• 2020-11-18 03:34:31
  • ព័ត៌មាន

ទស្សនិកជន​ស្ទើរ​ភ្លេច​ទៅ​ហើយ សិល្ប​ការិនី​៤នាក់ បាត់​មុខ​ច្រើន​ឆ្នាំ ឥឡូវ​ហក់​ចូល​សិល្បៈ​វិញ

  • 2020-11-18 03:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​មាន​ហេតុផល​ផ្សេង​គ្នា ខ្លះ​ជាប់​កិច្ច​ការងារ ខ្លះ​ជាប់​មុខ​របរ​រកស៊ី ឬ​មាន​គ្រួសារ​ជា​ដើម សិល្ប​ការិនី​ខ្មែរ​មួយ​ចំនួន​បាន​ដក​ថយ​ពី​ការងារ​សិល្បៈ​ខ្លះ ទៅ​បាត់​រហូត​មិន​ខ្ចី​នឹក ប៉ុន្តែ​ខ្លះ​ទៀត នៅ​អាល័យ ឬ​កាលៈទេសៈ​ផង បាន​វិល​មក​ការងារ​សិល្បៈ​វិញ ក្រោយ​ដក​ខ្លួន​ស្ងាត់​ឈឹង​ច្រើន​ឆ្នាំ ប្រិយមិត្ត​ស្ទើរ​តែ​ភ្លេច​ទៅ​ហើយ​នោះ។

១.ឌុច សុភា៖ សុភា គឺ​ជា​អតីត​តារា​ស្រី​ជួរ​មុខ ដ៏​ល្បី​កាល​ពី​ប្រមាណ​ជិត ១០​ឆ្នាំ​មុន។ តារា​ស្រី​ទម្រង់​មុខ​មាន​ស្នេហ៍​រូប​នេះ បាន​ជួប​រឿង​រ៉ាវ​ជា​ច្រើន​ចាប់​តាំង​ពី​បាន​រៀបការ​ស្វាមី​មក​កាល​ពី​ចុង​ឆ្នាំ ២០១០។ នាង​បាន​ដក​ថយ​ពី​ការងារ​សិល្បៈ​តាំង​ពី​ពេល​នោះ រហូត​ដល់​មាន​រឿង​លែងលះ​ស្វាមី​នៅ ១​ឆ្នាំ​ក្រោយ នាង​ក៏​បាន​ត្រឡប់​មក​ការ​សម្ដែង​វិញ។ យ៉ាង​ណា នាង​នៅ​តែ​ត្រូវ​ភ្ជាប់​ជាមួយ​ចចាមអារ៉ាម​ជា​ច្រើន ពាក់​ព័ន្ធ​ទំនាក់ទំនង​ជាមួយ​មន្ត្រី អ្នក​មាន​អំណាច​មួយ​ចំនួន។

ចចាមអារ៉ាម​នោះ បាន​ទាញ សុភា ឲ្យ​ត្រឡប់​ទៅ​ក្រោយ​វាំង​នន​សិល្បៈ​ជា​ថ្មី។ តារា​ស្រី​បាន​រស់​នៅ​ស្ងប់ស្ងាត់​ច្រើន​ឆ្នាំ ហើយ​ប្រមាណ​ជា​១​ឆ្នាំ​មុន គេ​មើល​ប្រទះ​ឃើញ សុភា បណ្ដោយ​ខ្លួន​ឲ្យ​ធាត់​ខ្លាំង​មើល​ស្ទើរ​ពុំ​ស្គាល់។ ស្ថានភាព​នេះ គេ​ប៉ាន់​ប្រមាណ​ថា អតីត​តារា​ស្រី​ជួរ​មុខ​នេះ ទំនង​មិន​ត្រឡប់​មក​សិល្បៈ​វិញ​នោះ​ទេ។ ប៉ុន្តែ​ខុស​ពី​ការ​ប៉ាន់​ប្រមាណ​នេះ ថ្មី​ៗ​នេះ​បាន​លេច​ដំណឹង​ថា សុភា បាន​មក​រក​ការ​សម្ដែង​វិញ​ហើយ។

តាម​កញ្ញា ទឹម រដ្ឋា បាន​ឲ្យ​ដឹង​ថា ឌុច សុភា បាន​ចូល​រួម​សម្ដែង​ជាមួយ​នាង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​រឿង "ម្ដាយ ២"។ យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា នេះ​ជា​វិល​ត្រឡប់​វិញ​ពេញលេញ ឬ​គ្រាន់​ជា​ការ​ឆក់​កណ្ដៀត​នោះ​ទេ។

