• 2020-09-29 04:00:47
  • ព័ត៌មាន

ការងារសិល្បៈស្ងាត់ដូចចោរលួចសេះ តែហេតុអ្វីតួសង្ឃសៅលីងតូចនៅតែល្បី និងមានជីវិតហ៊ឺហា?

  • 2020-09-29 04:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ashton Chen ជា​តារា​សម្ដែង​ដែល​បាន​សាង​ភាព​ល្បីល្បាញ​តាំង​ពីនៅ​ក្មេង​តូច​ តាមរយៈ​ស៊េរី​រឿង​ សង្ឃសៅលីង។ ឈាន​ដល់​វ័យ​កម្លោះ លោក​ក៏​នៅ​តែ​មាន​ការងារ​សិល្បៈ​ត្រូវ​កាន់​កាប់​ហូរហែ រហូត​គ្រប់គ្នា​គិត​ថា​ ក្មេង​តូច​នេះ​ អាច​នឹង​ស្នង​តំណែង​ Bruce Lee, Jackie Chan និង​តារា​ក្បាច់គុន​ជា​ច្រើន​ផ្សេង​ទៀត​ជាក់ជា​មិនខាន។

ផ្ទុយ​ពី​ការ​គិត​ទុក​ទាំង​ស្រុង​ ព្រោះ​ថា​ឈាន​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កេរ្តិ៍ឈ្មោះ​របស់​ Ashton Chen ក៏​មិន​ហក់​ឡើង​ខ្លាំង​ដូច​កាលពីតូច រហូត​មហាជន​ភាគ​ច្រើន​គិត​ថា​លោក​មិន​សូវ​ត្រូវ​ប៉ាន់​នឹង​ការងារ​សម្ដែង​រឿង​បែប​ក្បាច់គុន​ដូច​កាល​ពី​តូច​ទេ ហើយ​ក៏​មិន​អាច​ប្រជែង​នឹង​តារា​ក្មេងៗ និង​ស្អាតៗ​ផ្សេងៗ​ទៀត​ដែរ។

ប៉ុន្តែ​ ទោះ​បី​ការងារថតរឿង​មិន​រលូន​ ក៏ជីវិត​​ Ashton Chen ហ៊ឺហាមិនធម្មតា​ដែរ។ អ្នក​គាំទ្រ​ដឹង​បាន​ តាមរយៈ​អ្វី​ដែល​លោក​ឧស្សាហ៍បង្ហោះ​លើ​បណ្ដាញ​សង្គម។ សម្ភារៈ​ដែល​លោក​មាន​តាំងពីក្បាល​ដល់ចុងជើងសុទ្ធ​តែ​ជា​របស់​ថ្លៃៗ និង​ជា​ម៉ាកល្បី បូក​រួម​នឹង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ច្រើន​កន្លែង។ ប្រការ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គ្រប់គ្នា​ឆ្ងល់​ថា​ ហេតុអ្វី​លោក​មានលុយ​ចាយ​ហ៊ឺហាម្ល៉េះ​ បើ​ឆ្នាំង​បាយ​សិល្បៈ​លិចលង់​ហៅលែង​ចង់​ឮបែប​នេះទៅហើយ?

ពិត​ណាស់​ ធ្វើ​ការងារសិល្បៈរាប់​ឆ្នាំមក​នេះ លោក​អាច​សន្សំ​បាន​លុយ​មួយ​ចំនួន​ ដូចនេះ​លោក និង​ឪពុក​ក៏​បាន​បើក​សាលា​គុនមួយ​កន្លែង​ ដោយ​បាន​ជ្រើស​រក​គ្រូ​បង្វឹក​ជា​ច្រើន​ និង​បើក​បង្រៀន​ដល់​អ្នក​ដែល​ស្រឡាញ់​វិស័យក្បាច់គុន​នេះ។

ក្រៅពី​នេះ​ បើ​យោង​តាម​វិបសាយ​ Sina ក៏​បាន​បង្ហើប​ដែរ​ថា​ Ashton មានឪពុក​ចិញ្ចឹម​ម្នាក់​ដែល​ជា​បុគ្គល​ល្បី និង​អ្នកមាន​មុខមាត់គួរ​សម​នៅតៃវ៉ាន់។ ក៏​លេចឮថា​ ឪពុក​ចិញ្ចឹម​លោក​ម្នាក់​នេះ​មាន​ជំនួញ​ជា​ច្រើន​ក្នុង​ដៃ ហើយ​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិតកម្ម​មួយ​ដែរ។ មាន​ខ្នង​បង្អែក​ធំ​បែប​នេះ​ ទើប​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ថា​ Ashton មាន​ជីវិត​ប្រសើរដូចពេល​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់