• 2020-10-19 03:15:46
  • ព័ត៌មាន

នៅ​ចាំ​ទេ តួអង្គ​ទេវតា​​ដ៏​ស្រស់​ស្អាត​កាល​ឆ្នាំ ២០១៨ ទេ ថ្ងៃ​មុន​លេច​មុខ​ក្រឡឹម មើល​ទៅ​ស្រស់​សោភា​ណាស់

  • 2020-10-19 03:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា សុគា គឹមលាង ធ្លាប់​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ ២០១៨ ​ក្រោយ​ពី​ដែល​នាង​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​តួអង្គ​ទេវតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នា​ពេល​នោះ។

តាម​សាវតារ សុគា គឹមលាង គឺ​ជា​នាដការី​របាំ​បុរាណ​មួយ​រូប​ដែល​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​តាំង​ពី​អាយុ​ទើប​បាន ៩​ឆ្នាំ។ គឹមលាង ហៅ កូន​ស្រមោច បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ខ្លួន​បាន​ធំ​ដឹង​ក្ដី​មក ដឹង​ថា ខ្លួន​ឯង​ស្រឡាញ់​ សិល្បៈ​បុរាណ​មួយ​ប្រភេទ​នេះ​ខ្លាំង។ ដូច្នេះ​ហើយ នៅ​ពេល​អាយុ​បាន ៩​ឆ្នាំ កញ្ញា ក៏​បាន​ចូល​ទៅ​សិក្សា​នៅ​ទី​នោះ​តែ​ម្ដង។

មាន​ទេពកោសល្យ​ផង មាន​ទាំង​រូប​សម្រស់​ផង កញ្ញា គឹម​លាង ក៏​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​តួអង្គ​ទេវតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក្នុង​ឆ្នាំ ២០១៨ ដ៏​គួរ​ឲ្យ​មោទកភាព។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រជាប្រិយភាព​របស់​នាង ក៏​រឹត​តែ​កើន​ឡើង​ខ្ពស់ ក្នុង​នោះ​មានក្រុម​ហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ភាពយន្ត និង​សម្អាង​ការ​ជា​ដើម​បាន​ទាក់​ទង​នាង។ យ៉ាង​ណា​ក្នុង​ចំណោម​នោះ នាង​ទទួល​ថត​តែ​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។

បញ្ហា​នេះ យុវតី​វ័យ ២២​ឆ្នាំ បញ្ជាក់​ថា នាង​មាន​ការ​មមាញឹក​ច្រើន​នៅ​ក្នុង​ការ​រៀន​សូត្រ និង​ជំនួញ​ផ្ទាល់​ខ្លួន​ខ្លះ​ផង ទើប​មិន​មាន​ពេល​គ្រប់​គ្រាន់ សម្រាប់​ការងារ​សិល្បៈ​ដែល​មាន​រយៈ​ពេល​វែង​ដូច​ជា​ថត​ភាពយន្ត​ជា​ដើម។ ដោយ​សារ​មិន​មាន​ពេល​សម្រាប់​ថត​ភាពយន្ត​ជា​ទី​ប្រាថ្នា​របស់​សិល្ប​ការិនី​ភាគ​ច្រើន​នោះ សុគា គឹមលាង ក៏​បាន​រស់​ក្នុង​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ ជាមួយ​នឹង​ការងារ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​។

ប៉ុន្តែ​កាល​ពី​សប្ដាហ៍​មុន ស្រី​ស្អាត​រូប​នេះ ស្រាប់​តែ​លេច​មុខ​ឡើង​វិញ​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ហាង​កាហ្វេ​មួយ។ នៅ​ពេល​នោះ គឹម​លាង ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី ជាមួយ​នឹង​សម្រស់​ដែល​នៅ​តែ​ស្រស់​សោភា​របស់​នាង។ ជំនួប​នា​ថ្ងៃ​នោះ នាដការី​របាំ​បុរាណ​ដ៏​ស្រស់​ស្អាត​រូប​នេះ បញ្ជាក់​ថា បច្ចុប្បន្ន​នាង​នៅ​តែ​មមាញឹក​នឹង​ការងារ​ផ្ទាល់ខ្លួន​នាង។ ដូច្នេះ​ហើយ​ការងារ​សិល្បៈ នាង​បាន​ត្រឹម​តែ​ទទួល​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​តែ​ប៉ុណ្ណោះ។

“ចំពោះ​ការងារ​សិល្បៈ ខ្ញុំ​ជាប់​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ច្រើន​បង តែ​ភាពយន្ត​អត់​ទេ...មាន​គេ​ទាក់​ទង​ច្រើន​បង តែ​ខ្ញុំ​អត់​ទទួល ដោយ​សារ​អត់​សូវ​​មាន​ពេល ខ្ញុំ​មាន​ការ​រវល់​ផ្ទាល់​ខ្លួន​ច្រើន...អីចឹង​ហើយ ទទួល​គេ​ថត ខ្លាច​អត់​មាន​ពេល​គ្រប់​គ្រាន់​ឲ្យ​គេ​ថត!”។

គឹម​លាង បញ្ជាក់​ថា នាង​បាន និង​កំពុង​រៀប​គម្រោង​អាជីវកម្ម​មួយ​បន្ថែម​ទៀត ដែល​អាច​នឹង​ចេញ​នៅ​ពេល​ឆាប់​ៗ​នេះ។ ដូច្នេះ​ហើយ ទើប​នាង​មិន​ទាន់​មាន​ពេល​សម្រាប់​ការងារ​សិល្បៈ​ទាំង​ស្រុង​នោះ​ទេ។ នាង​ថា ទៅ​ថ្ងៃ​មុខ ប្រសិន​បើ​អ្វី​ៗ​ដើរ​ដោយ​រលូន​ហើយ នាង នឹង​ពិចារណា សម្រាប់​ការងារ​សិល្បៈ​ទូទៅ រួម​ទាំង​ថត​ភាពយន្ត​ផង​ដែរ៕

រូបភាព៖ ហ្វេសប៊ុក គឹមលាង

អត្ថបទ៖ ទារិកា

មតិយោបល់