ ដែល​ប្រលូក​អាជីព​​នេះ​ជាង​១៥ឆ្នាំ​ បាន​​ផាត់​មុខ​ធ្វើ​សក់​ឲ្យ​សិល្បករ​រាប់​រយ​នាក់​មក​ហើយ។

លោក សួន សុខណាវិ ផាត់មុខឲ្យតារាចម្រៀង យ៉ែម សំអូន

លោក សួន សុខណា​វិ បច្ចុប្បន្ន​មាន​អាយុ​៤០ឆ្នាំ ជា​កូន​ទី៣ ក្នុង​ចំណោម​បងប្អូន​៥នាក់ ​កំព្រា​ឪពុក ដែល​មាន​ម្ដាយ​ជា​អ្នក​លក់​ចាប់ហួយ។ ដោយសារតែ​ស្ថានភាព​គ្រួសារ​មាន​ជីវភាព​លំបាក លោក​ ណា​វិ បាន​រៀន​បាន​​ត្រឹម​តែ​​ថ្នាក់​ទី១១ ប៉ុណ្ណោះ​ ក៏​សម្រេច​ចិត្ត​មក​ធ្វើ​ការ​នៅ​ភ្នំពេញ​ជា​អ្នក​រត់​តុ។

ជា​អ្នក​​រត់​តុ​ចំណូល​តិច ហើយ​ដោយ​លោក​ជា​មនុស្ស​ចរិត​បែប​ស្រីៗ​ និង​មាន​មិត្តភ័ក្ដិ​មិត្ត​ជា​អ្នក​មាន​ជំនាញ​ខាង​ផាត់​មុខ​ធ្វើ​សក់​ផង​នោះ លោកក៏​​ទៅ​រៀន​ផាត់​មុខ​ធ្វើ​សក់​ជា​មួយ រួច​ក៏​មាន​ឱកាស​ចាប់អាជីព​នេះ​តាំង​ពី​ពេល​នោះ​មក។

សុខណាវិ (រូបស្តាំដៃ)

ដំបូង​ឡើយ ណាវិ មាន​ការ​អៀន​ខ្មាស​ក្នុង​ការ​ចាប់​យក​អាជីព​នេះ ព្រោះ​គិត​ថា​ខ្លួន​ជា​មនុស្ស​ប្រុស ប៉ុន្តែ​ដោយ​ឃើញ​វិស័យ​នេះ មាន​មនុស្ស​ប្រុស​ចរិត​បែប​ស្រីៗដូច​លោក​ច្រើន ហើយ​សុទ្ធតែ​ជា​អ្នក​មាន​សមត្ថភាព ​ក៏សម្រេច​ចិត្ត​ដោយ​មិន​រុញរា​ឡើយ។

ណា​វិ បាន​បន្ត​រៀបរាប់​ឲ្យ​ដឹង​ថា លោក​បាន​​រៀន ​និង​ធ្វើ​ការ​​ជា​មួយ​មិត្តភ័ក្ដិ​បាន​ប្រហែល​​៤ឆ្នាំ ដោយ​ដើរ​ផាត់​មុខ​ធ្វើ​សក់​នៅ​តាម​សម្អាងការ​​គេ និងតាម​ហាង​មិត្តភ័ក្ដិ​ផង។ "ខ្ញុំ​រៀន​ពី​គេ​ទេ ចុះ​តាម​​សម្អាង​ការ កាល​ហ្នឹង​បាន​១ថ្ងៃ​ ៣ម៉ឺន​អី​ហ្នឹង ខ្ញុំ​ធ្វើ​បាន​៤ឆ្នាំ។ នៅ​ឆ្នាំ២០០៦ CTN គេ​រើស​អ្នក​ Makeup ខ្ញុំ​ក៏​​ដាក់​មក​ធ្វើ​នៅ​ទីនោះ ហើយ​ក៏​ចេះ​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដឹក និងអ្នក​សិល្បៈ​ជា​​បន្តបន្ទាប់​ទៅ"។ លោក សួន សុខ​ណា​វិ លើក​ឡើង។

សុខ ណាវិ និង នៅ សុនីតា

អ្នក​ជំនាញ​ផាត់​មុខ​ដែល​តារា​ល្បីៗ​ជា​ច្រើន​ស្គាល់​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​បាន​ក្លាយ​ជា​អ្នក​​ Makeup ​ឲ្យ​ CTN គួប​ផ្សំ​​ខ្លួន​មាន​ទេពកោសល្យ​ផង​​នោះ អ្នក​សិល្បៈ​ដែល​លោក​ផាត់​មុខ​ឲ្យ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​កម្មវិធី​សិល្បៈ​ជា​ច្រើន​ទៀត ចេះ​តែ​រាប់​អាន​គ្នា ហើយ​ការងារ​របស់​លោក​ក៏​កើន​តាម​នោះ​ដែរ។ អ្នក​ផាត់​មុខ​រូប​នេះ បាន​បង្ហើប​ថា បើ​និយាយ​ពី​ចំណូល​វិញ ខ្លួន អាច​ទទួល​បាន​ប្រាក់​ពី​​អាជីព​ចន្លោះ​៨០០ ដុល្លារ ទៅ​ ១ ០០០ ដុល្លារ ក្នុង​មួយ​ខែ។

ក្នុង​អាជីព​នេះ លោក​ថា សិល្បករ​សិល្បៈ​ការិនី​ទាំង​ក្មេង​ទាំង​ចាស់​​ មិន​ក្រោម ​​១ ០០០ នាក់​ឡើយ ដែល​​លោក​បាន​ផាត់​មុខ​ធ្វើ​សក់​​ជូន។ "​និយាយ​រួម​អ្នក​សិល្បៈ​​ស្រុក​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​ហើយ​ ខ្ញុំ​រៀប​រាប់​ឈ្មោះ​អត់​អស់​ទេ តើ​បើ​សួ​​ពួក​គាត់​ថា ស្គាល់ ចែ​ណាវិ​​ត្រួយ​ចេក ឬ​អត់? ប្រហែល​​ពួក​គាត់​ស្គាល់"។ លោក ណាវិ ថ្លែង​បញ្ជាក់ ។

​លោក សួន សុខណា​វិ គិត​ថា អាជីព​ដែល​ខ្លួន​ធ្វើ​រាល់​ថ្ងៃ​នេះ គឺ​ជា​អាជីព​មួយ​ដែល​ស្រួល​​រក​ប្រាក់​ខ្លាំង​ណាស់ ប្រសិន​បើ​ចេះ​ឲ្យ​ប្រាកដ មាន​ការ​តាំង​ចិត្ត​ខ្ពស់ ត្បិត​អី​ការងារ​នោះ​មិន​ប្រើ​កម្លាំង​ច្រើន ធ្វើ​ការ​​នៅ​កន្លែង​ត្រជាក់​ទៀត ហើយ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត វា​គឺ​ជា​ជម្រើស​សមស្រប​មួយ​សម្រាប់​លោក៕

អត្ថបទ៖ ទារិកា

មតិយោបល់