• 2020-09-03 03:40:11
  • ព័ត៌មាន

៦រឿង កើត​ឡើង​ព្រម​គ្នា​ពេក​ក្នុង​ឆ្នាំ ២០២០ ដែល​មិន​ធ្លាប់​មាន​សោះ​ក្នុង​សង្គម​សិល្បៈ

  • 2020-09-03 03:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មក​ដល់​ឆ្នាំ ២០២០ គឺ​ជា​ឆ្នាំ​ដែល​ពិភព​លោក​មាន​ការ​ផ្លាស់​ប្ដូរ និង​ជួប​រឿង​រ៉ាវ​មិន​ល្អ​ជា​ច្រើន។ ងាក​មក​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​វិញ ក៏​ដូច​គ្នា ក៏​មាន​រឿង​មិន​តិច​ដែរ ដែល​ក្នុង​នោះ គេ​បាន​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​របស់​តារា​ល្បី​ៗ​ជួរ​មុខ​របស់​កម្ពុជា ដែល​កើត​មាន​ព្រម​ៗ​ក្នុង​ឆ្នាំ ២០២០ នេះ។

នេះ​និយាយ​ដល់​ការ​ផ្លាស់​ប្ដូរ​ទ្រនំ​របស់​តារា​ចម្រៀង​ល្បី​ៗ និង​ការ​ផ្លាស់​ប្ដូរ​ការងារ​របស់​បុគ្គល​មួយ​ខ្លះ​ទៀត ដែល​អ្នក​ទាំង​នោះ ប្រិយមិត្ត​នឹង​ទៅ​ដល់៖

១.ព្រាប សុវត្ថិ៖ លោក ព្រាប សុវត្ថិ បាន​ចាក​ចេញ​ពី​ហង្សមាស មក​ចូល​រួម​ជាមួយ Galaxy Navatraផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ២៥ សីហា ដោយ​មាន​ទាំង​កម្មវិធី​ជប់​លៀង​ទទួល​យ៉ាង​អធិកអធម​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ផ្លាស់​ប្ដូរ​ទ្រនំ​របស់​តារា​ចម្រៀង​នានា ក្នុង​រង្វង់​ជាង ២ទសវត្សរ៍​មក​នេះ។ ការ​ផ្លាស់​ប្ដូរ​នេះ បាន​កើត​ឡើង​តក់​ក្រហល់ និង​គ្មាន​នរណា​នឹក​ស្មាន​ដល់​ឡើយ​ថា ព្រាប សុវត្ថិ បាន​ចេញ​ពី​ហង្សមាស​ទ្រនំ​ធំ​នៅ​ក្នុង​ស្រុក កន្លែង​ដែល​រួម​រស់​ជាមួយ​គ្នា​ជាង ២ទសវត្សរ៍។

យ៉ាង​ណា នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​កាល​ពី​អំឡុង​ឆ្នាំ ២០១៧ ប្រិយមិត្ត​អាច​នឹង​ដឹង​ថា លោក ព្រាប សុវត្ថិ ទំនង​ជា​ចង់​ចេញ​យូរ​ហើយ ដែល​កាលណោះ ធ្លាប់​មាន​ចចាមអារ៉ាម​ថា លោក​ប្រុង​ចូល​ទៅ​ផលិតកម្ម​ថោន។ ប៉ុន្តែ​អ្វី​ៗ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ ក្រោយ​ព័ត៌មាន​បាន​បែក​ខ្ចរខ្ចាយ។ ចំពោះ​ការ​ចាកចេញ​នេះ សាមី​ខ្លួន បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​ជប់​លៀង​ថា លោក​ចង់​រក​ពិសោធន៍​ថ្មី និង​ចង់​សម្រេច​ក្ដី​ស្រមៃ​លោក​ខ្លះ​ទៀត ក្រោយ​ពី​សម្រេច​ជោគជ័យ​ជា​ច្រើន​ជាមួយ​ហង្សមាស។

២.មាស សុខ​សោភា៖ សោភា ក៏​បាន​ចាកចេញ​ពី​ផលិតកម្ម ថោន ទាំង​មិន​នឹកស្មាន​ដល់​ដែរ ក្រោយ​រួមរស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជិត ១០​ឆ្នាំ។ ការ​ចាក​ចេញ​នេះ បាន​កើត​ឡើង ក្រោយ​ពី​តារា​ចម្រៀង​ស្រី បាន​ព្រលយ​ជា​រឿយ​ៗ​រួច​មក​ហើយ ហើយ​ចុង​ក្រោយ​បំផុត​នៅ​ដើម​ខែ​មិថុនា នាង​ក៏​ប្រកាស​ថា នាង​សម្រេច​ចិត្ត​ចាកចេញ​ពី​ថោន​ហើយ។ មាន​រឿង​ចម្រូង​ខ្លះ​ៗ ចំពោះ​ការ​ចាកចេញ​របស់ សោភា ដែល​សាមី​ខ្លួន និង​ផលិតកម្ម​បាន​បក​ស្រាយ​យក​ត្រូវ​រៀង​ខ្លួន។