២.អេននី ហ្សាម៖  អេននី ហ្សាម បាន​បាត់​មុខ​ក្រោយ​ពី​នាង​ចេញ​បទ​ឆ្លងឆ្លើយ​នាយ គ្រឿន មួយ​បទ​មាន​ចំណង​ជើង​ថា "សង្ស័យ​តែ​ឆេះ​អ៊ីសេ" និង​បទ "មនុស្ស​ក្នុង​រូបថត" កាល​ពី​អំឡុង​ឆ្នាំ ២០១៤-២០១៥។ ចាប់​តាំង​ពី​ពេល​នោះ​មក នាង​ស្រាប់​តែ​បន្សាត់​ខ្លួន​ចេញ​ឆ្ងាយ​ពី​ការងារ​រាំ​ច្រៀង​របស់​នាង​បាត់​ស្ងាត់​ឈឹង។ ប្រិយមិត្ត​អាច​ត្រឹម​ឃើញ​សកម្មភាព​ផ្ទាល់​ខ្លួន​ខ្លះ​របស់​នាង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង IG របស់​នាង។

តាម​រយៈ​រូបភាព​នានា ដែល​តារា​ស្រី​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​ពីរ អំឡុង​ពេល​សម្រាក​ពី​សិល្បៈ អេននី ត្រូវ​បាន​គេ​ឃើញ​ថា​នាង ឡើង​គីឡូ​ខ្លួន​ខ្លាំង​ណាស់។ ប៉ុន្តែថ្មី​ៗ​នេះ គេ​ស្រាប់​តែ​ឃើញ​ម្ចាស់​បទ "ខូច​អារម្មណ៍" បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រុម​ការងារ​ថត​របស់​ផលិតកម្ម​ថោន និង​មិត្ត​រួម​ទ្រនំ​របស់​នាង​ឡើង​វិញ។ ប្រភព​មួយ​បាន​លួច​បង្ហើប​ថា តារា​ចម្រៀង​ស្រី បាន​ត្រឡប់​មក​វិញ​ហើយ ដោយ​បច្ចុប្បន្ន កំពុង​សម្ងំ​ថត​បទ​ចម្រៀង​ឲ្យ ថោន នឹង​គ្រោង​ចេញ​ឆាប់​ៗ​នេះ។

៣.សឿ សុធារ៉ា ៖ ភរិយា​របស់​លោក សាពូន មីដាដា ក៏​ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​ដែល​បាន​វិល​ត្រឡប់​មក​ការ​សម្ដែង​វិញ​ដែរ ក្រោយ​បាត់​មុខ​ជិត ១០។ សុធារ៉ា បាន​ដក​ខ្លួន​ឆ្ងាយ​ពី​សិល្បៈ​ចាប់​តាំង​ពី​រៀបការ​ជាមួយ​ម្ចាស់​បទ "ដើម្បី​អ្វី​ទៅ​អូន" កាល​ពី​ឆ្នាំ ២០០៩។ មក​ដល់​ឆ្នាំ ២០២០ នេះ តារា​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា រូប​នេះ ត្រូវ​បាន​គេ​ឃើញ​មាន​មុខ​សម្ដែង​ក្នុង​បទ​ចម្រៀង​របស់​លោក អេនឌី ថត​សម្អាងការ និង​សម្ដែង​ភាពយន្ត​មួយ​ចំនួន​ផង។

៤.សម ម៉ាណា៖ មិន​ខុស​ពី​តារា​ស្រី​ទាំង​៣​ខាង​លើ សម ម៉ាណា បាន​បាត់​ស្ងាត់​ឈឹង​ពី​សិល្បៈ​ប្រមាណ ១០​ឆ្នាំ។ ការ​រស់​នៅ​យ៉ាង​ស្ងាត់​កំបាំង​នោះ ល្បី​ថា ម៉ាណា មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អ្នក​មាន​អំណាច​មួយ​ចំនួន។ តែ​ទើប​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ គេ​ឃើញ​តារា​សម្ដែង​ខាង​លើ លេច​មុខ​វិញ​ក្រឡឺម។ តាម​ដំណឹង ម៉ាណា បាន​មក​ចូល​រួម​សម្ដែង​ភាពយន្ត​មួយ​រឿង ឲ្យ​អ្នក​ស្រី ពាន់ ភួង​បុប្ផា៕

អត្ថបទ៖ ទារិកា

មតិយោបល់