• 2020-09-29 10:36:33
  • ព័ត៌មាន

លេច​ទៀត​ហើយ​ថា​ អ្នក​និពន្ធ​បទ​ភ្លេង​ល្បី Tho Meet កំពុង​សម្ងំ​ធ្វើ​បទ​ឲ្យ​ម្ចាស់​ពាន I Am A Singer រដូវ​កាល​ទី​២

  • 2020-09-29 10:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បែក​ធ្លាយ​ប៉ុន្មាន​ថ្ងៃ​មុន​សោះ​ថា អ្នក​និពន្ធ​ល្បី​ឈ្មោះ Tho Meet ត្រៀម​ដើរ​ចូល​ទៅ​ផលិតកម្ម​ហង្សមាស​នោះ ឥឡូវ​មាន​តម្រុយ​ថ្មី​បាន​លេច​ចេញ​មក​ទៀត​ហើយ​ថា អ្នកនិពន្ធ​រូប​នេះ បាន និង​កំពុង​សម្ងំ​ផលិត​បទ​ចម្រៀង​តារា​ហង្សមាស​ទៅ​ហើយ។

Tho Meet ដើម​ឡើយ មិន​សូវ​មិន​ស្គាល់​លោក​ថា​ជា​នរណា​នៅ​ឡើយ ប៉ុន្តែ​ថ្មី​ៗ​នេះ ឈ្មោះ​លោក​ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ និង​ដឹង​ថា​លោក​គឺ​ជា​អ្នកនិពន្ធ​មាន​ស្នាដៃ​មួយ​រូប​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ភាព​ល្បី​ល្បាញ​របស់​តារា​ចម្រៀង​ល្បី​ៗ និង​ផលិតកម្ម​ក្នុង​ស្រុក​ជា​ច្រើន។ ពិសេស​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក៏​លេច​លឺ​ថា លោក​បាន​ត្រៀម​ចេញ​ពី​ទ្រនំ​បច្ចុប្បន្ន​ទៅ​ហង្សមាស​មក លោក​ក៏​បាន​ក្លាយ​ជា​បុគ្គល​ម្នាក់​ត្រូវ​បាន​គេ​គិត​ដល់។

ចចាមអារ៉ាម​នេះ នៅ​មិន​ទាន់​អាច​រក​ការ​ស្រាយ​បំភ្លឺ​ឲ្យ​ច្បាស់​ពី​សាមី​ខ្លួន​នៅ​ឡើយ​ផង ស្រាប់​តែ​នៅ​រសៀល​នេះ​ទៀត មាន​ដំណឹង​ថា អ្នកនិពន្ធ​បទ​ភ្លេង​រូប​នេះ បាន និង​កំពុង​សម្ងំ​ផលិត​បទ​ឲ្យ​ផលិតកម្ម​ធំ​ខាង​លើ​ទៅ​ហើយ ដោយ​កំពុង​ផលិតបទ​សម្រាប់​ម្ចាស់​ជយលាភី I AM Singer Cambodia រដូវ​កាល​ទី​២ កញ្ញា វី ឌីណែត។

ប្រភព​តែ​មួយ​ដែល​បាន​បង្ហើប​ប្រាប់ Sabay ពី​ប៉ុន្មាន​ថ្ងៃ​មុន ថា Tho Meet សង្ស័យ​ត្រៀម​ចូល​ទៅ​ហង្សមាស​នោះ នៅ​ថ្ងៃ​នេះ​បាន​បង្ហើប​ជា​ថ្មី​ពី​រឿង​រ៉ាវ​ជុំវិញ​អ្នកនិពន្ធ​បទ​ភ្លេង​ខាងលើ ដោយ​គេ​អះអាង​ថា អ្វី​ដែល​គេ​ប្រាប់​លើក​មុន​នោះ កាន់​តែ​ក្លាយ​ជា​ការ​ពិត​ហើយ។

ប្រភព​ដ៏​ជិត​ស្និទ្ធ​នឹង​លោក Tho Meet ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​នោះ បាន​បង្ហើប​ប្រាប់​ Sabay ថា ‘‘តាម​មើល បែប​មែន​ទែន​ហើយ Tho Meet ពិត​ជា​បាន​ចាកចេញពីផលិតកម្ម Galaxy ​មក​ទ្រនំ​ថ្មី​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​នេះ​មែន​ហើយ ហើយ​លឺទៀត​ថា គេក៏​កំពុង​សម្ងំ​ផលិត​បទ​ចម្រៀង​ឲ្យ​ម្ចាស់​ពាន I Am A Singer Cambodia រដូវកាលទី2 គឺ​កញ្ញា វី ឌីណែត ដែរ’’។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​អ្នក​និពន្ធ នៅ​តែ​មិន​ទាន់​អាច ភ្ជាប់​ទំនាក់ទំនង​ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ​នៅ​ឡើយ​ទេ​រសៀល​នេះ។ ងាក​ទៅ​ភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត ក៏​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​នៅ​ឡើយ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់