• 2020-09-28 04:37:18
  • ព័ត៌មាន

ធ្លាប់​បរាជ័យ​ច្រើន​ដង តែ​មិន​ព្រម​ចុះ​ចាញ់ ទី​បំផុត វី ឌី​ណែត យក​ជយលាភី​ទាល់​តែ​បាន

  • 2020-09-28 04:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​ទី​១​ដោយ​ជោគជ័យ ឥឡូវ​កម្មវិធី​ប្រលង​កំពូល​តារា​ចម្រៀង​អាជីព “I Am A Singer Cambodia” រដូវ​កាល​ទី​២ ក៏​បាន​បញ្ចប់​ថែម​ទៀត បាន​រក​ឃើញ​នូវ​ម្ចាស់​ជយលាភី​ទៀត ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ។

តារា​ចម្រៀង​អាជីព​ 7រូប បាន​ចូល​ខ្លួន​ទៅ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​វគ្គ​ផ្ដាច់​ព្រាត់​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ហើយ​​ជា​លទ្ធផល កញ្ញា វី ឌី​ណែត ជា​អ្នក​លើក​ពាន​ជ័យ លាភី​ក្នុង​ រដូវ​កាល​ទី​2 ​នេះ ក្រោយ​ពី​បាន​តស៊ូ​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់​កាល​របស់​កម្មវិធី​អស់​រយៈ​ពេល​ជិត 4 ខែ​កន្លង​មក​នេះ។ កញ្ញា វី ឌី​ណែត បាន​ទទួល​សារ​គាំទ្រ​ខ្ពស់​ៗ​ស្ទើរ​រាល់​សប្ដាហ៍។ មក​ដល់​សប្ដាហ៍​ចុង​ក្រោយ​ដែល​ជា វគ្គ​ផ្ដាច់​ព្រ័ត្រ លទ្ធផល​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ជយលាភី​រូប​នេះ​ទទួល​បាន​ជ័យជំនះ​គឺ​ការ ផ្ញើ​សារ​គាំទ្រ​ពី​ទស្សនិកជន​ដែល​គិត​ជា​ភាគរយ​បាន​រហូត​ដល់ 92.25% ឯណោះ។

កញ្ញា វី ឌី​ណែត បាន​លើក​ឡើង​ថា ‘‘ការ​ប្រកួតប្រជែង​មួយ​នេះ​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល នោះ​ឡើយ ព្រោះ​ថា​ត្រូវ​ជួប​ដៃគូ​ប្រកួត​សុទ្ធ​តែ​ជា​តារា​ចម្រៀង​អាជីព​ដូច​គ្នា​ដែល​មាន​សមត្ថភាព មិន​ធម្មតា’’។ ម្ចាស់​ជយលាភី “I Am A Singer Cambodia” រដូវ​កាល​ទី2 បាន​បន្ត​ទៀត​ថា ‘‘ការ​ទទួល បាន​ជោគជ័យ​នេះ គឺ​ពិត​ជា​មាន​តម្លៃ​បំផុត​សម្រាប់​នាង​ខ្ញុំ​ផ្ទាល់ ព្រោះ​មុន​នឹង​ទទួល​បាន​ជោគជ័យ នៅ​ថ្ងៃ​នេះ នាង​ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​ការ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ តែ​ដោយសារ​ភាព​មិន​ចុះ​ចាញ់ ទើប​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មាន​កិត្តិយស​បាន​ទទួល​ជោគជ័យ​ដូច​ពេល​នេះ’’។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​ប្រលង​កំពូល​តារា​ចម្រៀង​អាជីព I Am A Singer Cambodia រដូវ​កាល​ទី​2 មាន​ការ​ចូល​រួម​ប្រកួត​ពី​កំពូល​តារា​ចម្រៀង​អាជីព​ល្បី​ៗដូច​ជា​កញ្ញា វី ឌីណែត, កញ្ញា ឈីន រតនៈ, កញ្ញា ប៉ាច គីមមួយ, កញ្ញា តាក់ ម៉ា, លោក ឃុន វុត្ថា, លោក សំ សុវណ្ណារ៉ាក់, លោក គង់ ចំរើន, លោក ចាន់ កូម៉ែន, កញ្ញា កែវ ច័ន្ទដាលីន, និងលោក BMO ដែល​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​ទទួល​បាន​ការ គាំទ្រ​ពី​ទស្សនិកជន​ពេញ​ផ្ទៃ​ប្រទេស​ក្រោម​ការ​ផលិត​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស HDTV។

ទស្សនា​វគ្គ​ផ្តាច់​ព្រ័ត្រ​ឡើង​វិញ​ទាំង​ស្រុង​តាម​រយៈ Link ខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់