• 2020-10-05 09:40:34
  • ព័ត៌មាន

គម្រោង​រត់ ៩៩​ថ្ងៃ​ដើម្បី​កុមារ សាយ នឹង​ចេញ​ដំណើរ​ពី​ភ្នំពេញ វេលា​ម៉ោងទៀបភ្លឺយប់​នេះហើយ

  • 2020-10-05 09:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ស្អែក​នេះ គឺ​ជា​ទី​១​នៃ​ការ​ចាប់​ផ្ដើម​គម្រោង​រត់​ដើម្បី​សប្បុរសធម៌​របស់​លោក អ៊ួន បឋម ហៅ សាយ ក្រោយ​ពី​បាន​ប្រកាស​ពី​គម្រោង​សម្បុរសធម៌​ដ៏​ធំ​នេះកាល​ពី​ចុង​សប្ដាហ៍​មុន។

តាម​ការ​បញ្ជាក់​របស់​ស្ថាបនិក​គម្រោង​ លោក និង​ក្រុម​ការងារ​នឹង​ចេញ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​កំពង់ស្ពឺ​ដែល​ជា​ជំហាន​ដំបូង​នៃ​ការ​ដំណើរ​គម្រោង "Run for Charity with Sai” របស់​លោក នៅ​វេលា​ម៉ោង​ប្រមាណ ៤ទៀប​ភ្លឺ ដោយ​ចេញ​ដំណើរពី​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទៅ។ នេះ​ជា​ទីតាំង​ចាប់​ផ្ដើម​ថ្មី ក្រោយ​ពី​បាន​សម្រេច​ផ្លាស់​ប្ដូរ​ទីតាំង​សម្រាប់​ចេញ​ដំណើរ​ពី​វត្ត​ភ្នំ មក​ទី​នេះ​វិញ។

សាយ ប្រាប់​ថា តាម​គម្រោង​ លោក​នឹង​ត្រូវរត់​ឲ្យ​ដល់​ទីរួម​ខេត្ត​កំពង់ស្ពឺ​នៅ​អំឡុងម៉ោង ៧ល្ងាច។ ប៉ុន្តែ​មុន​ទៅ​ដល់ លោក​ត្រូវ​ឈប់​សម្រាក​នៅ​ថ្នល់ទទឹងនៅ​ម៉ោង​ប្រហែល​ ៩ ព្រឹក។ សម្រាកសម្រួល​រាងកាយ​ហើយ ម៉ោង​ប្រហែល ៤ ទើប​ចេញ​ដំណើរ​បន្តទៀត​ឆ្ពោះ​ទៅ​ទីរួមខេត្តកំពង់ស្ពឺ។ ដូច្នេះ​ហើយ ទើប​សម្រេច​ចេញ​ដំណើរ​នៅ​វេលា​ទៀប​ភ្លឺ​​ដូច្នេះ ក្នុង​នោះ ក៏​ដើម្បី​គេច​ពី​ការ​កក​ស្ទះ​ចរាចរណ៍ និង​មិន​ចង់​បង្ក​ការ​រំខាន​ដល់​ចរាចរណ៍​ផង។

ស្ថាបនិក​វ័យ​ក្មេង សាយ គ្រោង​ប្រមូល​មូលនិធិ​ឲ្យ​បាន​ចំនួន ១០០០ ០០០ ០០០ រៀល​សម្រាប់​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប សម្រាប់​ជួយ​ដល់​កុមារ​តូច​ៗងាយ​រងគ្រោះ​របស់​កម្ពុជា។ ដូច្នេះ​ហើយ គម្រោង​នេះ សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ការ​ចូល​រួម​របស់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ព្រម​ទាំង​ម្ចាស់​ឧបត្ថម្ភ​នានា។

តាម​របាយការណ៍ គម្រោង "Run for Charity with Sai” គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ៥ តុលា ២០២០​នេះ ទទួល​បាន​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​ចំនួន ១០លាន​រៀល​ហើយ ហើយ​ថវិកា​នេះ គឺ​សប្បុរសជន​នានា​បាន​បរិច្ចាគ​ទៅ​ពេទ្យ​ផ្ទាល់។ ប៉ុន្តែ​សម្រាប់​អ្នក​ឧបត្ថម្ភ​វិញ មិន​មាន​ឡើយ។ ដូច្នេះ​ហើយ សាយ ពោ​ល​ថា នា​ពេល​នេះ ការ​ប្រមូល​មូលនិធិ គឺ​ពឹង​ទៅ​លើ​ការ​ចូល​រួម​របស់​សប្បុរសជន​នានា​ទាំង​ស្រុង។

“សម្រាប់​អ្នក​ឧបត្ថម្ភ​គឺ​អត់​មាន​ទេ ឥឡូវ​មក​ដល់​ថ្ងៃ​នេះ​ហើយ ខ្ញុំ​ជឿ​ថា អត់​មាន​នរណា​គេ​មក​ឧបត្ថម្ភ​យើង​ទៀត ឥឡូវ​ហ្នឹង​មាន​តែ​សង្ឃឹម​គេ​ចូល​តាម​ផ្លូវ​អី​ហ្នឹង​ហើយ ក្រែង​ពួក​គាត់​មាន​ចិត្ត​ចូល ឬ​ទទួល​កន្លែង​ស្នាក់​អីអីចឹង​ណា​បង!"។

សាយ នឹង​រត់​ចំនួន ៩៩​ថ្ងៃ ដោយ​​ឆ្លងកាត់​ ២២ ខេត្ត-ក្រុង ក្នុង​គោលបំណង​រៃអង្គាស​ប្រាក់ និង​បំផុស​សកម្មភាព​មនុស្សធម៌​ដល់​យុវវ័យ។ យុទ្ធនាការ​មួយ​នេះ គឺ​ដើម្បី​កុមារ​តូច​ៗ​របស់​កម្ពុជា​រាប់​ពាន់ ម៉ឺន​នាក់​ដែល​ងាយ​រងគ្រោះ និង​ត្រូវ​ការ​ពឹង​ពាក់​លើ​មន្ទីរពេទ្យ​កុមារ​ខាង​លើ ខណៈ​មន្ទីរពេទ្យ​ពឹង​លើ​មូលនិធិ​សប្បុរសជន​ទាំង​ស្រុង។

បែប​នេះ ទើប​លោក​បង្កើតយុទ្ធនាការ​នេះ​ឡើយ ព្រោះ​ថា កុមារ​តូច​ៗ​របស់​យើង​នៅ​ត្រូវ​ការ​មន្ទីរ​ពេទ្យ​ខាង​លើ​ជា​ចាំ​បាច់ ខណៈ​បេសកកម្ម​របស់​មន្ទីរ​ពេទ្យ ទំនង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ។ ដូច្នេះ​ហើយ ទើប​លោក​ប្រសិន​បើ​សប្បុរសជន​ចង់​ចូល​រួម​បរិច្ចាគ អាចបរិច្ចាគ​បានតាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់​សកម្មភាព​របស់​សាយ​អំឡុង​ពេល​រត់ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់ Sai, Channel YouTube របស់​សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕​

អត្ថបទ៖ ទារិកា

មតិយោបល់