• 2020-11-20 03:25:29
  • ព័ត៌មាន

ចំណូល​ពី​អាជីព​សម្ដែង​របស់ លីម តិចម៉ុង ទប់ទល់​ជីវភាព​គ្រួសារ​លែង​ជាប់​ហើយ!

  • 2020-11-20 03:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លីម តិចម៉ុង ដែល​ចាប់​យក​អាជីព​សម្ដែង​តាំង​ពី​ឆ្នាំ​១៩៩២ រហូត​មក​ដល់​បច្ចុប្បន្ន ពឹង​លើ​ប្រភព​ចំណូល​ពីរ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ គឺ​ទី​១​ប្រភព​ចំណូល​ពី​ប្រាក់​ខែ​គ្រូ​បង្រៀន​រដ្ឋ​នៅ​សាលា​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រភព​ចំណូល​ទី២​បាន​មក​ពី​អាជីព​សិល្បៈ។

តារា​សម្ដែង​វ័យ​ចំណាស់​សក់​ស លីម តិចម៉ុង បាន​ប្រាប់ Sabay ថា បញ្ហា​កូវីដ-១៩ នៅ​ក្នុង​ឆ្នាំ​២០២០ នេះ​បាន​ធ្វើ​ឲ្យ​ចំណូល​ពី​អាជីព​សម្ដែង​របស់​លោក​ស្ទើរ​បាត់​ទាំង​ស្រុង​តែ​ម្ដង ដោយ​ការ​ចាយ​វាយ​ផ្សេងៗ គឺ​ពឹង​តែ​ទៅ​លើ​ប្រាក់​ខែ​គ្រូ​បង្រៀន​ប៉ុណ្ណោះ។ លោករំលឹកថា មុន​ពេល​កូវីដ-១៩ វាយ​លុក​ដល់​កម្ពុជា រូប​លោក​អាច​ចេញ​សម្ដែង​បាន​ជាង​១០​ថ្ងៃ​ក្នុង​១​ខែ តែ​សព្វថ្ងៃ​លោក​ចេញ​បាន​តែ​២ ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​១​ខែ ហើយ​កម្រៃ​តិចតួច​ទៀត។

លោក​គ្រូ លីម តិចម៉ុង ចង់​ឃើញ​កម្ពុជា មាន​ទីផ្សារ​ប្រកួត​ប្រជែង​ខ្លាំង​លើ​វិស័យ​ភាពយន្ត​ខ្មែរ​ដូច​ភាពយន្ដ​បរទេស​ដែរ ព្រោះ​បើ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង នោះ​តារា​ខ្មែរ​ក៏​មាន​ឱកាស​ការងារច្រើន ហើយក៏ទទួល​បាន​ចំណូល​ច្រើន​ទៅ​តាម​នោះ​ដែរ។ លោកថា ជាក់ស្ដែងបើទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ ក៏វិស័យភាពយន្ដក៏នៅមានសង្ឃឹមច្រើនដែរ។

ដើម្បី​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ប្រកួតប្រជែង​ផ្នែក​ភាពយន្ដខ្មែរ សមត្ថភាព​សម្ដែង​របស់តួអង្គម្នាក់ ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែរ។ ចំពោះ​លោក លីម តិចម៉េង ដែល​មាន​បទពិសោធន៍​សម្ដែង​ជិត​៣០​ឆ្នាំ ថា​លោក​មាន​សមត្ថភាព​សម្ដែង​ជា​តួអង្គ​កាច ស្លូត និង​ជា​តួអង្គ​ខ្មោច​ក៏​បាន​ ឲ្យតែមានការស្នើសុំពី​អ្នក​ដឹកនាំ​រឿង។

លោក លីម តិចម៉េង បាន​ប្រឡូក​ក្នុង​អាជីព​សម្ដែង​តាំង​ពី​ឆ្នាំ​១៩៩២ ហើយ​ចាប់​ពី​ពេល​នោះ រហូត​មក​ដល់​បច្ចុប្បន្ន​លោក​បាន​ថត​រឿង​ភាគ រឿង​ដុំ និង​រឿង​អប់រំ​ខ្លី​សរុប​ជាង​១០០​រឿង។ ស្នាដៃ​សម្ដែង​លេចធ្លោ​របស់​លោក គឺ​មាន​ដូច​ជា​រឿង"ភូមិ​ខ្ញុំ​ស្រស់​ឆើត​ឆាយ" រឿង"ថ្ងៃ​មុន​ស្ងប់ ថ្ងៃនេះ​ស្រឡាញ់" រឿង"ជ្រោះ​ស្នេហ៍​ពេជ្រ​និល" និង​រឿង​ទើប​ថត​មួយ​គឺ​រឿង"សំបុត្រ​មក​ពី​ឋានសួគ៌"ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់