• 2020-10-06 10:08:29
  • ព័ត៌មាន

ដូណាល់ ត្រាំ ប្រាប់​ពលរដ្ឋ​អាមេរិក​កុំ​អោយ​ខ្លាច Covid-19 ស្រាប់​តែ​តួ​អង្គ Captain America បក​វិញ​ចាស់​ដៃ

  • 2020-10-06 10:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Chris Evans ដែល​ត្រូវ​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ Captain America ក្នុង​សែស្រឡាយ​រឿង​របស់ Marvel នោះ បាន​ចេញ​មក​វាយ​បក​ចាស់​ដៃ​ទៅ​ការ​ថ្លែង​របស់​ប្រធានាធីបតី​របស់​ខ្លួន លោក ដូណាល់ ត្រាំ ដែល​ស្នើ​ពលរដ្ឋ​អាមេរិក កុំ​អោយ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ជំងឺ Covid-19។

ប្រធានាធីបតី​អាមេរិក​លោក ដូណាល់ ត្រាំ ​បាន​ត្រឡប់​ទៅ​សេតវិមាន​វិញ​ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បន្ទាប់​បាន​សម្រាក​ទទួល​យក​ការ​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​រយៈ​ពេល​៣ថ្ងៃ ក្រោយ​លោក​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ខូវីដ១៩។

នៅ​ថ្ងៃ​ដដែល លោក​ប្រធានាធិបតី​ បាន​សរសេរ​នៅ​លើ Twitter របស់​ខ្លួន​ប្រាប់​ពលរដ្ឋ​អាមេរិក​​ថា លោក​នឹង​ចាក​ចេញ​ពី​មន្ទីរពេទ្យ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី ០៥ តុលា ហើយ​លោក​ពិត​ជា​មាន​អារម្មណ៍​ល្អ​ណាស់។ ដូច្នេះ​ហើយ សូម​កុំ​អោយ​មាន​ការ​ភ័យខ្លាច​ចំពោះ Covid-19 និង​កុំ អោយ​មេរោគ​នេះ​ចូល​មក​ចាត់ចែង​ជីវិត​របស់​អ្នក។

លោក​លើក​ឡើង​ថា "យើង​បាន​ដើរ​ទៅ​មុខ​ហើយ ក្រោម​ការ​ដឹក​នាំ​របស់ ដូណាល់ ត្រាំ ចំណេះ​ដឹង និង​ឱសថ​ខ្លះ​ពិត​ជា​អស្ចារ្យ​ណាស់ ខ្ញុំ​មាន​អារម្មណ៍ល្អ​​ជាង​កាល​ដែល​ខ្ញុំ​មាន​អាយុ​ទើប ២០​ឆ្នាំ​ទៅ​ទៀត!”។ សំណេរនេះ ត្បិត​ថា​អ្នក​គាំទ្រ​លោក​ជា​ច្រើន​បាន​សាទរ ប៉ុន្តែ​ក៏​មាន​មនុស្ស​មិន​តិច​ដែរ​ដែល​មិន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​ដោយ​ស្នើ​កុំ​អោយ​គ្រប់​គ្នា​ភ័យ​ខ្លាច​ចំពោះ​មេរោគ​សាហាវ​នេះ។

សំណេរ​របស់​លោក​ប្រធានាធិបតី បាន​ធ្វើ​ឲ្យ​តារា​សម្ដែង Chris Evans នៅ​មិន​សុខ ហើយ​បាន​សរសេរ​ឆ្លើយ​តប​ទៅ​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូប​នេះ។ Crish សរសេរ​សារ​ថា "មិន​ឲ្យ​ខ្លាច​ជំងឺ Covid-19?...គ្រប់​នាទី លោក​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ព្យាបាល​ដោយ​គ្រូពេទ្យ​ចំណាន​ៗ​បំផុត ព្រម​ទាំង​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ល្អ​ៗ​បំផុត​ថែម​ទៀត។ តើ​លោក​គិត​ថា គេ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​បែប​នេះ?”។

សំណេរ​របស់​តារា​សម្ដែង ត្រូវ​បាន​ការ​យល់​ស្រប​អំពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ Twitter ជា​ច្រើន ហើយ​ពួក​គេ​បាន​ចែក​ចាយ​បន្ត​សារ​នេះ​បន្ត​ឲ្យ​គ្នា។

មក​ទល់​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​ជំងឺ​ខូវីដ១៩សរុប ប្រមាណ ៧,៥លាន​នាក់ ក្នុង​នោះ​អ្នក​ជំងឺ​ជាង ២០ម៉ឺន​នាក់​បាន​បាត់​បង់​ជីវិត៕

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ ទារិកា

មតិយោបល់