- 2020-11-26 02:42:50
- ព័ត៌មាន
មានផ្លូវតែមួយ ព្រាប សុវត្ថិ រត់រកអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ហើយលើទំនាស់ដីធ្លីនៅមណ្ឌលគីរី
- 2020-11-26 02:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានផ្លូវតែមួយ ព្រាប សុវត្ថិ រត់រកអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ហើយលើទំនាស់ដីធ្លីនៅមណ្ឌលគីរី
ចន្លោះមិនឃើញ
លិខិតកម្រាស់បីទំព័រផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កាលពីសប្ដាហ៍មុន ទើបតែបែកធ្លាយនៅពេលនេះ។ លោកបានស្នើសុំពីសម្ដេចឲ្យជួយអន្តរាគមន៍ដោះស្រាយករណីទំនាស់ដីធ្លីមួយកន្លែងនៅខេត្តមណ្ឌលគីរី ដែលលោកចោទថា សមាជិកក្រុមប្រឹក្សាខេត្តនេះឈ្មោះ ម៉ៅ ធនារក្ស និងឧកញ៉ាឈ្មោះ អ៊ាង លីអេង បានរំលោភយកដីស្របច្បាប់របស់ម្ដាយលោក។
ប៉ុន្តែគេនៅមិនទាន់ឃើញមានចំណារ ឬការឆ្លើយតបយ៉ាងណាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើលិខិតសុំអន្តរាគមន៍របស់លោក និងម្ដាយ នៅឡើយទេ បន្ទាប់ពីលោកអះអាងថា មានករណីអ្នកមានលុយ និងមានអំណាចបានរំលោភយកដីស្របច្បាប់របស់លោក។
នៅក្នុងលិខិតសុំអន្តរាគមន៍ដែលមានស្នាមផ្ដិតមេដៃរបស់លោក ព្រាប សុវត្ថិ និងម្ដាយឈ្មោះ ផូ សំណាង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យដឹងថា ដីទំហំជាង៩ហិកតារ ដែលកំពុងមានជម្លោះនេះ គឺជាដីដែលអ្នកស្រី ផូ សំណាង ទិញពីពលរដ្ឋចំនួន៥គ្រួសារ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដោយអាជ្ញាធរភូមិ ឃុំ និងស្រុក បានស៊ីញ៉េទទួលស្គាល់លើការផ្ទេរសិទ្ធកាន់កាប់នោះទៀតផង។
ករណីនេះក៏មានការប្រជុំដោះស្រាយពីរដងហើយដោយអាជ្ញាធរក្រុងសែនមនោរម្យ កាលពីដើមខែកញ្ញា ឆ្នាំ២០២០ ប៉ុន្តែគូភាគីមិនសះជានឹងគ្នា ព្រោះភាគីទាំងសងខាងអះអាងថាជាម្ចាស់កម្មសិទ្ធិលើដីនោះដូចគ្នា។ លោក ព្រាប សុវត្ថិ អះអាងថា ដីដែលម្ដាយលោកទិញតាំងពីឆ្នាំ២០១៨ មកនោះ បានកាន់កាប់ និងអាស្រ័យផល ព្រមទាំងបានធ្វើរបងទៀតផង ប៉ុន្ដែមកដល់ខែវិច្ឆិកា ឆ្នាំ២០២០ នេះស្រាប់តែមានជនមិនស្គាល់មុខទៅវាយកម្ទេចរបងដែលគាត់ខំធ្វើជាយូរហើយនោះ ហើយគេបានធ្វើរបងព័ទ្ធយ៉ាងរឹងមាំជំនួសវិញ។
ទោះជាយ៉ាងណាភាគីលោក ម៉ៅ ធនារក្ស បានច្រានចោលការចោទប្រកាន់របស់លោក ព្រាប សុវត្ថិ តាមរយៈតំណាងប្រធានសមាគមអ្នកសិល្បៈកម្ពុជាលោក ហេង ឡុង បង្ហោះតាមបណ្ដាញសង្គម។ លោកថា ករណីដីធ្លីនេះ កំពុងស្ថិតនៅក្នុងដៃ នៃការដោះស្រាយតាមផ្លូវច្បាប់របស់រដ្ឋបាលក្រុងសែនមនោរម្យ និងស្រុកអូររាំង ដោយមិនទាន់ដឹងថាអ្នកណាជាម្ចាស់ដីពិតប្រាកដនៅឡើយទេ។
ចំណែកលោក ព្រាប សុវត្ថិ និងម្ដាយ វិញបានរៀបរាប់នៅក្នុងលិខិតសុំអន្តរាគមន៍ថា លោក ម៉ៅ ធនារក្ស ដែលគេស្គាល់ថាជាបងរបស់អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានរំលោភយកដីស្របច្បាប់របស់លោកដោយអះអាងថាបានទិញពីពលរដ្ឋទាំង៥គ្រួសារដែរ ហើយយកទៅលក់បន្តឲ្យឧកញ៉ា អ៊ាង លីអេង ទើបបញ្ហាផ្ទុះឡើងនៅឆ្នាំ២០២០ នេះ៕