ខុស​ពី ព្រាប សុវត្ថិ បន្តិច មាស សុខសោភា ចាក​ចេញ មិន​ទាន់​បាន​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ថ្មី​ណា​ឡើយ ប៉ុន្តែ​នាង​បាន និង​កំពុង​ស្ថិត​នៅ​ជំហរ​ឯករាជ្យ ធ្វើ​បទ​ចម្រៀង​ចេញ​ខ្លួន​ឯង ក្នុង​ផលិតកម្ម Camtrax របស់​នាង។

៣.ខេម៖ គឺ​ជា​តារា​ចម្រៀង​ទី ២ បាន​បាន​ចាក​ចេញពី​ផលិតកម្ម​ថោន បន្ទាប់​ពី មាស សុខ​សោភា។ លោក​ត្រូវ​បាន​លេច​មុខ​ជ្រងោ​ក្នុង​ផលិតកម្ម Galaxy Navatra កាល​ពី​ដើម​ខែ​កក្កដា ដោយ​បង្ហាញ​មុខ​ភ្លាម ក៏​ចេញ​បទ​ចម្រៀង​ភ្លែត​តែ​ម្ដង។ នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទ្រនំ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ ហាក់​មាន​ភាព​ក្ដៅ​គគុក​ខ្លាំង​បើ​ធៀប​នឹង សោភា លោក ព្រាប សុវត្ថិ ត្បិត​ថា នៅ​មុន​នេះ មាន​រឿង​ចម្រូងចម្រាស​ខ្លាំង​រវាង​លោក និង​ផលិតកម្ម។

រឿង​នោះ គឺ​ផលិតកម្ម​បាន​លើក​ឡើង​ថា ខេម បាន​បំពាន​កិច្ចសន្យា ដោយ​បាន​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ថ្មី​ទាំង​ដែល​កិច្ចសន្យា​ការងារ​របស់​ខ្លួន​នៅ​កន្លែង​ចាស់​នៅ​មាន​សុពលភាព​នៅ​ឡើយ។ ប៉ុន្តែ​ខេម អះអាង​ថា កិច្ច​សន្យា​នោះ​បាន​បញ្ចប់​ហើយ ហើយ​លោក​ក៏​បាន​ដាក់​ពាក្យ​ឈប់​ត្រឹម​ត្រូវ​ដែរ។ មិន​ត្រឹម​តែ​អះអាង​ពី​ភាព​ត្រឹមត្រូវ​រៀង​ខ្លួន ភាគី​ទាំង​ពីរ ពិសេស​ខាង​តារា​ចម្រៀង នៅ​បាន​បើក​កកាយ​រឿង​រ៉ាវ​ឈឺចាប់​របស់​ខ្លួន​ជា​ច្រើន​នៅ​ក្នុង​ផលិតកម្ម​ថោន​ថែម​ទៀត។

ចំណុច​ខ្លះ​នៃ​ការ​បើក​កកាយ​របស់​ភាគី​តារា​ចម្រៀង ផលិតកម្ម​ក៏​បាន​ប្រតិកម្ម និង​កោះហៅ​តារា​ចម្រៀង​ទៅ​បក​ស្រាយ។ ពេល​នោះ គេ​មើល​ឃើញ​ថា រឿង​រ៉ាវ​ភាគី​ទាំង​ពីរ ពិត​មិន​ចប់​ដោយ​ងាយ​ឡើយ ដោយ​សារ​តែ​ភាគី​ប្រកាន់​ជំហរ​រៀង​ខ្លួន ក្នុង​នោះ ខេម ថែម​ទាំង​បាន​បោះ​សំដី​ថា សុខ​ចិត្ត​បាត់​បង់​អាជីព​ចម្រៀង ក៏​មិន​បន្ទន់​ឥរិយាបថ​ដែរ។ ប៉ុន្តែ​អ្វី​ៗ ក៏​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​មក​ដល់​បច្ចុប្បន្ន ក្រោយ​មាន​ភាគី​ទី​៣​បាន​ចូល​សម្រប​សម្រួល។

៤.យូរី៖ ម្ចាស់​បទ "ចាក់​ទឹក​ដូង" បច្ចុប្បន្ន​បាន​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ផលិតកម្ម​សាន់ដេ​ហើយ ក្រោយ​ពី​នាង​បាន​ចាក​ចូល​ចេញ​ពី​ផលិតកម្ម​រ៉ក់ មក​ចូល​រួម​ធ្វើ​ការ​ជាមួយ​គ្នា​មក។ គិត​មក​បច្ចុប្បន្ន មាន​រយៈ​ពេល ជិត ១០​ឆ្នាំ​ហើយ ដែល​នាង​បាន​រួម​រស់​ជាមួយ​សាន់ដេ ដល់​បន្សល់​រឿង​រ៉ាវ​ល្អ​ៗ​មួយ​ចំនួន។ យ៉ាង​ណា ដូច មាស សុខសោភា ដែរ យូរី មិន​ទាន់​ចូល​ទៅ​ផលិតកម្ម​ណា​មួយ​ឡើយ ពោល​គឺ​នាង​នៅ​ជំហរ​ឯករាជ្យ ផលិត​បទ​ចម្រៀង​ចេញ​ខ្លួន​ឯង​ដូច​រៀម​ច្បង​ដែរ។

