• 2020-09-28 02:57:46
  • ព័ត៌មាន

តារាកូរ៉េ​ទាំង ៥នេះ សុទ្ធ​តែ​មាន​ប្រវត្តិជួយ​ជីវិត​មនុស្សឲ្យ​ផុតពីគ្រោះថ្នាក់

  • 2020-09-28 02:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​មិនគួរ​ឲ្យ​ជឿ​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​រង្វង់​សិល្បៈ​កូរ៉េ​ ប៉ុន្តែ​រឿង​ខ្លះ​បាន​ធ្វើ​ឲ្យ​យើង​រំភើប​ ដោយសារ​ហេតុការណ៍​កើត​ឡើង​ចៃដន្យ។ ខាង​ក្រោម​នេះ​ជា​ពេល​វេលាមិនអាច​បំភ្លេច​បាន​ ពេល​តារា​ៗ​ជួយ​ជីវិត​អ្នក​ជុំ​វិញ​ខ្លួន​របស់ពួកគេ៖

១. Jungkook (BTS) ជួយ​ជីវិត​ Kim Sung Joo

អំឡុង​ពេល​ចូលរួម​កម្មវិធី​ Visiting Teacher ពិធីករ​ទូរទស្សន៍ Kim Sung Joo បាន​បង្ហើប​ឲ្យ​ដឹង​ថា​ Jungkook ធ្លាប់​ជួយ​ជីវិត​លោក។ ហេតុការណ៍នោះ​បាន​កើត​ឡើង​អំឡុង​ពេល​កម្មវិធី​មួយ​ដែល​លោកធ្វើ​ជា​ពិធីករ ហើយ​វា​កើត​ឡើង​មុន​ពេល​ BTS ត្រូវ​សម្ដែង​បទ​ «Fire»។ សមាជិក​ទាំង​អស់​ត្រូវ​ត្រៀមនៅ​ក្រោម​ឆាករៀងៗខ្លួន​មុន​ពួកគេ​បង្ហាញខាង​លើ។

ពេល​នោះ​លោក Kim Sung Joo មិន​បាន​ដឹង​ខ្លួន​ថា​ឆាក​ខាងក្រោយ​ត្រូវ​គេ​ទម្លាក់​ចុះ​ទេ ដូចនេះ​លោក​ក៏​ឈាន​ថយ​ក្រោយ​ទាំងមិន​បាន​មើល ហើយធ្លាក់ទៅក្រោម​តែម្ដង។ ប៉ុន្តែ​ជា​សំណាង​ល្អ​ Jungkook ជាអ្នក​នៅ​ពីក្រោម​នោះ​ជា​អ្នក​ជួយ​លោក​ទាំង​ស្រុង​ពីហេតុការណ៍​នេះ។ លោក​និយាយ​ទៀត​ថា​ រាល់ពេល​ឃើញ​ BTS លោក​តែង​សម្ដែង​ការ​អរគុណ​ដល់​ JUngkook ជានិច្ច។

២. Yoo Jae Suk ជួយជីវិតបុរស​ម្នាក់

បុរស​ម្នាក់​នោះ​​បាន​ព្យាយាម​បញ្ចប់ជីវិត​ខ្លួន​ ពេល​កំពុង​បម្រើ​ក្នុង​ជួរ​ទ័ព ដោយសារ​ពេល​នោះ​គេ​ជួប​រឿង​គ្រោតគ្រាតពេក រហូត​មិត្តភ័ក្តិ​លែង​រាប់រកទៀត។ ថ្ងៃ​ដែល​បុរស​ម្នាក់​នោះ​ចង់​សម្លាប់​ខ្លួន​ក៏​មក​ដល់​ ប៉ុន្តែ​ត្រូវ​នឹង​ពេល​ដែល​គេ​ចាត់​ឲ្យ​ទៅ​ពិនិត្យ​មើល​ប្រដាប់ប្រដាខ្លះ​ ជាមួយ​នឹង​ឧបករណ៍​រាវរក​មីន។

ពេល​នោះ​លោក​ហត់​នឿយ​ខ្លាំង​ណាស់ ហើយ​ក៏​បាន​ទៅទិញ​ភេសជ្ជៈ​ តែ​ភ្លាមៗ​ទើប​ដឹង​ថា​លោក​គ្មាន​លុយ​ក្នុង​ខ្លួន។ ទាហាន​ម្នាក់​នោះ​ក៏បន្តធ្វើ​ការ​ទាំង​ឃ្លាន រហូត​ពេល​នោះ​ស្រាប់​តែ​ឃើញ​ Yoo Jae Suk និង​បាន​គោរព។ ពេល​នោះ​ Jae Suk បាន​ទិញ​កូកាឲ្យ​ ២​កំប៉ុង​ និង​ការ៉េម​ឲ្យញ៉ាំទៀត។ ត្រឹម​កាយវិការ​យកចិត្តទុកដាក់​សាមញ្ញ​មែន​ ប៉ុន្តែ​វា​បាន​កែប្រែ​ចិត្ត​បុរស​ម្នាក់​នោះ​ លែង​ចង់គិត​ខ្លី​ទៀត។

