• 2020-08-26 03:00:37
  • ចម្រៀង

ចាប់ដៃ​គ្នា​ភ្លាម ព្រាប សុវត្ថិ និងGalaxy Navatra រន្ថើន​ចង់​វាយលុក​ទីផ្សារ​ចម្រៀង​ជាមួយ​អាស៊ាន

  • 2020-08-26 03:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លំដាប់​កំពូល​របស់​កម្ពុជា​លោក ព្រាប សុវត្ថិ និង​ម្ចាស់​ផលិតកម្ម Galaxy Navatra ប្រកាស​ជំហរ​ដូច​លើ​ការ​ប្រកួតប្រជែង​ផ្នែក​ទីផ្សារ​ចម្រៀង​ទាំង​នៅ​ក្នុង​ស្រុក និង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​ទទួល​យក​លោក​ព្រាប សុវត្ថិ ធ្វើ​ជា​ដៃគូ​សហការ​ជា​ផ្លូវការ​ក្នុងគ្រួសារ Galaxy កាល​ពី​យប់​មិញ។

ថ្លែង​ទៅ​កាន់​សិល្បករ-សិល្ប​ការិនី និង​ភ្ញៀវកិត្តិយស​ជាតិ​ជា​ច្រើន​នាក់​នៅ​សណ្ឋាគារ Gaden City ខណ្ឌ​ព្រែកព្នៅ លោក ព្រាប សុវត្ថិ ថា​លោក​មាន​បទ​ពិសោធន៍​ជាង​១៥​ឆ្នាំ​លើ​វិស័យ​បទ​ចម្រៀង​ជាមួយ​តារា​ចម្រៀង​ល្បីៗ​ពី​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ដូច្នេះ​លោក​ជឿ​ថា នៅ​ថ្ងៃ​អនាគត Galaxy នឹង​ពង្រីក​មុខមាត់​របស់​ខ្លួន​ក្នុង​នាម​សិល្បៈ​ចម្រៀង​កម្ពុជា​ទៅ​កាន់​ប្រទេស​ទាំង​នោះ ព្រោះ​បច្ចុប្បន្ន​ផលិតកម្ម​មាន​ទាំង​សមត្ថភាព និង​លទ្ធភាព។

លើកឡើងស្រដៀងគ្នានេះដែរ លោកឧកញ៉ា​វ័យក្មេង ឡេង ណាវាត្រា ដែល​ជា​ម្ចាស់​ផលិតកម្ម​ Galaxy Navatra ហើយ​កំពុង​មាន​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ​នោះ និយាយ​ថា រូបលោក និង​តារា​ចម្រៀង​ព្រាប សុវត្ថិ មាន​បេះដូង​ស្រឡាញ់​សិល្បៈ​ដូចគ្នា ជាពិសេស​ផ្នែក​ចម្រៀង។ ដូច្នេះ​លោក​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ពី​២០ ទៅ​៣០% នៃ​ចំណូល​សរុប​របស់​លោក​ទៅលើ​វិស័យ​ចម្រៀង ដែលជាក្ដីប្រាថ្នារបស់លោកជាយូរមកហើយនោះ។

ទោះជា​យ៉ាង​ណា លោក​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា ផលិតកម្ម​ Galaxy Navatra នឹង​ផ្ដល់​ចំណូល​ដល់​កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ យ៉ាង​ក្រាស់ក្រែល ពោល​គឺ​ក្នុង​មួយឆ្នាំ​៣០​ម៉ឺន​ដុល្លារ និង​ប្រាក់​ខែ​៨០០០ដុល្លារ ព្រមទាំង​ប្រាក់​ចេញ​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ​ជិត​១០០០​ដុល្លារ​ក្នុង​១​លើក។

លោក​ឧកញ៉ា មិន​បាន​បញ្ជាក់​ពី​ចំណូល​ពិតប្រាកដ​ដែល លោក ព្រាប សុវត្ថិ ត្រូវទទួល​បាន​នោះ​ទេ ប៉ុន្តែថា​អ្នក​ទាំង​ពី​បាន​ចាប់​ដៃ​គ្នា​ដោយស្ម័គចិត្ដ និង​មាន​បេះដូង​ស្រឡាញ់​សិល្បៈ​ដូច​គ្នា ហើយ​រួម​គ្នា​ក្នុង​នាម​ជា​គ្រួសារ​តែ​មួយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់