យូរី បញ្ជាក់​ថា នាង​នឹង​មិន​នៅ​ឯករាជ្យ​រហូត​ទេ ពោល​គឺ​នឹង​ចូល​ទៅ​ផលិតកម្ម​ថ្មី​ណា​មួយ ប៉ុន្តែ​ពេល​នេះ នាង​គ្រាន់​តែ​សម្រាក​ខ្លួន​បន្តិច​សិន​ប៉ុណ្ណោះ។ បន្ទាប់​ចប់​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ចាស់ យូរី ទើប​ចេញ​បទ​ចម្រៀង​ថ្មី​១​បទ​កាល​ពី​ចុង​សប្ដាហ៍​មុន។ បទ​នោះ​មាន​ចំណង​ជើង​ថា "Big Boy” ដែល​ប្រិយមិត្ត​ជា​ច្រើន​សរសើរ​ថា ឡូយ​មិន​ចាញ់​វីដេអូ​ចម្រៀង​បរទេស​ឡើយ។

៥.លោក ខ្យង៖ ខុស​ពី​តារា​ចម្រៀង​ទាំង​ប៉ុន្មាន​ខាង​លើ លោក គង់ សុគន្ធា ហៅ "ខ្យង" ត្រូវ​ជា​ស្វាមី​របស់​អ្នក​នាង សុខ ច័ន្ទធីតា ហៅ​កាតុ បាន​ជួប​រឿង​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​ដែល​មនុស្ស​ភាគ​ច្រើន​ហៅ​ថា​ជា​ឆ្នាំ គ្រោះ​ចង្រៃ​នេះ។ លោក ខ្យង ដែល​មាន​ជំនាញ​ជា​អ្នក​វាយ​ស្គរ  បាន​ជួប​លាភ​ធំ​ដោយ​លោក​ត្រូវ​បាន​តែង​តាំង​ជា​នាយក​គ្រប់​គ្រង​ផលិតកម្ម​ Top Music ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Town Group។

នៅ​មុន​ការ​តែង​តាំង​តួនាទី​ថ្មី លោក គង់ សុគន្ធា ហៅ ខ្យង គឺ​ជា Producer នៅ​ស្ថានីយ​ទូរទស្សន៍​ថោន​ស្រាប់។ សាមី​ខ្លួន​បញ្ជាក់​ថា លោក​រីករាយ​ចំពោះ​ការ​ផ្ដល់​ឲ្យ​នេះ​ពី​ថ្នាក់​ដឹកនាំ Town Group ដូច្នេះ​លោក​នឹង​ប្រឹងប្រែង​ដឹកនាំ​ផលិតកម្ម​មួយ​េនះ​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​ជា​ទី​ពេញ​និយម​របស់​ប្រិយមិត្ត។

៦.តែ ស៊ុន​សុដាលីកា៖ ប្រិយមិត្ត​អាច​គិត​មិន​ដល់ អំពី​រឿង​រ៉ាវ​របស់​ស្រី​ស្អាត តែ ស៊ុនសុដាលីកា ហៅ លីកាសមាជិក​ក្រុម​រាំ OMG ។ យុវតី​ដ៏​ស្រស់​ស្អាត ក៏​បាន​ជួប​ការ​ផ្លាស់​ប្ដូរ​ដែរ ដែល​ក្នុង​នោះ​សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​នឹក​ស្មាន។ លីកា ដែល​ចូល​ចិត្ត​សិល្បៈ Kpop បាន​រងការ​បៀតបៀន​ដោយ​ជំងឺ នៅ​ក្នុង​ត្រង់​ឆ្អឹង​ខ្នង​ធ្ងន់ធ្ងរ។

នាង​មិន​អាច​កម្រើក​បាន រហូត​ដល់​ក្រុម​គ្រួសារ​នាំ​ទៅ​មន្ទីរ​ទទួល​យក​ការ​វះកាត់។ មក​ទល់​បច្ចុប្បន្ន​អាការ​របស់​នាង​ប្រសើរ​ច្រើន ប៉ុន្តែ​មិន​គ្រប់​គ្រាន់​ឲ្យ​នាង​វិល​មក​រាំ​ពុតពេន​តាម​និស្ស័យ​របស់​នាង​បាន​ទៀត​ឡើយ។ ចុង​ក្រោយ លីកា បាន​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ក្រុម OMG របស់​នាង ហើយ​មេ​ក្រុម​នៃ​ក្រុម​នេះ ក៏​បាន​ប្រកាស​ជា​សាធារណៈ​ដែរ ហើយ​ថា នោះ​គឺ​ជា​ការ​ចង់​បាន​របស់​ក្រុម​គ្រួសារ​របស់ លីកា ព្រោះ​ស្ថានភាព​របស់​នាង​មិន​អាច​បន្ត​រាំ​ទៀត​បាន៕

អត្ថបទ៖ ទារិកា

មតិយោបល់