៣. Kim Hyun Joong ជួយ​ជីវិត​ចុងភៅម្នាក់​ដោយ​មិនដឹងខ្លួន

នៅក្នុង​ភោជនីយដ្ឋាន​ជប៉ុនមួយ​កន្លែង​ដែល​ស្ថិត​នៅ​តំបន់ Jejudo តារា​ប្រុស​រូបនេះ​បាន​ជួយ​ជីវិត​មនុស្សម្នាក់​ដែល​ជា​ចុងភៅក្នុង​ភោជនីយដ្ឋាន​នោះ។ តាម​សម្ដី​ម្ចាស់​ភោជនីយដ្ឋាន​ បាន​និយាយ​ថា៖ «លោក​បាន​ធ្វើ​ចលនាសង្គ្រោះបឋម​ ជាង​ ៨-៩នាទី និង​បាន​ដាក់​ទឹកកក និង​ម៉ាស្សា​ឲ្យ​ចុងភៅ រហូត​ដល់​ក្រុមសង្គ្រោះ ៩១១មក​ដល់កន្លែង​កើតហេតុ»។

៤. Lee Yi Kyung ជួយ​បុរស​ម្នាក់

តារាប្រុស​ម្នាក់​នេះ​ក៏​ជា​អ្នកធ្លាប់​ជួយ​ជីវិត​មនុស្ស​ដែល​ព្យាយាម​សម្លាប់​ខ្លួន​ដែរ។ បុរស​ម្នាក់​នោះ​មាន​សភាព​ស្រវឹង និង​ប៉ុនប៉ង​បញ្ចប់​ជីវិត​ខ្លួន ដោយ​បំរុង​នឹង​ហក់​ចូល​ឡាន​ធំ​ដែល​កំពុង​បើកលើ​ផ្លូវ។ អ្នក​បើក​ឡាន​ធំ​ឃើញ​បែប​នោះ​ក៏​ចេញពីឡាន និង​មក​ចាប់​បុរសស្រវឹង​នោះ។ ឯ Yi Kyung ដែល​បើក​ឡាន​ពីក្រោយ​ឡាន​ធំ​នោះ​ក៏​ឈប់​ដូចគ្នា និង​ចេញ​ពីឡាន​ទាំង​ប្រញ៉ាប់ប្រញ៉ាល់​ ដើម្បី​ជួយ​អ្នក​បើកឡានធំ​ ចាប់​អ្នក​ស្រវឹង។ អស់​ពី​ចង់​ដើរ​ចូលឲ្យ​ឡាន​បុក គេ​ក៏​ចង់​ហក់​ពីលើ​ស្ពាន ប៉ុន្តែ​បាន​ Yi Kyung ចាប់​ជាប់។

ក្រោយ​អារម្មណ៍​ស្ងប់​បន្តិច​ Yi Kyung ក៏​បាន​ឲ្យ​អាវ​ក្រៅរបស់​ខ្លួនទៅ​បុរស​ម្នាក់​នោះ​ ដោយសារ​ពេលនោះអាកាស​ធាតុ​ធ្លាក់​ត្រជាក់​ផង ព្រមទាំង​នៅឱបគេជាប់ បែបនេះ​បុរសគិត​ខ្លី​ក៏​មិន​អាច​លោត​បាន​ទៀតដែរ។ Yi Kyung សម្រេច​នៅ​ជាប់​រហូត​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មក​ដល់ ដើម្បីធានា​សុវត្ថិភាព។

៥. Kang Ho Dong ធ្លាប់​ជួយ​ជីវិត​ Sooyoung (Girls' Generation)

​ក្នុង​កម្មវិធី​ Knowing Brothers ពិធីករ​ Kang Ho Dong បាន​និយាយ​រឿង​មួយ​ពីពេល​ដែល​លោក​ជួយ​ Sooyoung។ រឿង​នោះ​បាន​កើត​ឡើង​កាល​ពី​ជាង​ ១០​ឆ្នាំមុន ពេល​លោក​នៅលើ​ឆាក​ជាមួយ​ Sooyoung។ ចៃដន្យ​នាង​បាន​ជាន់​កន្លែង​ដែល​មិនមាន​អ្វីទ្រ ជាហេតុ​ធ្វើ​ឲ្យ​កន្លែង​នោះ​បាក់​ ហើយ​នាង​ប៊ិះនឹង​ធ្លាក់​ទៅហើយ​ ប៉ុន្តែ​បាន​ Kang Ho Dong ចាប់​ចង្កេះជាប់ និង​ទាញ​នាង​មក​វិញ។ Sooyoung បាន​ហៅ​ Ho Dong ថា​អ្នក​ជួយ​ជីវិត​នាង​ជាប់​មាត់រហូត។

លោក​នៅ​បញ្ជាក់​ទៀត​ថា​ មិនមែន​ខ្លួន​ចង់​ឲ្យ​មាន​គេ​ចាប់​អារម្មណ៍​ ពេល​និយាយ​រឿង​នេះ​ទេ លោក​ថែម​ទាំង​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កុំ​ឲ្យ​ចុះ​ផ្សាយ​ និង​អ្នក​ទស្សនាផ្ទាល់​ឲ្យ​បំភ្លេច​រឿង​នេះ​ទៀត​ផង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់