• 2020-11-17 02:50:37
  • ព័ត៌មាន

ស្ត្រី​កំពុង​ពពោះ​ដែល​បាន​ទម្លាក់​លេខ​ត្រៀម​ទទួល​រ៉ូប​ស្អាតៗ សួស វីហ្សា ផ្ញើទៅហើយ!

  • 2020-11-17 02:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រស្មីហង្ស មាស សួស វីហ្សា បាន​បំពេញ​ពាក្យ​សន្យា​របស់​ខ្លួន​ហើយ​នៅ​យប់មិញ​នេះ បន្ទាប់​ពី​នាង​ធ្លាប់​សន្យា​ថា នៅ​ពេល​នាង​រឹងដៃរឹងជើង​ពី​ការ​សម្រាល​កូន​ដំបូង​របស់​នាង នាង​នឹង​ចែក​រ៉ូប​ពោះ​ធំ​ជូន​ស្រ្ដី​ដែល​កំពុង​ពពោះ​ចាប់​ពី​១​ខែ រហូត​ដល់​ថ្ងៃ​សម្រាល ដោយ​ឥត​គិត​ថ្លៃ ហើយ​ថ្លៃ​ដឹកជញ្ជូន​ឲ្យ​ទៀត​ផង។

នៅ​ក្នុង​វីដេអូ Live រយៈ​ពេល​ជិត​១​ម៉ោង សួស វីហ្សា បញ្ជាក់​ថា រ៉ូប​ពោះ​ធំ​ដែល​នាង​ធ្លាប់​ប្រើ​នេះ គឺ​ជា​ម៉ូដ​ស្អាតៗ​មាន​រាប់​រយ​រ៉ូប។ នាង​ចង់​ឃើញ​រ៉ូប​ទាំង​នេះ​បាន​ទៅ​ដល់​ដៃ និង​ប្រើប្រាស់​បន្ត​ដោយ​ស្ត្រី​ពោះ​ធំ​ដែល​មាន​ជីវភាព​ខ្វះខាត​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ហើយ​រូប​នាង និង​ស្វាមី គឺ​ជា​អ្នក​ជ្រើសរើស​លេខ​ទូរស័ព្ទ​ដែល​ទម្លាក់​មក​ចង់​បាន​រ៉ូប​នោះ ហើយ​ចាត់ចែង​ផ្ញើ​ជូន​ស្រ្ដី​ទាំង​នោះ​ដោយ​ផ្ទាល់។

វីហ្សា បញ្ជាក់​ថា ថ្លៃ​ដឹក​ជញ្ជូន​នៅ​ក្នុង​ក្រុង​ថ្លៃ​២​ដុល្លារ និង​តាម​ខេត្ត​ថ្លៃ​ប្រហែល​១​ម៉ឺន​រៀល​នោះ គឺ​នាង​ជា​អ្នក​ចេញ​ថ្លៃ​ឲ្យ ហើយ​គ្រាប់​តែ​សុំ​ម្យ៉ាង​បើ​អ្នក​ដែល​បាន​ទទួល ឬ​ស្រ្ដី​ដែល​កំពុង​ពពោះ​នោះ​បាន​ស្លៀក​ហើយ​សូម​ជួយ​ថត​រូប​ផ្ញើ​ឲ្យ​នាង​បាន​មើល​ផង។

តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ផលិតកម្ម​រស្មីហង្ស មាស សួស វីហ្សា បាន​រៀបការ​ជាមួយ​លោក ថមមី ហើយ​បង្កើត​បាន​កូន​ស្រីដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​កាល​ពី​ខែ​តុលា ឆ្នាំ​២០២០។ នៅ​អំឡុង​ពេល​ពពោះ​វីហ្សា បាន​ចំណាយ​លុយ​ជា​ច្រើន​ដើម្បី​ទិញ​រ៉ូប​ស្អាតៗ និង​ប្រេនៗ​ដែល​មាន​តម្លៃ​ថ្លៃ​ទៅ​ប្រើប្រាស់​ក្នុង​រយៈ​ពេល​ខ្លី។ ចុង​ក្រោយ​នាង​ក៏​សម្រេច​ចិត្ត​យក​រ៉ូប​ទាំង​នេះ​ធ្វើ​ជា​អំណោយ​ដល់​ស្ត្រី​ពោះ​ធំ​ផ្សេង​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់