• 2020-09-30 07:33:00
  • ព័ត៌មាន

សាហាវ​មែន​ឆ្នាំ​នេះ តាម​របាយការណ៍​បទ​ទាំង​អស់​របស់ តន់ ច័ន្ទ​សីម៉ា មាន​អ្នក​ចូល​មើល​សរុប​ជាង ៣០០ លាន​ដង

  • 2020-09-30 07:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ ចំណូល​ពី Youtube កាល​ពី​ពាក់​កណ្ដាល​ខែ នៅ​ថ្ងៃ​នេះ ផលិតកម្ម Galaxy ទើប​បាន​បញ្ចេញ​របាយការណ៍​ថ្មី​ទៀត ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​ខ្លួន គឺ តន់ ច័ន្ទសីម៉ា ដែល​មាន​អ្នក​តាមដាន​បទ​របស់​នាង​សរុប​ដល់​ទៅ​ជា ៣០០ លាន​ដង​ឯណោះ។

​តាម​របាយការណ៍​របស់​ផលិតកម្ម​ក្នុង​ស្រុក​មួយ​នេះ​ តារា​ចម្រៀង​ក្មេង​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ឆ្នាំ 2020 នេះ ទទួល​បាន​ចូល​ទស្សនា​រហូត​ទៅ​ដល់ 323.7 លាន​ដង​ឯណោះ។

តួលេខ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា តារា​ចម្រៀង​មក​ពី​ខេត្ត​តាកែវ ទំនង​ជា​អាច​គ្រប់​គ្រង​កំណត់​ត្រា ​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​វិស័យ​សិល្បៈ​ហើយ​ក្នុង​នាម​ជា​តារា​ដែល​មាន​អ្នក​ចូល​ទស្សនា​បទ​ចម្រៀង​របស់​ខ្លួន​នៅ​យូធូប​ច្រើន​ជាង​គេ។ “Wow ឆ្នាំ​នេះ តន់ ច័ន្ទ​សីម៉ា មាន​ប្រជាប្រិយភាព​ដាច់​គេ អ្នក​ចូល​មើល​សរុប 323.7លាន​ដង!”។ ផលិតកម្ម​របស់ សីម៉ា បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​រសៀល​នេះ។

យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​ដឹង​ថា ការ​ប៉ាន់​ប្រមាណ​នេះ​ត្រឹម​ត្រូវ ១០០% ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​កំណត់​ត្រា​របស់​តារា​ចម្រៀង​ផ្សេង​ទៀត ក៏​ដូច​ជា​ផលិតកម្ម​ផ្សេង​ៗ នៅ​មិន​ទាន់​មាន​ការ​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ឡើយ ស្រប​ពេល​គេ​ដឹង​ថា ផលិតកម្ម​ទាំង​នោះ ក៏​មាន​តារា​កំពូល​ៗ​រៀង​ខ្លួន ដែល​អាច​ទាក់​ទាញ​ប្រិយមិត្ត​ឲ្យ​ចូល​ទស្សនា​វីដេអូ​ចម្រៀង​របស់​ពួក​គេ ច្រើន​រៀង​ៗ​ខ្លួន​ដែរ។

វិល​មក​របាយការណ៍​របស់ តន់ ច័ន្ទ​សីម៉ា វិញ ​អ្វី​ដែល​ពិសេស​ទៀត​នោះ តាម​ការ​បញ្ចេញ​របស់ Galaxy បទ​ចម្រៀង​ទាំង​អស់​របស់​តារា​ស្រី គ្រប់​បទ​សុទ្ធ​សឹង​ជា​បទ original ទាំង​អស់។ តែ​ចំណុច​មួយ​ដែល​នៅ​មិន​ទាន់​ស្រាយ​បញ្ជាក់​ឲ្យ​ច្បាស់ មិន​ទាន់​ដឹង​តួលេខ​នេះ គិត​ពី​ពេល​ណា​មក ហើយ​បទ​របស់ សីម៉ា ប៉ុន្មាន​ហើយ ត្រូវ​យក​មក​ប្រើ​ដើម្បី​ធ្វើ​ការ​កត់​ត្រា​លើ​របាយការណ៍​សរុប​នេះ។

លោក យឹម តា​ស្រង់ ដែល​ជា​នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ​នៅ​រសៀល​នេះ។

នេះ​គឺ​ជា​របាយការណ៍​ទី​២​សម្រាប់​ឆ្នាំ ២០២០ នេះ​ដែល Galaxy បាន​បញ្ចេញ​បង្ហាញ​ពី​ការ​ហក់​លោត​ប្រជាប្រិយមិត្ត​របស់​តារា​ចម្រៀង​តូច​ច្រឡឹង តន់ ច័ន្ទសីម៉ា។ កាល​ពី​ដើម​ឆ្នាំ ផលិតកម្ម​នេះ ក៏​ចេញ​របាយការណ៍​ដូច​គ្នា​ដែរ​ថា កាល​ណោះ(ចុង​ខែ​មេសា) សីម៉ា ទាញ​អ្នក​ចូល​ទស្សនា​បទ​ចម្រៀង​របស់​ខ្លួន​សរុប​ដល់​ទៅ​ជាង ១០០​លាន​ដង​ទៅ​ហើយ​ក្នុង​រយៈ​ពេល​តែ​៤ខែ​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់