• 2020-10-26 03:06:27
  • ព័ត៌មាន

មាន​ខ្នង​ក្រាស់ ឥឡូវ​ល្បី​ថា ស្រី​ស្អាត​ប៉ុន្មាន​នាក់​នេះ នឹង​ចូល​វាយ​លុក​ទីផ្សារ​ចម្រៀង​ឆាប់​ៗ​នេះហើយ!

  • 2020-10-26 03:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ដំណឹង​ដែល​ទទួល​បាន​ព្រឹក​នេះ ក្រុម​ចម្រៀង​ស្រី​ថ្មី​បំផុត​មួយ​ក្រុម ដែល​ប្រមូល​ផ្ដុំ​ដោយ​យុវតី​វ័យ​ក្មេង និង​មាន​សម្រស់​ស្រស់​ស្អាត​ចំនួន ៥នាក់ នឹង​ហក់​ចូល​ទៅ​ក្នុង​ទីផ្សារ​សិល្បៈ​តន្ត្រី​របស់​កម្ពុជា​ឆាប់​ៗ​នេះ​ហើយ ក្រោយ​ពី​ពួក​គេ​មាន​ក្រុមហ៊ុន​ធំ​មួយ​នៅ​ពី​ក្រោយ។

ក្រុម​តារា​ចម្រៀង​មួយ​នេះ​មាន​ឈ្មោះ​ថា "FGG” (FUN Girls Group) ក្នុង​នោះ​សមាជិក​ទាំង​៥នាក់​ដែល​សុទ្ធ​តែ​វ័យ​ក្មេង និង​ស្អាត​ៗ​នោះ មាន ១.កញ្ញា "Melody” កញ្ញា "Selina” កញ្ញា "Mila” កញ្ញា "Lemon” និង​កញ្ញា "Mei Meii”។ តាម ក្រុមហ៊ុន ហ្វឺស យូណាយណេតវើក អេនធើធេនម៉ិន ឯ.ក ហៅ​កាត់​ថា ហ្វាន់ អេនធើធេនម៉ិន ដែល​ក្រុម​ហ៊ុន​មេ បញ្ជាក់​ថា នឹង​រៀប​ចំ​កម្មវិធី​សម្ពោធ​ក្រុម​តារា​ចម្រៀង​ស្រី​ឆាប់​ៗនេះ។

ក្រៅ​ពី​នេះ នៅ​ក្នុង​ថ្ងៃ​នោះ ក៏​នឹង​មាន​​ទាំង​ការ​ប្រកាស​ពី​បទចម្រៀង​និពន្ធ​ថ្មី​ទី​១​របស់​ក្រុម​ចម្រៀង​ស្រី​ស្អាត​នេះ​ផង មាន ចំណងជើងថា “Heart Beat”។ ក្រុម “FGG” នឹង​ធ្វើការ​បង្ហាញ​នូវ​ទេពកោសល្យ​ពួកគេ បូក​រួម​ទាំង​ការ​សម្ដែង​របស់ក្រុម​តារា​ចម្រៀង​នារីកម្ពុជាថ្មីមួយក្រុមនេះ​ផង ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់ ស្រឡាញ់ និងគាំទ្រ ពីសំណាក់មហាជន ក៏ដូចជា​ការជួយជម្រុញលើកទឹកចិត្ត និងផ្ដល់នូវ​ឱកាស និង​អនាគតដ៏ល្អនៅក្នុងដំណើរឆ្ពោះទៅមុខ។

កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​កម្មវិធី​សម្ពោធ​បទច​ម្រៀង​និពន្ធ​ថ្មី​ “Heart Beat” និង​ក្រុម​ចម្រៀង​នារី​កម្ពុជា “FGG” (FUN Girls Group) នឹងប្រារព្ធធ្វើឡើង នៅថ្ងៃអាទិត្យ ទី​០១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៩៖០០យប់ ដល់ម៉ោង ២១៖៣០យប់ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាន់ផ្ទាល់ដី (Central Court)។ ចំពោះភ្ញៀវដែលបានចូលរួមទស្សនា នឹងមានការផ្តល់ជូនជាវត្ថុអនុស្សាវរីយ៏របស់ក្រុមចម្រៀង “FGG” ផងដែរ។

កម្មវិធី​នេះ នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍ជាតិកម្ពុជា អ្នកនាង YIN Xia អគ្គនាយកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម គណៈប្រតិភូមកពីទូរទស្សន៍ជាតិកម្ពុជា និងបុគ្គលិកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ជាច្រើនរូបទៀត។

ចំណុច​គួរ​កត់​សម្គាល់​មួយ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ត្បិត​ថា​មិន​ទាន់​ដល់​ថ្ងៃ​ប្រកាស​វត្តមាន​ជា​ផ្លូវ​ការ ប៉ុន្តែ​ក្រុម​ចម្រៀង​នារី​កម្ពុជា “FGG” បាន​ចូល​រួម​ក្នុង​កម្មវិធីប្រគុំតន្រ្តី ខារ៉ាប៉ាវ (Carabao) របស់ស្ថានីយ៏ទូរទស្សន៏បាយ័នរួច​មក​ហើយ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០។

ក្រុមហ៊ុន​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ក្នុង​ការ​រៀប​ចំ​កម្មវិធី​ជ្រើស​រើស “ធីតាឯកសង្រ្កាន្តឆ្នាំ២០២០” កាល​ពី​ខែ​មេសា​នេះ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន មាន​គោល​បំណង ក្នុង​ការ​បណ្តុះបណ្តាល​យុវជន យុវនារី​គ្រប់​រូប ដែល​មាន​ជំនាញ និង​ទេពកោសល្យ ព្រម​ទាំង​ក្តី​ស្រមៃ ចង់​ក្លាយ​ខ្លួន​ជា​តារា ដើម្បី​បញ្ចេញ​សមត្ថភាព លើ​ឆាក​ជាតិ និង​អន្តរជាតិ ក្នុង​ន័យ​ជួយ​ចែក​រំលែក​នូវ វប្បធម៌ អរិយធម៌ និង​វិស័យ​ទេសចរណ៍​ជាតិ​​អោយ​កាន់​តែ​រីក​សុះ​សាយ ទៅកាន់​ឆាក​អន្តរជាតិ​ថែម​ទៀត៕

មតិយោបល់