• 2020-12-01 08:33:09
  • ព័ត៌មាន

ត្រៀម​ស្ដាប់​កម្សាន្ដ​ទាំង​អស់​គ្នា! គ្រូ​គុនល្បុក្កតោ​​ ឆន ច័ន្ទវីរៈ គ្រោងចេញចម្រៀង​២​បទ​នៅ​ក្នុង​ខែ​ធ្នូ នេះ

  • 2020-12-01 08:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​គុន​ល្បុក្កតោ​រស់នៅ​វត្ដ​ថាន់ រាជធានី​ភ្នំពេញ លោក ឆន ច័ន្ទ​វីរៈ ប្រកាស​ថា លោក​កំពុង​និពន្ធ និង​ច្រៀង​ចម្រៀង​​ចំនួនពីរ​បទ ដើម្បី​ដាក់​បង្ហោះ​នៅ​លើ​ទំព័រ​ផ្លូវការ​របស់​ផលិតកម្ម"អាថាន់​ភាពយន្ដ" នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០ នេះ។

តួឯក​ប្រុស​ក្នុង​រឿង"​មិត្ដ​ក្របី" ដែល​កំពុង​ថត​ត្រៀម​ដាក់​បញ្ចាំង​តាម​រោងភាពយន្ត​នៅ​ឆ្នាំ​២០២១ ខាង​មុខ គឺ​លោក ឆន ច័ន្ទ​វីរៈ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​មុន​បន្តិច​ថា បទ​ទី១​ដែល​នឹង​ត្រូវ​ចេញ​នោះ គឺ​មាន​ចំណង​ជើង​ថា"បេះដូង​មនុស្ស​ខ្មៅ" ដែល​បទ​នេះ​មាន​អត្ថន័យ​ស្រដៀង​នឹង​បទ"បេះដូង​បាត​ផ្សារ" ​លោក​ធ្លាប់បាន​បង្ហោះ​កាល​ពី​លើក​មុន។ រីឯ​បទ​ទី២ មាន​ចំណង​ជើង​ថា"ទឹក​ភ្នែក​ស្រក់​លាយ​ឈាម"។

លោក ច័ន្ទ​វីរៈ មិន​បាន​បញ្ជាក់​ទេ​ថា បទ​ថ្មី​ទាំង​ពីរ​បទ គឺ​ជា​ប្រភេទ​បទ​មនោសញ្ចេតនា ឬ​បែប​ញាក់​កន្ទ្រាក់​អារម្មណ៍។ ប៉ុន្ដែ​បទ"បេះដូង​បាត​ផ្សារ"​ដែល​ជា​ស្នាដៃ​និពន្ធ និង​ច្រៀង​ដោយ​រូប​លោក​ផ្ទាល់​នោះ គឺ​ជា​បទ​មនោសញ្ចេតនា ត្រូវ​បាន​លោក​បង្ហោះ​កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២០ ហើយ​បើ​គិត​មក​ត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០​​ នេះ គឺ​មាន​អ្នក​ចូល​ទស្សនា ឬ​ស្ដាប់​ជាង​៩០០០​លើក។

ទោះ​ជា​យ៉ាង​ណា គ្រូ​គុន​ល្បុក្កតោ​រូប​នេះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ងាក​ពី​ការ​បង្ហាត់​ក្បាច់​គុន​ល្បុក្កតោ និង​សម្ដែង​រឿង​ផ្ទាល់​ខ្លួន​មក​ផលិត​បទ​ចម្រៀង​នា​ពេល​នេះ​វិញទេ។ ប៉ុន្តែ​លោក ឆន ច័ន្ទ​វីរៈ ធ្លាប់​បង្ហើប​ថា រូប​លោក​ចង់​ក្លាយ​ជា​តារា​ចម្រៀង និង​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ថ្ងៃ​អនាគត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម