• 2020-11-24 07:22:26
  • ព័ត៌មាន

លើក​នេះ​លេង​មែន​ទែន! សូដា នីតា ៖ "កុំ​ខ្វល់…មិន​បាន​យក​គ្នា​កំបាំង​មុខ​ទេ!”

  • 2020-11-24 07:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​សម្រេច​ចង​ស្ពាន ភ្ជាប់​និស្ស័យ​នឹង​គ្នា ជាមួយ​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ ស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈមក ឥឡូវ​នេះ សូដា នីតា ចាប់​ផ្ដើម​បើក​ចំហ​ទំនាក់ទំនង​មួយ​នេះ​ហើយ ដោយ​នៅ​ថ្ងៃ​នេះ​នាង​បាន​បញ្ចេញ​រូបភាព​រួម​គ្នា​យ៉ាង​កម្រ ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ពេចន៍​ចាក់​ដោត​មួយ​ចំនួន​ផង។

សូដា នីតា ត្រូវ​បាន​គេ​ដឹង​ថា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក ស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ជា​តារា​សម្ដែង និង​ជា​មន្ត្រី​យោធា​ម្នាក់​កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ។ ពិធី​នោះ មិន​ត្រូវ​បាន​ធ្វើ​ធំ​ដុំ​ទេ បើ​ទោះ​គេ​ដឹង​ថា នាង​ជា​តារា​ស្រី​រស់​នៅ​ក្នុង​ជីវិត​ហ៊ឺហា​មាន​រថយន្ត​ទំនើបៗ និង​ផ្ទះ​វីឡា​ក៏​ដោយ។ បញ្ហា​មិន​ធ្វើ​ពិធី​ធំ​ដុំ​នេះ សាមី​ខ្លួន​មិន​បាន​អះអាង​ប្រាប់​សារ​ព័ត៌មាន​ឡើយ ប៉ុន្តែ​ភាគី​ខាង​ប្រុស បាន​បញ្ជាក់​ពី​រឿង​នេះ​ទៅ​វិញ​ថា កាល​ដែល​ពួក​គេ​មិន​ធ្វើ​ពិធី​ធំ​ដុំ ដោយ​សារ​តែ​វេលា​នោះ សូដា នីតា ទើប​នឹង​ជួប​រឿង​ទុក្ខ​សោក​ដោយ​សារ​ម្ដាយ​ស្លាប់​ផង។ ដូច្នេះ​ហើយ ទើប​ពិធី​ភ្ជាប់​ពាក្យ​នៅ​ត្រឹម​ជា​រឿង​បន្ទាប់​បន្សំ។

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ពេល​នោះ​មក គេ​កម្រ​ឃើញ តារា​ស្រី​បញ្ចេញ​រូប​ជាមួយ​គូដណ្ដឹង​ជា​សាធារណៈ​ណាស់។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ សូដា នីតា ​បាន​បង្ហាញ​ពី​ភាព​ផ្លាស់​ប្ដូរ​ហើយ ដោយ​នាង​បាន​ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​ជាមួយ​គូដណ្ដឹង​ដែល​មាន​វ័យ​ក្មេង​ជាង​ខ្លួន​នេះ។ ជាមួយ​គ្នា នាង នៅ​ភ្ជាប់​ជាមួយ​សារ​ដាស់​តឿន​ខ្លួន​ឯង​ផង​ថា "កុំ​ខ្វល់...!"។

