• 2020-09-25 08:24:04
  • ព័ត៌មាន

មាន​ដំណឹង​ថា អ្នក​និពន្ធ​ល្បី​មាន​ស្នាដៃ​តាម​ផលិតកម្ម​ជា​ច្រើន​រូប​នេះ គ្រោង​ហក់​ចូល​ហង្សមាស?

  • 2020-09-25 08:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់ ដែល​មិន​សូវ​ចេញ​មុខ​ប៉ុន្តែ​បាន​ជួយ​តារា​ចម្រៀង​ឲ្យ​ល្បី​ឈ្មោះ​ជា​ច្រើន​នាក់​នោះ ឥឡូវ​នេះ​លេច​ដំណឹង​ថា សង្ស័យ​ត្រៀម​ហក់​ចូល​ទៅ​ក្នុង​ផលិតកម្ម​ហង្សមាស​ហើយ ក្រោយ​ពី​បាន​សាង​ស្នាដៃ​លេច​ធ្លោ​មួយ​ជា​ច្រើន​ជាមួយ​ផលិតកម្ម​ក្នុង​ស្រុក​ធំ​ៗរួច​មក។

នោះ​គឺ លោក Tho Meet ដែល​បច្ចុប្បន្ន គឺ​ជា​អ្នក​និពន្ធ​បទ​ភ្លេង​របស់​ផលិតកម្ម Galaxy ដែល​បាន​សាង​ស្នាដៃ​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​ដូច​ជា​បទ “កាក​សង្សារ” "ចង់​លក់​ផ្ទះ​ចោល" និង​បទ "ដណ្ដឹង​អូន​ទៅ" ជា​ដើម។ ជា​រួម​អ្នកនិពន្ធ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​ផ្នែក​មួយ​ពី​ក្រោយ​ភាព​ល្បី​ល្បាញ​របស់​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​ជា​ច្រើន​នាក់ ខណៈ​លោក​បាន​ឆ្លង​កាត់​ការងារ​នេះ​ជា​ច្រើន​ផលិតកម្ម​រួច​ហើយ​មក។

ក្រោយ​ពី​បាន​សាង​ស្នាដៃ​លេច​ធ្លោ​ហូរហែ​កន្លង​មក រហូត​មក​ដល់​បច្ចុប្បន្ន ពេល​នេះ មាន​ដំណឹង​ថា អ្នក​និពន្ធ​រូប​នេះ ទំនង​ជា​អាច​ចេញ​ទៅ​រក​ផលិតកម្ម​ថ្មី​មួយ​ទៀត គឺ​ហង្សមាស។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ដែល​ស្និទ្ធ​នឹង​អ្នក​និពន្ធ​បាន​លួច​បង្ហើប​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ Tho Meet មាន​ទំនាក់ទំនង​នឹង​មនុស្ស​នៅ​ខាង​ហង្សមាស ហើយ​ទំនាក់ទំនង​នេះ ទំនង​មិន​មែន​ជា​ការ​ទំនាក់ទំនង​ធម្មតា​នោះ​ទេ។

Tho Meet(រូបឆ្វេងដៃ) និង​គ្រួសារ Galaxy

គេ​សង្ស័យ​ថា អ្នកនិពន្ធ​រូប​នេះ ត្រូវ​បាន​ទាក់​ទង​ទៅ​ចូល​ជាមួយ​ផលិតកម្ម​ធំ​ខាង​លើ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ហង្សមាស បច្ចុប្បន្ន ហាក់​នៅ​ខ្វះ​អ្នក​និពន្ធ​ សម្រាប់​ជួយ​និពន្ធ​បទ​ឲ្យ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម ដែល​មាន​ស្អេកស្កះ​នោះ​នា​ពេល​បច្ចុប្បន្ន។ ដូច្នេះ​ហើយ ក្នុង​ន័យ​នេះ ស្រប​នឹង​ការ​ឡើង​ទឹក​ដៃ​របស់​អ្នក​និពន្ធ​ខាង​លើ ប្រភព​បាន​គូស​បញ្ជាក់​ថា បើ​អ្វី​ដែល​គេ​ទាយ​ទុក​ជា​ការ​ពិត Tho Meet ច្បាស់​ជា​ទៅ​រួម​ជាមួយ​ហង្សមាស​នៅ​វេលា​មួយ​មិន​យូរ មិន​ខាន។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន នៅ​មិន​ទាន់​ធ្វើ​ការ​បក​ស្រាយ​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ។ តាម​រយៈ​សារ​អេឡិចត្រូនិក Tho Meet បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា "ខ្ញុំ​សុំ​មិន​និយាយ​រឿង​នេះ នៅ​ពេល​នេះ​ទេ​បង បង​ចាំ​មើល​សិន​ទៅ!”។ ងាក​មក​លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម​បច្ចុប្បន្ន​របស់​អ្នក​​និពន្ធ​វិញ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី ២៥ កញ្ញា ២០២០។

រូបភាព៖ ហ្វេសប៊ុក Tho Meet

លោក Tho Meet គឺ​ជា​អតីត​អ្នក​និពន្ធ​បទ​ភ្លេង​នៅ​ផលិតកម្ម ថោន និង​សាន់ដេ មុន​មក​រួម​ការងារ​ជាមួយ​លោក យឹម តាស្រង់ នៅ Galaxy ប្រមាណ​ជិត​១​ឆ្នាំ​នេះ។ ប្រសិន​បើ​អ្វី​ៗ​ដើរ​ដូច​ការ​បង្ហើប​របស់​ប្រភព​កំបាំង​នោះ ហង្សមាស គឺ​ជា​ផលិតកម្ម​ទី ៤ ហើយ​សម្រាប់ Tho Meet នៅ​ក្នុង​សិល្បៈ​តែង​និពន្ធ​បទ​ភ្លេង៕

អត្ថបទ៖ ទារិកា

មតិយោបល់