• 2020-11-07 04:02:08
  • ភាពយន្ត

មហោស្រពភាពយន្ត​ជប៉ុន បើក​ផ្លូវការ​ជាមួយ​ភាពយន្ត​មួយ​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​សំណើច​ពេញ​រោង

  • 2020-11-07 04:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិ​ជប៉ុន សហការ​ជាមួយ​ស្ថានទូតជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​បើក​ដំណើរ​មហោស្រពភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​នៅ​យប់​មិញ​នេះ ជាមួយ​នឹង​ការ​នាំ​យក​ភាពយន្ត​ល្អ​ៗ​មើល​ជា​ច្រើន​មក​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥតគិត​ថ្លៃ ខណៈ​យប់មិញ​ភាពយន្ត​មួយ​រឿង​បើក​ក្បាល​មហោស្រព​បាន​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទុះសំណើច​ពេញ​រោង។

ភាពយន្ត​បើក​ឆាក​មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ ២០២០ នៅ​កម្ពុជា​យប់​មិញ​នេះ មាន​ចំណង​ជើង​ថា "Talking the Picture”។ សាច់​រឿង និយាយ​បក​ទៅ​អតីតកាលសម័យ​កាល​ចាប់​ផ្ដើម​ដំបូង​នៃ​ភាពយន្ត​ជប៉ុន ដែល​ភាពយន្ត​មិន​មាន​សំឡេង​ឡើយ។ សាច់រឿងផ្ដើម​ចេញ​ពី​កុមារា កុមារី នៅ​តំបន់​ជនបទ​មួយ​គូ ពួក​គេ​ម្នាក់​មាន​ទេពកោសល្យ ជា​អ្នក​បញ្ចូល​សំឡេង​កុន ម្នាក់​ទៀត​ជា​តួសម្ដែង។

ឆ្លង​កាត់​កុមារភាព​ដ៏​រីករាយ ពួក​បាន​វិវត្ត​មក​វ័យ​កំលោះ​ក្រមុំ ដ៏​ស្រស់​សង្ហា​មួយ​គូ។ យ៉ាងណា ឆាក​ជីវិត​របស់​គេ មិន​ជួប​រឿង​សម​បប្រកប​ឡើយ ពិសេស​ភាគី​ខាង​ប្រុស ដែល​ជួប​រឿងរ៉ាវ​មិន​ឈប់​រហូត​ដល់​ចុង​បញ្ចប់។ ទោះ​បី មិន​មាន​បច្ចេកទេស​កាត់​ត​ទំនើប ប៉ុន្តែ​រឿង "Talking the Picture" ទទួល​បាន​ការ​សាទរ​ច្រើន ទៅ​លើ​ខ្លឹមសារ​សាច់​រឿង មាន​បង្កប់​ស្នេហា​បរិសុទ្ធ ការ​អប់រំ​ជីវិត និង​បង្កប់​ឈុត​កំប្លែង​ស្ងួត ដែល​ជា​រឿយ​ៗ បាន​ផ្ដើម​ឲ្យ​ផ្ទុះ​សំណើច​ឥត​ឈប់​ពេញ​រោង។

នៅ​មាន​រឿង​ជា​ច្រើន​ទៀត ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​តាម​កាលវិភាគ​ចំនួន​២ ទី​១​ពី​ថ្ងៃ​សៅរ៍​ទី ៧ វិច្ឆិកា ដល់​ថ្ងៃ​ច័ន្ទ​ទី៩។ ទី​២ គឺ​មាន​បញ្ចាំង​នៅ​ចុងសប្ដាហ៍​ក្រោយ​ថ្ងៃ​ទី ១៤ និង ១៥វិច្ឆិកា ២០២០។ ទីតាំង​បញ្ចាំង​មាន​នៅ​រោងភាពយន្ត Major Cineplex by Smart នៅ​ផ្សារ​ទំនើប​អ៊ីអន ២ និង​នៅ​​រោងភាពយន្ត Legend សួន Eden Garden។

