• 2020-08-14 07:33:03
  • ព័ត៌មាន

បើ​តាម​ព័ត៌មាន កុងត្រា វង្ស ថាណាន់ និង Galaxy អាច​ជា​កុងត្រា​វែង​ជាង​គេ​បំផុត​ហើយ!

  • 2020-08-14 07:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​ឆ្លង​កាត់​ជីវិត​តស៊ូ​ជោគ​ជាំ វង្ស ថាណាន់ បាន​បង្ហាញ​ខ្លួន​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម Galaxy Navatra កាល​ពី​ចុង​ខែ​កក្កដា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ព្រម​ជាមួយ​ដំណឹង​លេច​ចេញ​មក​ថា លោក​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​មួយ​នេះ ក្នុង​រយៈ​ពេល​មួយ​ដ៏​យូរ។

វង្ស ថាណាន់ បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​បទ​ចម្រៀង​ទី​១​របស់​ខ្លួន​នៅ​ក្នុង​ផលិតកម្ម Galaxy កាល​ពី​ថ្ងៃ​ទី២៨ កក្កដា ២០២០ មាន​ចំណង​ជើង "ស្នេហ៍​ក្រៅ​ផ្លូវ​ការ" ខណៈ​ពេល​នោះ មិន​មាន​ដំណឹង​អំពី​កុងត្រា​រវាង​ភាគី​តារា​ចម្រៀង និង​ផលិតកម្ម​ត្រូវ​បាន​បង្ហើប​ឡើង​ឡើយ។ ប៉ុន្តែ​ក្រោយ​មក​ប៉ុន្មាន​ថ្ងៃ ក៏​មាន​ប្រភព​ជិត​ស្និទ្ធ​តារា​ចម្រៀង​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា ថាណាន់ បាន​ចុះ​កុងត្រា​រយៈ​ពេល​មួយ​ដ៏​យូរ​កម្រ​ប្រទះ ពោល​គឺ​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ។

“អូហ៍ ថា​ណាន់ លឺ​ថា ចុង​កុងត្រា​ជាមួយ Galaxy ហ្នឹង​វែង​ណាស់​ណា​បង គឺ​ដល់​ទៅ ១០​ឆ្នាំ​ឯណោះ...មិន​ដឹង​ថា​ម៉េច​ទេ តែ​កុងត្រា​នេះ តាម​មើល​ដូច​ជា​វែង​ជាង​គេ​ជាង​ឯ​ហើយ!”។ ប្រភព​ថ្លែង។

ការ​ធ្វើ​កិច្ចសន្យាការងារ ឬ​កុងត្រា​ជាមួយ​គ្នា​រវាង​តារា​ចម្រៀង និង​ផលិតកម្ម គឺ​ជា​រឿង​ទូទៅ ដើម្បី​ភាព​ច្បាស់​លាស់​រៀង​ខ្លួន​លើ​ការងារ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ភាគី​ទាំង​ពីរ។ ប៉ុន្តែ​តារា​ចម្រៀង​ខ្លះ​ក៏​មិន​បាន​ចុះ​កុងត្រា​ដែរ ដូច​ករណី​លោក ព្រាប សុវត្ថិ ធ្លាប់​មាន​ព័ត៌មាន​ថា ត្បិត​ថា​លោក​ច្រៀង​ឲ្យ​ហង្សមាស​២ទសវត្សរ៍​ហើយ​​ក៏​ពិត​មែន​ប៉ុន្តែ​លោក​មិន​ដែល​មាន​កុងត្រា​ជាមួយ​គ្នា​នោះ​ទេ។

ចំពោះ​ការ​ចុះ​កុងត្រា​ការងារ​នេះ​ដដែល បើ​តាម​ព័ត៌មាន​កន្លង​ដោយ​ទាញ​ចេញ​ពី​កុងត្រា​របស់​តារា​ចម្រៀង​ផ្សេង​ៗ គឺ​ពួក​គេ​រមែង​ចុះ​កុងត្រា​ជាមួយ​គ្នា ៥​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ប្រសិន​បើ​អ្វី​ដែល​ប្រភព​ជិតស្និទ្ធ​របស់​តារា​ចម្រៀង​បង្ហើប​គឺ​ជា​ការ​ពិត​មែន នេះ​អាច​កុងត្រា​ការងារ​វែង​ជាង​គេ​បង្អស់​នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​របស់​កម្ពុជា។ ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន វង្ស ថាណាន់ មិន​បាន​ឆ្លើយ​តប​ឡើយ។

តាម​រយៈ​សារ​អេឡិចត្រូនិក ថាណាន់ ថ្លែង​ថា "រឿង​ហ្នឹង​សុំ​លាក់​សិន​ណា​បង គ្រាន់​តែ​អាច​ប្រាប់​បាន​ថា ជា​រយៈ​ពេល​មួយ​យូរ!"។ បន្ត​មក​ទៀត ជា​ជំនួស​ការ​ឆ្លើយ​ត្រង់​ៗ​ពី​រឿង​រយៈ ពេល​កុងត្រា តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាមថ្លែង​ថា កុងត្រា​ប៉ុន្មាន​ឆ្នាំ មិន​មែន​ជា​រឿង​សំខាន់ ការ​ដែល​សំខាន់ គឺ​ពេល​នេះ លោក​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​របស់ Galaxy ហើយ​នេះ ជា​រឿង​ដែល​លោក​រីករាយ​បំផុត ព្រោះ​មិន​នឹកស្មាន​ពី​មុន​មក​ឡើយ​ថា លោក​អាច​មាន​រឿង​ល្អ​បែប​នេះ​ដូច​ជា​ពេល​នេះ។ "ខ្ញុំ​គិត​ថា​ផលិតកម្មgalaxyគឺ​ជា​ទ្រនំ​ដ៏​កក់​ក្តៅ​របស់​ខ្ញុំ​ហើយ​បង” ថាណាន់ ថ្លែង។

ចំពោះ​បញ្ហា​នេះ​ដដែល លោក យឹម តាស្រង់ ប្រធាន​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra ក៏​មិន​បាន​ឆ្លើយ​តប​ដែរ ដោយ​លោក​លើក​ឡើង​ថា នេះ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​និយាយ។ "យូរ...ប៉ុន្តែ​ទៅ​និយាយ​រឿង​ហ្នឹង​ធ្វើ​អី ខ្ញុំ​សុំ​មិន​ឆ្លើយ​ថា គ្រាន់​តែ​ថា​យូរ​ៗ​ចឹង​ទៅ!”។

ដូច​បាន​បញ្ជាក់​ពី​ខាង​លើ​តារា​ចម្រៀង​ប្រុស​ដែល​ល្បី​ថា​មាន​ប្រវត្តិ​កម្សត់​កម្រ​ខ្លាំង​នោះ បាន​បង្ហាញ​ខ្លួន​ក្នុង​ផលិតកម្ម​ខាង​លើ​ជាមួយ​បទ​ចម្រៀង​ទី​១​តែ​ម្ដង ហើយ​មក​ដល់​បច្ចុប្បន្ន​លោក​បាន​ចេញ​បទ​ចម្រៀង​បាន​ចំនួន ៣បទ​ហើយ ហើយ​លោក​ថា នៅ​មាន​ច្រើន​បទ​ទៀត​នឹង​ត្រូវ​បន្តបន្ទាប់​ឆាប់​ៗ​នេះ។ ៕

អត្ថបទ៖ ទារិកា

មតិយោបល់