• 2020-10-14 02:59:19
  • ព័ត៌មាន

គួរឲ្យសរសើរ! ខ្លួនបាត់ចំណូលទាំងស្រុងពីអាជីពសិល្បៈ តែនាយប្រហិត មានទឹកចិត្ដលះបង់ខ្ពស់

  • 2020-10-14 02:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​កំប្លែង​​​​ "ថាស​ហោះ" លោក ហាក់ ភិរក្ស ហៅ​នាយ​ប្រហិត ទទូច​ដល់​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ឲ្យ​ចូល​រួម​បរិច្ចាគ​ថវិកា ឬ​ធនធាន​ដែល​ខ្លួន​មាន​តាម​សទ្ធា ដើម្បី​ជួយ​សង្គ្រោះ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​លេច​លុង​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់​ធំ និង​ខេត្ត​កណ្ដាល។

នាយ ប្រហិត បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា ក្រោយ​អំពាវនាវ​រក​ថវិកា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​មួយ​ថ្ងៃ គឺ​ទទួល​បាន​ប្រាក់​ចំនួន​៧០​ដុល្លារ និង​មី​ចំនួន៣០​កេស ដោយ​ភាគ​ច្រើន​បានពី​អ្នក​ចម្រៀង​តាម​វង់​អកេះ និង​អ្នក​ស្គាល់​រូប​លោក។

រីឯប្រភព​ជំនួយ​ពី​មិត្ដ​សិល្បករ-សិល្ប​ការិនី​ល្បីៗ​មិន​ទាន់​ឃើញ​ចូល​រួម​នៅ​ឡើយ​ទេ ដោយ​លោកគិត​ថា​​លោក​មិន​សូវ​ល្បី ទើប​គេ​មិន​ស្គាល់​ ហើយចូលរួមបរិច្ចាគ។ ទោះយ៉ាងណាលោក​ចង់​ឃើញ​អ្នក​សិល្បៈ​គ្រប់​ទម្រង់​ជួយ​ពលរដ្ឋ​រងគ្រោះក្នុងគ្រាហ៍ដ៏លំបាកនេះ។

លោក​សង្កេត​ឃើញ​ថា សប្បុរសជន​បាន​សម្រុក​ទៅជួយ​ច្រើន​ខាង​ខេត្ដពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ រីឯ​ខេត្ត​ដទៃ​ទៀត​ដែល​មាន​ផល​ប៉ះពាល់​ស្រដៀង​គ្នា មិន​ទាន់​សូវ​ឃើញ​ទៅ​ជួយ​នៅ​ឡើយ។ ដូច្នេះ​ហើយ​ទើបលោក និង​ក្រុម​ការងារ ចង់នាំ​យក​អំណោយ​ជា​អង្ករ មី និង​ថវិកាខ្លះ ​ទៅ​ជួយ​ពលរដ្ឋ​ចំនួន​៤​គ្រួសារ​នៅ​ខេត្ដ​កំពង់​ធំ និង​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀតនៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល វិញម្ដង។

លោក ហាក់ ភិរក្ស ហៅ​នាយ​ប្រហិត បញ្ជាក់​ថា បច្ចុប្បន្ន​រូប​លោក​ក៏​ពុំ​មាន​ប្រភព​ចំណូល​ពី​សិល្ប​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឲ្យបាន​ល្អ​ប្រសើរ​ណាស់ណា​ដែរ ប៉ុន្តែ​ដោយ​លោក​មើល​ឃើញ​ពីការលំបាករបស់ជន​រងគ្រោះ​លំបាក​ជាង​លោក ទើប​លោក​ខំលះបង់​ទាំង​កម្លាំង​កាយ និង​ផ្លូវ​ចិត្ដ​ដើម្បី​ជួយ​គ្នា​ក្នុង​គ្រាហ៍​មាន​អាសន្ន​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់