• 2020-10-10 02:46:49
  • ព័ត៌មាន

ប្លែក​ទៀត​ហើយ! វីជេ ដាដា មិន​ទទួល​ចំណង​ដៃ​ដោយហេតុផល​មនុស្ស​ធម៌​ទាំង​ពីរ​នេះ

  • 2020-10-10 02:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ករ វីជេ ដាដា សម្រេច​ចិត្ដមិន​ទទួល​យក​ចំណង​ដៃ ឬ​បាច់​ផ្កា​ពី​ភ្ញៀវ​របស់​លោក​ដែល​ជា​សិល្បករ-សិល្ប​ការិនី​ល្បីៗ​ប្រមាណ​៣០០​នាក់​ ចូល​រួម​សម្ពោធ​ភោជនីយដ្ឋាន​របស់​លោក​កាល​ពី​យប់​មិញ។

លោក​បានបង្វែរ​ពី​ការ​ទទួល​ចំណង​ដៃ ឬ​បាច់​ផ្កា ទៅ​ដាក់​ហិប​មូលនិធិ​ចំនួន​ពីរ​នៅក្នុងពិធីនោះជំនួស​វិញ។ ហិប​មួយ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​ហិប​មួយ​ទៀត​សម្រាប់​ជួយ​ដល់​សាលា​ដូង​នៅ​តំបន់​ទេសចរណ៍​គិរីរម្យ ខេត្ត​កំពង់​ស្ពឺ។ លោក​នឹង​ប្រគល់​ហិប​ទាំង​ពីរ​នេះ​ដល់​តំណាង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​សាលា​ដូង ដោយ​លោក​មិន​អ៊ុត​មើល​មុន​ថាតើ​មាន​ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​ឡើយ ព្រោះ​លោក​ចង់​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ណា​ដែល​បើក​ហិប​ទាំង​នេះ​ឡើង។

តារា​សម្ដែង​រូប​សង្ហា ដាដា បញ្ជាក់​ថា ថវិកានៅក្នុងហិបត្រូវប្រគល់ជូនស្ថាប័នទាំងពីរទាំងអស់ ហើយបើ​ថវិកា​ដែល​ជា​ការ​ចែក​រំលែក​ពី​ភ្ញៀវ​របស់​លោក​កាល​យប់​មិញ​នេះមិន​ទទួល​បាន​ច្រើន​ដូច​ការ​រំពឹង​ទុក គឺ​លោក​នឹង​ដក​ប្រាក់​ភាគហ៊ុន​លោក​មួយ​ចំនួន​ទៀត​ដើម្បី​បន្ថែម​ជួយ​ដល់​ស្ថាប័ន​ទាំង​ពីរ​។

លោក​ប្ដេជ្ញាថា នឹងបន្ដ​ជួយ​ដល់​មន្ទីរ​ពេទ្យ និង​សាលា​រៀនដែល​លោក​គិត​ថា​ជា​ផ្នែក​មួយ​ជួយ​សង្គម និង​សង្គ្រោះ​ជីវិត​កុមារ​ជាច្រើននោះ តាម​រូប​ភាព​ផ្សេង​ៗ​ទៀត ជា​ពិសេស​តាម​រយៈ​អាជីវកម្ម​របស់​លោក​នា​ពេល​ថ្មីៗ​នេះ។

វីជេ ដាដា បាន​សម្ពោធ​បើក​ភោជនីយដ្ឋាន​ឈ្មោះ"GM" កាល​ពី​យប់​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០២០។ តាម​ដំណឹង នេះ​មិន​មែន​ជា​អាជីវកម្ម​ទី១​របស់​លោក​ទេ ពោល​គឺ​លោក​មាន​អាជីវកម្ម​ពីរ​ផ្សេង​ទៀត​ក្រៅ​ពី​អាជីព​សិល្បៈ។ ទីតាំង​ភោជនីយដ្ឋាន​ថ្មី​របស់​លោក​នេះ គឺស្ថិត​នៅ​ក្បែរ​សាលា ACE​ ក្នុង​ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់