• 2020-09-03 14:25:20
  • ព័ត៌មាន

Best of the Best ដែលល្បីខ្លាំងប្រមាណ១០ឆ្នាំមុន លេចឮថាហង្សមាសនឹងធ្វើឡើងវិញ!

  • 2020-09-03 14:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តរបស់ហង្សមាសប្រាកដជានៅចាំប្រព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំរបស់ផលិតកម្មនេះកាលពីប្រមាណ១០ឆ្នាំមុនគឺ “Best of the Best” ដែលបន្ទាប់ពីបាត់មុខជិត១ទសវត្សរ៍នោះឥឡូវនេះមានដំណឹងចចាមអារ៉ាមថាហង្សមាសទំនងជានឹងរៀបចំកម្មវិធីត្រូវចិត្តយុវវ័យមួយនេះឡើងវិញ។

ប្រភពម្នាក់ដែលស្ថិតក្នុងចង្កោមមនុស្សដែលមានទំនាក់ទំនងនឹងក្រុមបុគ្គលសំខាន់ៗរបស់ហង្សមាសបានបង្ហើបពីរឿងនេះ។ ប្រភពមិនបញ្ចេញឈ្មោះប្រាប់ថាផលិតកម្មធំជាងគេនៅក្នុងស្រុកមួយនេះចង់ធ្វើកម្មវិធីដ៏ល្បីខាងលើវិញព្រោះតាមការស្ទង់មតិពីក្រុមអ្នកគាំទ្រដែលបានធ្វើក្នុងលក្ខខណ្ឌមិនបើកចំហមួយបានរកឃើញថាមានប្រមាណ90%ចង់ឃើញការវិលត្រឡប់របស់កម្មវិធីខាងលើវិញ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា "Best of the Best" បានប្រារព្ធដំបូងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដែលវាបានក្លាយជាការកន្លែងប្រមូលផ្ដុំតារាជួរមុខរបស់ហង្សមាសលើឆាកតន្ត្រីប្រចាំឆ្នាំហើយក៏បានក្លាយជាការប្រគំតន្រ្តីលំដាប់កំពូលបំផុតប្រចាំប្រទេសនាពេលនោះដោយសារតែវាបានប្រមូលការគាំទ្រខ្លាំងពីយុវវ័យលើសពីការស្មាន។

ប៉ុន្តែយ៉ាងណាកម្មវិធីដ៏ពេញនិយមរបស់យុវវ័យមួយនេះកាលពីសម័យនោះបានផ្អាកសកម្មភាពរបស់ខ្លួនទៅវិញនៅអំឡុងឆ្នាំ២០១៣-២០១៤ ដោយមិនមានមូលហេតុច្បាស់លាស់ណាមួយត្រូវបានទម្លាយឡើយ។ ស្ដាយនូវស្នាដៃក៏ដូចជាសមិទ្ធផលរបស់ខ្លួនដែលគ្មានប្រដូចនេះពីអតីតកាលទើបហង្សមាសចង់រៀបចំកម្លាំងធ្វើវាឡើងវិញ។ហេតុផលមួយផ្សេងទៀតគឺថាហង្សមាសបច្ចុប្បន្នកាន់តែខុសឆ្ងាយពីហង្សមាសពីពេលជិត១០ឆ្នាំមុន។

ប្រភពលើកឡើងថាកាលពីអតីតកាលផលិតកម្មធំមួយនេះមានតារាជួរមុខតែប៉ុន្មានដួងប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នហង្សមាសមានតារាជួរមុខជាច្រើនពិសេសគឺមានតារាចម្រៀងវ័យក្មេងនិងមានសក្ដានុពលជាច្រើនសុទ្ធសឹងជាបេក្ខភាពមានសមត្ថភាពខ្ពស់ចម្រាញ់ចេញកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកជាច្រើនដូចជាThe Voice Cambodia The Voice Kid Cambodia, The Cambodian idol,...។

ពួកគេទាំងអស់សុទ្ធតែមានសក្ដានុពលស្រូបទាញយុវវ័យ។ដូច្នេះហើយគេជឿថាពិតជាសាកសមបំផុតដែលហង្សមាសចាំបាច់ត្រូវតែចំណាយកម្លាំងហៅ “Best of the Best”ដ៏ល្បីពីអតីតកាលឲ្យត្រឡប់មកវិញសារជាថ្មីហើយគេជឿថាដំណឹងនេះទំនងមិនមែនជាការស្រមៃឡើយ។

យ៉ាងណាក៏ដោយគិតត្រឹមរសៀលថ្ងៃទី៣ កញ្ញា Sabay មិនទាន់អាចទំនាក់ទំនងខាងហង្សមាសដើម្បីសុំការអធិប្បាយលម្អិតចំពោះរឿងរ៉ាវខាងលើនៅឡើយ។

ឥឡូវងាកមកសួរប្រិយមិត្តវិញយោងលើហេតុផលទាំងប៉ុន្មានខាងលើគិតថា "Best of the Best” នឹងត្រឡប់មកវិញដូចការបែកធ្លាយនេះរួចឬមិនរួច?

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់