• 2020-09-11 03:21:04
  • ព័ត៌មាន

ចេញ​សាច់​រឿង​ពិត អ្នកដឹកនាំ​សម្ដែង​ម្នាក់​​ត្រូវ​សង្សារ​សុំ​បែក អន់ចិត្ត​ដល់​ថ្នាក់​កោរ​សក់​អស់​ពី​ក្បាល

  • 2020-09-11 03:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាប សុវណ្ណារ័ត្ន ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ដឹកនាំ​សម្ដែង​ម្នាក់​នៅ​ផលិតកម្ម ថោន បាន​កោរ​សក់​អស់​ពី​ក្បាល​បង្ក​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​លោក​ជួប​រឿង​រ៉ាវ​ខក​ស្នេហ៍​ទាំង​មិន​នឹក​ស្មាន ហើយ​ឥឡូវ​នេះ​ធ្លាយ​ចេញ​សាច់​រឿង​ពិត​ហើយ។

លោក ចាប សុវណ្ណា​រ័ត្ន ដើម​ឡើយ​មាន​មនុស្ស​ស្គាល់​តិច​តួច បើ​ទោះ​លោក​ជា​មនុស្ស​សំខាន់​នៅ​ពី​ក្រោយ​ភាព​ល្បី​ល្បាញ​របស់​តារា​ចម្រៀង តារា​សម្ដែង​មួយ​រូប​ក្ដី ប៉ុន្តែ​ក៏​ផ្លាស់​មក​មាន​ចាប់​អារម្មណ៍​ច្រើន ក្រោយ​ពី​ធ្លាយ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន ពិសេស​នោះ ខណៈ​គេ​ដឹង​ថា លោក​គឺ​ជា​អ្នក​ដឹកនាំ​បទ "ជាង​កាត់​សក់​ខក​ស្នេហ៍" ផ្ទាល់ ហើយ​ចុង​ក្រោយ​ភ្លាត់​ខក​ស្នេហ៍​ខ្លួន​ឯង​ទៅ​វិញ។

ចំពោះ​រឿង​ដែល​កើត​ឡើង​នេះ សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះ​តែ​លោក ត្រូវ​សង្សារ​ដែល​ស្រឡាញ់​​ជាង ៦ឆ្នាំ​មក​ហើយ សុំ​ចែក​ផ្លូវ​គ្នា។ សុវណ្ណារ័ត្ន បាន​រៀបរាប់​ថា ដើម​ឡើយ​លោក​បាន​មាន​ទំនាក់ទំនង​នឹង​នារី​ម្នាក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​កន្លង​មក​មិន​ដែល​មាន​រឿង​រ៉ាវ​ធំ​ដុំ​នឹង​គ្នា​ឡើយ ប៉ុន្តែ​រឿង​តិចតួច​មិន​មែន​អត់​នោះ​ទេ។ យ៉ាង​ណា អ្នក​ដឹក​នាំ​សម្ដែង បញ្ជាក់​ថា ទំនាក់ទំនង​របស់​លោក មិត្ត​ស្រី​របស់​លោក កើត​រឿង​ល្អក់​កករ​ច្រើន​នៅ​ក្នុង​រង្វង់១​ឆ្នាំ​ចុង​ក្រោយ។

មូលហេតុ​ដែល​កើត​មាន​បញ្ហា​នេះ អ្នក​ដឹកនាំ​សម្ដែង​ខក​ស្នេហ៍​រូប ប្រាប់​ថា ទំនង​កើត​ឡើង​មក​ពី​រឿង​ខ្វះ​ពេល​វេលា​ឲ្យ​គ្នា។ លោក​ថា មួយ​រយៈ​ចុង​ក្រោយ ការងារ​របស់​លោក​កាន់​តែ​មមាញឹក​ឡើង​ៗ ដូច្នេះ​ហើយ​លោក​មាន​ពេល​កាន់​តែ​តិច​ផ្ដល់​ទៅ​ឲ្យ​គូ​សង្សារ ហើយ​ចំណុច​នេះ លោក​ថា បាន​លឺ​គូស្នេហ៍ និយាយ​បន្លឺ​ជា​រឿយ​ថា លោក​ហាក់​មិន​សូវ​រវីរវល់​នឹង​នាង​ដូច​មុន។

