• 2020-10-14 04:06:03
  • ព័ត៌មាន

អត់​ជាប់​ចំណាត់​មែន តែ​ដោយសារ​ស្អាត​អីចឹង ទើប​កញ្ញាឯក​តំណាង​ខេត្ត​សៀមរាប មាន​គេ​ទាក់​ទង​បណ្ដើរៗ​ហើយ!

  • 2020-10-14 04:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ឯក​តំណាង​ខេត្ត សៀមរាប កញ្ញា អ៊ុច សុគន្ធ​ដាវី ត្បិត​ថា នាង​មិន​បាន​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​សម្រស់ Miss Grand Cambodia 2020 ក្ដី ប៉ុន្តែ​តាម​ដំណឹង​នាង ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​តាម​រយៈ​រូប​សម្រស់​ស្រស់​ស្អាត ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការងារ​សិល្បៈ​បណ្ដើរ​ៗ​ហើយ។

ថ្មី​ៗ​នេះ​គេ​បាន​ឃើញ សុគន្ធា​ដាវី លេច​មុខ​ថត​សម្អាង​ការ ក្នុង ការ ថត ឈុត ប្រណិត​របស់​សម្អាងការ​មួយ​នៅ​ភ្នំពេញ គឺ​សម្អាង​ការ ម្កុដ​មាស​ខ្មែរ។ សម្រស់​ដ៏​ស្រស់​ផូរផង់​គួបផ្សំ​ជាមួយ​ការ​តុបតែង​មុខ​ធ្វើ​សក់ រំលេច​ដោយ​សំលៀកបំពាក់​ប្រណីត និង​ស្រោច​ដោយ​គ្រឿង​អលង្ការ​ភ្លឺ​ផ្លេក​ក្នុង​ឈុត​កូន​ក្រមុំ​ក្នុង​ថ្ងៃ​មង្គល​ជ័យ គឺ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​មិន​សរសើរ​មិន​បាន។

សាមី​ខ្លួន​បាន​បញ្ជាក់​យ៉ាង​ខ្លី​ណា នេះ​គឺ​ជា​ការងារ​សិល្បៈ​ទី​១ របស់​នាង​ចាប់​តាំង​ពី​នាង​បាន​បញ្ចប់​ការ​ប្រឡង​ក្នុង​កម្មវិធី​ខាង​លើ។ យ៉ាង​ណា នាង​ថា​មាន​ការងារ​មួយ​ចំនួន​ទៀត បាន និង​កំពុង​ទាក់ទង​មក​នាង​ដែរ ប៉ុន្តែ​អ្វី​ៗ​ស្ថិត​ក្នុង​ការ​ចរចា​គ្នា​នៅ​ឡើយ។ ទាំង​នេះ គឺ​ជា​ឱកាស​ថ្មី​បន្ថែម​សម្រាប់​នាង​ដែល​អាច​ក្ដាប់​បាន​ឱកាស​ទីផ្សារ​ថ្មី​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត។

កញ្ញា អ៊ុច សុគន្ធដាវី បញ្ជាក់​ថា នាង​ពិត​ជា​រីករាយ​ដែល​ទទួល​បាន​ឱកាស​ការងារ​សិល្បៈ​ទាំង​នេះ ព្រម​ទាំង​មើល​ឃើញ​ឱកាស​ការងារ​បន្តបន្ទាប់​នា​ពេល​ខាង​មុខ ដូច​បាន​បញ្ជាក់​ពី​ខាង​លើ គឺ​ថា នាង និង​ភាគី​ម្ខាង​ទៀត បាន និង​កំពុង​ចរចា​គ្នា។ ដូច្នេះ​ហើយ​ នាង​ថា នឹង​ខិត​ខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​បន្ថែម​ដើម្បី​បំពេញ​ចិត្ត​អ្នក​គាំទ្រ និង​លើក​ទឹក​ចិត្តនាង​កន្លងមក។

ជាមួយ​គ្នា កញ្ញា​ឯក​តំណាង​ខេត្ត​សៀមរាប ក៏​ឆ្លៀត​ថ្លែង​អំណរគុណ​ចំពោះ​សម្អាងការ​ម្កុដ​មាស​ខ្មែរ ដែល​បាន​ផ្តល់​ឱកាស​សម្រាប់​រូប​នាង​ ធ្វើ​ជា​ការ​ចាប់​ផ្ដើម​របស់​នាង​នៅ​វិថី​សិល្បៈ ហើយ​នាង​រំពឹង​ថា​ការងារ​ថ្មី​នេះ​ក៏​ជា​ការ​បើក​ផ្លូវ​សម្រាប់​នាង​ឈាន​ជើង​ទៅ​មុខ​មួយ​ជំហាន​ទៀត​ក្នុង​វិស័យ​នេះ​ដែរ។

លោក គង់ សុត្រាវី នាយិកា​សម្អាង​ការ ម្កុដមាស​ខ្មែរ

ងាក​មក​លោក​ស្រី គង់ សុត្រាវី នាយិកា​សម្អាងការ​វិញ បាន​មាន​ប្រសាសន៍​ថា បេក្ខនារី​ជាង​២០​នាក់​ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​សុទ្ធ​តែ​មាន​សម្រស់​ស្រស់​សោភា ប៉ុន្តែ​លោក​ស្រី​បាន​ចាប់​អារម្មណ៍​ខ្លាំង​ទាំង​រូប​សម្រស់ និង​អត្តចរិត ព្រម​ទាំង​បុគ្គលិក​លក្ខណៈ​របស់​កញ្ញា អ៊ុច សុគន្ធ​ដាវី ទើប​លោកស្រី​បាន​អញ្ជើញ​នាង​ឲ្យ​ថត​ឈុត​ប្រណីត​មួយ​ចំនួន​របស់​លោក​ស្រី​តែ​ម្ដង។

សុគន្ធា​ដាវី ត្រូវ​បាន​តម្រូវ​ឲ្យ​ស្លៀក​ឈុត​ប្រពៃណី​ប៉ុន្មាន​ឈុត​រៀប​ចំ​ដោយ​សម្អាង​ការ​ខាង​លើ ដែល​គេ​មើល​ឃើញ ទាំង​មនុស្ស និង​សំលៀកបំពាក់ គឺ​ស្អាត​ទាំង​ព្រម។ នាយិកា​សម្អាង​ការ​ដដែល បញ្ជាក់​ថា នេះ​ជា​ឈុត​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​ក្នុង​ពិធី​មង្គលការ ។សកម្មភាព​នេះ លោក​ស្រី ប្រាប់​ថា ធ្វើ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​លើក​កម្ពស់​តម្លៃ​ស្ត្រី ពិសេស​ធនធាន​មនុស្ស​ដ៏​កម្រ ដើម្បី​ឲ្យ​ពួកគាត់​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​សក្ដានុពល​របស់​ខ្លួន​ជូន​មហាជន៕

រូបភាព៖​ផ្ដល់​អោយ

អត្ថបទ៖ ទារិកា

មតិយោបល់