សូដា នីតា បាន​សរសេរ​ថា "កុំ​ខ្វល់... យើង​មាន​ប៉ុណ្ណា​ទទួល​ប៉ុណ្ណឹង​ទៅ ... ព្រោះ​មិន​បាន​លាក់​មុខ​ពូន​អាត្មា យក​គ្នា​កំបាំង​មុខ រឺ យក​ប្តី​អ្នក​ណា​ទេ!!!”។ គេ​នៅ​មិន​ទាន់​ដឹង​ឡើយ​ថា តារា​ស្រី​ដែល​មាន​ប្រវត្តិ​ខក​ស្នេហ៍​ម្ដង​ជា​២ដង​រូប​នេះ បាន​ពើប​ប្រទះ​នឹង​រឿង​អ្វី​ទៀត​នោះ​ទេ សម្រាប់​ទំនាក់ទំនង​បើក​ចំហ​ជាមួយ​គូដណ្ដឹង​នេះ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​នាង​ទប់​មិន​បាន​បញ្ចេញ​សារ បញ្ឆិតបញ្ឆៀង​ដូច្នេះ​ឡើយ។

តាម​រយៈ​សារ​ដដែល តារា​ស្រី នៅ​បាន​លើក​ឡើង​ថា នៅ​ពេល​នេះ នាង​ដឹង​តែ​ប្រឹង​រកស៊ី ដើម្បី​អនាគត​ប៉ុណ្ណោះ ព្រោះ​ថា លុយ​នៅ​ក្នុង​ដី មិន​មែន​លុយ​ធ្លាក់​ពី​លើ​មេឃ​ឡើយ។

កញ្ញា សូដា នីតា ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​បាន​ភ្ជាប់​ពាក្យ​ម្ដង​រួច​មក​ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មួយ​ជាមួយ​អាណិកជន​ខ្មែរ នៅ​បារាំង​ម្នាក់។ ប៉ុន្តែ​ក្នុង​ពេល​ដែល​អ្វី​ៗ មិន​ទាន់​បើក​ចំហ​ជា​សាធារណៈ​ផង ពួក​គេ​ក៏​បាន​បែក​គ្នា​ទៅ​វិញ។ លុះ​មក​ដល់​ឆ្នាំ ២០២០​នេះ កញ្ញា ក៏​បាន​ជួប​ស្នេហ៍​ម្ដង​ទៀត​ជាមួយ​តារា​សម្ដែង​ជំនាន់​ក្រោយ​នាង។ ទំនាក់ទំនង​នេះ ក្រោយ​ពី​លោក ស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ បាន​ប្រកាស​នៅ​តាម​ហ្វេសប៊ុក ថា​លោក​ពេញ​ចិត្ត សូដា នីតា ដែល​ពេល​នោះ​លោក​បាន​ហៅ​នាង​ថា "បង​ស្រី" ហើយ​ប្រសិន​បើ​ភាគី​ខាង​ស្រី​មិន​ប្រកាន់​ទេ លោក​នឹង​ចូល​ស្ដី​នាង​តាម​ប្រពៃណី​។

ការ​ចែចូវ​តាម​រយៈ​បណ្ដាញ​សង្គម និង​ជួយ​បន្ទរ​ដោយ​សារ​ព័ត៌មាន​នោះ បាន​នាំ​ឲ្យ​កំលោះ​ជួប​ភ័ព្វ​ល្អ ក្នុង​នោះ​ត្បិត​ថា​មិន​ដឹង​ថា ខាង​ស្រី​ឆ្លើយ​ពាក្យ​ពេចន៍​យ៉ាង​ម៉េច​ទៅ​អ្នក​សុំ​ស្នេហ៍ តែ​ទី​បំផុត​ពួក​គេ​បាន​ភ្ជាប់​ពាក្យ​ទៅ​តាម​ទំនៀម​ក្រោម​ការ​ដឹង​លឺ​ពី​ចាស់​ទុំ​ទាំង​សងខាង​នៅ​ថ្ងៃ​ទី ០៥ តុលា ២០២០។ យ៉ាង​ណា អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​ឲ្យ​ដឹង​នៅ​ឡើយ​ថា ពួកគេ​គ្រោង​នឹង​ដឹកដៃ​គ្នា​ចូល​រោងការ​នៅ​ពេល​ណា៕

អត្ថបទ៖ ទារិកា

មតិយោបល់