• 2020-10-27 03:24:39
  • ព័ត៌មាន

សាក​ថ្ម​ជីវិត! សាយ កំពុង​ខ្សោះ​អស់​កម្លាំង​ស្ទើរ​ដួល តែ​ចៃដន្យ​ជួប​ដៃគូ​ចម្រៀង​ក្នុង​ទឹកដី​ខេត្ដ​កោះកុង

  • 2020-10-27 03:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រត់​លើ​ចម្ងាយ​ផ្លូវ​រាប់​រយ​គីឡូម៉ែត្រ​ឆ្លងកាត់​ខេត្ត/ក្រុង ជា​ច្រើន លោក អ៊ួន បឋម ហៅ​សាយ បាន​ចាត់​ទុក​អ្នក​ដែល​មាន​សមានចិត្ត​ចូលរួម​រត់​ជាមួយ​លោក ឬ​បរិច្ចាគ​ថវិកា ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា គឺ​ជា​ប្រភព​ថាមពល​សាក​ថ្ម​ជីវិត​យ៉ាង​មាន​ប្រសិទ្ធភាព​ដែល​រូបលោក កំពុងខ្សោះ​កម្លាំង​ទៅ​ហើយ​ឲ្យ​មាន​ចិត្ត​រត់​បន្ត​ទៀត។

ម្សិលមិញ សាយ បាន​ជួប​ដៃគូ​ចម្រៀង Original Song ម្នាក់ គឺ​លោក ចេន ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កោះកុង បាន​ចូល​រួម​រត់​ជាមួយ​លោក ក្នុង​ចម្ងាយ​ផ្លូវ​៤០​គីឡូម៉ែត្រ ចាប់​ពី​សាលា​ស្រុក​បូទុមសាគរ ដល់​តាតៃ។

សាយ រំលឹក​ថា៖"ចេន ធ្លាប់​ច្រៀង​រួម​គ្នា​ក្នុង​បទ"មិន​ព្រាត់" ថត​រឿង"បាតដៃ​ខ្មៅ"ព្រំប្រទល់ឡាវ ហើយ​ក៏​ធ្លាប់​មាន​អនុស្សាវរីយ៍​ប្រឡង​ធ្លាក់​ជាមួយ​គ្នា​ក្នុង​កម្មវិធី"My Song"ដែរ ម្សិលមិញ​គាត់​បាន​ផ្ដល់​កម្លាំង​ចិត្ត​ខ្ញុំ​ច្រើន"។

នៅ​ម៉ោង៤​កន្លះ រសៀល ថ្ងៃទី២៧ ខែ​តុលា នេះ សាយ នឹង​បន្ដរត់​ចេញ​ពី​ស្ទឹង​តាតៃ ដល់​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​ លើ​ចម្ងាយ​ផ្លូវ​២០​គីឡូម៉ែត្រ។ លោក​ជឿ​ថា ក្រៅ​ពី ចេន និង​មិត្តភ័ក្ដិ ក៏​អាច​នឹង​មាន​មនុស្ស​ផ្សេង​ទៀត​ដែរ ដែលមានសមានចិត្ដចូល​រួម​លើក​ទឹកចិត្ត និង​គាំទ្រ​សកម្មភាព​មនុស្សធម៌​របស់​លោក​លើកនេះ។

សូមរំលឹកថា ខេត្ដ/ក្រុង​ដែល​លោក​ត្រូវ​រត់​ឆ្លងកាត់​ទាំង​២២ រួម​មាន៖ ភ្នំពេញ កណ្ដាល កំពង់​ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់​ដំបង ប៉ៃលិន បន្ទាយ​មានជ័យ សៀមរាប ព្រះវិហារ រតនគិរី ស្ទឹងត្រែង មណ្ឌល​គិរី ក្រចេះ ត្បូង​ឃ្មុំ កំពង់​ចាម ស្វាយ​រៀង និង​ខេត្ត​ព្រៃវែង។

ចំពោះ​សប្បុរសជន ដែលចង់បរិច្ចាគ​ជាទឹកប្រាក់ អាច​បរិច្ចាគ​បានតាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។ សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់​សកម្មភាព​របស់​សាយ​អំឡុង​ពេល​រត់ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់ Sai, Channel YouTube របស់​សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់