• 2020-10-19 07:55:17
  • ព័ត៌មាន

ចេញ​រូបភាព ព្រាប សុវត្ថិ ខេម សីម៉ា ចុះ​ដល់​តំបន់​ទឹក​ជំនន់​ព្រំដែន​ប្រទេស​យ៉ាង​កម្រ

  • 2020-10-19 07:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប៉ុន្មាន​នាទី​មុន​នេះ​ប៉ុណ្ណោះ ដែល​រូបភាព​យ៉ាង​កម្រ​របស់​ក្រុម​តារា​ចម្រៀង​ផលិតកម្ម Galaxy Navatra ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គ្រា​ដែល​ពួក​គេ​ត្រូវ​បាន​ឃើញ​ចុះ​ទៅ​ដល់​ទីតាំង​មួយ​នៅ​ឯ​ជាយ​ដែន​ប្រទេស ជា​ទី​បាន និង​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់​ធ្ងន់ធ្ងរ។

ពួក​គេ​ទាំង​នោះ​មាន លោក ព្រាប សុវត្ថិ តារា​ចម្រៀង ខេម កញ្ញា តន់ ច័ន្ទសីម៉ា និង​ថ្នាក់​ដឹកនាំ​ផលិតកម្ម​ខាង​លើ​ជា​ដើម។ សកម្មភាព​ទាំង​នោះ​របស់​ក្រុម​តារា​ចម្រៀង និង​ថ្នាក់​ដឹកនាំ​ផលិតកម្ម Galaxy ត្រូវ​បាន​ចែកចាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​បាន​ជំរុញ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ពី​សំណាក់​ប្រិយមិត្ត​របស់​តារា​ចម្រៀង និង​ផលិតកម្ម​។

ទិដ្ឋភាព​នេះ បាន​កើត​ឡើង ក្រោយ​ពី​លោក យឹម តា​ស្រង់ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា លោក និង​ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង​ដឹកនាំ​ក្រុម​ការងារ​យក​អំណោយ​ទៅ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ នូវ​អង្ករ ចំនួន ៦០​តោន និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ម្សិលមិញ។

ងាក​មក​ឯកឧត្ដម​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ​ក៏​បាន​គូស​បញ្ជាក់​នៅ​លើ​បញ្ហា​នេះ​ដែរ។ ឯកឧត្ដម បាន​សរសេរ​ថា ឯកឧត្ដម រួម​ជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​យក​ស្បៀង​សង្គ្រោះ​បន្ទាន់ ​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​ នៅ​ស្រុក​មង្គល​បូរី ក្នុង​ភូមិ​ព្រេក​រពៅ ឃុំ​ឬស្សី​ក្រោក។ ចំនួន២៣០ គ្រួសារ។

ស្បៀង​សង្គ្រោះ​បន្ទាន់​នោះ មាន​អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ផ្ដល់​ជូន​ទៅ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រុក​ខាង​លើ ចំនួន ២៣០ គ្រួសារ៕

រូបភាព៖ ហ្វេសប៊ុក ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ

អត្ថបទ៖ ទារិកា

មតិយោបល់