កម្មវិធី​បើក​សម្ពោធ​មហោស្រព​ភាពយន្ត​ជប៉ុន​យប់​មិញ ប្រព្រឹត្ត​ក្រោម​វត្តមាន​របស់​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រួម​ជាមួយ​វត្តមាន​លោក ជំទាវ ភឿង សុកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។ ថ្លែង​នៅ​ក្នុង​ពិធី ឯកឧត្តម អគ្គរាជទូត​ជប៉ុន បាន​ឲ្យ​ដឹង​ថា ខូវីដ បាន​ធ្វើ​ឲ្យ​ជប៉ុន​សម្រេច​លុប​ចោល​ប្រព្រឹត្តិការណ៍​ជា​ច្រើន។

ដូច្នេះ​ហើយ​ការ​ដែល​អាច​បើក​ដំណើរ​ការ​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​នា​ពេល​នេះ ឯកឧត្តម​ពិត​ជា​មានសេចក្ដី​សោមនស្សរីករាយ​ណាស់។ "ខ្ញុំ​សង្ឃឹម​ថា ប្រជាជន​កម្ពុជា​ជា​ច្រើន នឹង​ចូល​រួម​មហោស្រព​ភាពយន្ត​ជប៉ុន ព្រម​ទាំង​រីករាយ​ជាមួយ​ខ្សែ​ភាពយន្ត​ជប៉ុន​ទាំង​នេះ!”។

ក៏​ដូច​គ្នា​ដែរ លោក​ជំទាវ ភឿង សុកុណា បញ្ជាក់​ថា ក្នុង​នាម​ក្រសួង ក៏​រីករាយ​ដូច​គ្នា។ ដូច្នេះ​ហើយ ទើប​ដុតដៃ​ដុត​ជើង​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ​ឡើង​ឲ្យ​ខាង​តែ​បាន។ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ។ លោក ជំទាវ បញ្ជាក់​ថា កម្ពុជា និង​ជប៉ុន មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​យូរ​អង្វែង​ណាស់​មក​ហើយ ទាំង​វប្បធម៌ និង​ទំនាក់ទំនង​ការ​ទូត។ ដូច្នេះ​ហើយ ព្រឹត្តិការណ៍​នេះ នឹង​រឹត​ចំណង​ទាក់ទង និង​ផ្លាស់​ប្ដូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។

កម្ពុជា និង​ជប៉ុន​បាន​សហការ​រៀប​ចំ​ព្រឹត្តិការណ៍​ខាង​លើ​តាំង​ពី​ឆ្នាំ ២០១៥ មក។ ប៉ុន្មាន​ឆ្នាំ​មក​នេះ លោក​ជំទាវ​កត់​សម្គាល់​ឃើញ​ថា មាន​ចំណុច​វិជ្ជមាន​ជា​ច្រើន ដូច​ជា៖ ព្រឹត្តិការណ៍ បាន​នាំ​ផលិតករ​ជប៉ុន​មក​កម្ពុជា​ច្រើន ហើយ​ជាហេតុ​ឲ្យ​ពួក​គេបាន​ដឹង​ថា កម្ពុជា​ដែនដី​មួយ​សម្រាប់​ការ​ថត​ភាពយ្ត​បរទេស។

ចំណុច​វិជ្ជមាន​មួយ​ទៀត មហោស្រព​នេះ បាន​នាំ​ឲ្យ​យុវជន​កម្ពុជា​ជា​ច្រើន​បាន​យល់ និង​ចូល​រួម​សកម្មភាព​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​ជាច្រើន។ ដូច្នេះ​ហើយ តាង​នាម​ក្រសួង លោក​ជំទាវ សូម​គាំទ្រ​ពេញ​ទំហឹង​សម្រាប់​ព្រឹត្តិការណ៍​រឹត​ចំណង​ទាក់ទង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​មួយ​នេះ៕

សម្រាប់​ព័ត៌មាន​បន្ថែមពី​ចំណង​ជើង​រឿង ម៉ោង​បញ្ចាំង សូម​ចូល​ទៅ​កាន់​ទំព័រ Japanese Film Festival - Cambodia

អត្ថបទ៖ ទារិកា

មតិយោបល់