"និយាយ​ទៅ ការងារ​ខ្ញុំ​ឥឡូវ​រវល់​ច្រើន មិន​សូវ​មាន​ពេល​ឲ្យ​គាត់ ហើយ​ពេល​ជួប​គ្នា​ម្ដង គាត់​តែង​តែ​បន្លឺ​ថា បង​ឯង​ឥឡូវ​ប្លែក​ណាស់ មិន​សូវ​រវីរវល់​នឹង​អូន អីចឹង​ណា​បង!”។ លោក ចាប សុវណ្ណា​រ័ត្ន លើក​ឡើង​ថា មិត្ត​ស្រី​របស់​លោក​ជា​មិន​សូវ​ជា​មនុស្ស​មាត់​ក​ច្រើន ប៉ុន្តែ​ជា​មនុស្ស​គំ​ទុក និង​ពូន​​ផ្ដុំ​រឿង​បន្តិច​ម្ដង​ៗ។ ជាក់​ស្ដែង​ដូច​ករណី​ចុង​ក្រោយ លោក​ថា លោក​រវល់​ផ្ដោត​តែ​លើ​ការងារ​ពេក ភ្លេច​គិត​ពី​មិត្ត​ស្រី ទើប​ធ្វើ​ឲ្យ​នាង​អស់​ចិត្ត​បន្តិច​ម្ដងៗ ហើយ​ចុង​ក្រោយ​ក៏​សុំ​លោក​បែក​តែ​ម្ដង។

អ្នកដឹកនាំ​សម្ដែង​នៅ​ថោន​រូប​នេះ សង្កត់​ធ្ងន់​ថា លោក និង​មិត្ត​ស្រី ពិត​មិន​មាន​រឿង​អ្វី​ធ្ងន់ធ្ងរ​ឡើយ ហើយ​រឿង​ដែល​កើត​ឡើង​ទំនង​កើត​ចេញ​ពី​រឿង​រ៉ាវ​ខាង​លើ ហើយ​លោក​ក៏​មិន​បាន​ដាក់​ការ​សង្ស័យ​ថា នារី​ជា​សង្សារ​មាន​អ្នក​ផ្សេង​ទៀត​ទើប​បែក​ចិត្ត​នោះ​ទេ ពោល​គឺ​លោក​សន្មត​ថា ទំនង​មក​ពី​កំហុស​លោក​ពី​ខាង​លើ​ច្រើន​ជាង។ ដូច្នេះ​ហើយ ទើប​លោក​កោរសក់។

“ចំពោះ​ការ​កោរសក់​ហ្នឹង គឺ​ទី​១​ខ្ញុំ​ស្ដាយ​អនុស្សាវរីយ​កន្លង​មក ហើយ​ស្ដាយ​ដោយ​សារ​ការ​ធ្វេស​ប្រហែល​របស់​ខ្លួន​ឯង​ដែរ ដែល​គិត​តែ​ការងារ​ពេក ភ្លេច​គិត​ពី​គាត់​ទើប​កើត​រឿង​បែប​នេះ។ ទី​២​ទៀត គឺ​ដើម្បី​ទុក​ជា​គ្រឿង​ដាស់តឿន​ខ្លួន​ឯង សម្រាប់​ទង្វើ​ត​ទៅ​មុខ​ទៀត ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​រវាង​ការងារ និង​មនុស្ស​ដែល​យើង​ស្រឡាញ់!” ចាប សុវណ្ណា​រ័ត្ន ថ្លែង៕

រូបភាព៖ ហ្វេសប៊ុក សុវណ្ណារ័ត្ន

អត្ថបទ៖ ទារិកា

មតិយោបល់