• 2020-12-01 08:57:20
  • ព័ត៌មាន

សរុប ៤​ឆ្នាំ​មក​នេះ មាន​ចម្រៀងច្រើន​ណាស់ ដែល​ក្រសួង​លេង​​ធម៌​ក្ដៅ!

  • 2020-12-01 08:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់​របស់​ក្រសួង​ពាក់ព័ន្ធ​បាន​ចាប់​ផ្តើម​ជា​បន្ត​បន្ទាប់​នៅ​ ទៅ​បទ​ចម្រៀង ឬ MV ដែលមាន​រូប​ភាព ​ឬ​អត្ថន័យ​​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់សង្គម​។ តាំង​ពី​ឆ្នាំ​ ២០១៦ មក ​ក្រសួង​បាន​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ និង MV លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ បទ​ចម្រៀង​ទាំង​នោះ​រួមមាន​៖

១.បទ «ស្អាត​ជា​និច្ច»

​បទចម្រៀង «ស្អាតជា​និច្ច» ច្រៀង​​ដោយ​ ​​អ្នក​នាង​ ពេជ្រ សោភា ជាមួយ​ អ្នក​ចម្រៀង​រ៉េប​លោក​ ជា​ដេវីត​ និពន្ធ​ទំនុក​ដោយ​ ​នាង ពេជ្រ សោភា ស្ថិត​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស។ បទចម្រៀង​នេះ​ពេល​ដែលចេញ​ភ្លាម​មាន​ការ​គាំ​ទ្រខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​ ប៉ុន្តែកា​លពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​កំហិត​ឲ្យ​ម្ចាស់​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ទាំងអស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ «​ស្អាត​ជានិច្ច​»។ ​ក្រសួង​ព័ត៌មាន​បាន​ចាត់ទុក​ថា ខ្លឹមសារ​ទំនុក​ច្រៀង​​ដែល​និពន្ធ​ថ្មី​នេះ​ប្រាសចាក​ពី​អត្ថន័យ​ដើម​ ដែល​បាន​អប់រំ​បណ្តុះ​គំនិត​ប្រាជ្ញា​ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម រស់នៅ​ស្អាត មាន​អនាម័យ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​ក្មេងមិន​​មាន​ភាព​ខ្ជិល​ច្រអូស។

២.​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​»​ និង​ បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​»

ចម្រៀង​នេះ​ក៏​​រង​ការ​រិះ​គន់​ពី​ពល​រដ្ឋ​ទូទៅ​យ៉ាងសម្បើមដែរ​ ក្រោយ​មក​ក្រសួង​ព័ត៌មានក៏បាន​​ដាក់​ចេញ​នូវ​ចំណាត់​ការ​ភ្លាមៗ ទៅ​លើ​បទ​ចម្រៀង​ពីរ​បទ ដែល​មាន​ចំណងជើង​ថា «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» ច្រៀង​ដោយ​លោក កែវ វាសនា ស្ថិតក្នុងផលិតកម្មថោន និង​បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ច្រៀង​ដោយ ក​ញ្ញា ចាន់ ម៉ាលីស របស់ផលិតកម្ម U Production ដោយ​​ចេញ​សេច​ក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ២០១៦ ​ប្រាប់​ដល់​បណ្តា​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ ទាំងអស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​នូវ​បទ​ចម្រៀង​ទាំងពីរ​បទ​នេះ។ ចំពោះ​មូល​ហេតុ​នៃ​ការ​បញ្ឈប់​ការ​ចាក់​ផ្សាយ​នោះ គឺ​ដោយសារ​បទ​ទាំងពីរ​នេះ​មាន​អត្ថន័យ​ប្រាស​ចាក​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ពិសេស​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ។

៣.បទ «គ្រូបង្រៀនស្រវឹងស្រា»

កាល​ពី​ពេល​ថ្មី​បទ​ចម្រៀង​«គ្រូបង្រៀនស្រវឹងស្រា»នេះ ​រង​ការ​រិះ​គន់​ជា​ដំណំ​ពី​សាធារណៈ​ជន​មួយចំនួនដែរ រហូត​ក្រសួងព័ត៌មាន​​ចេញ​លិខិត​ កាលពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ហាម​មិន​ឲ្យ​ចាក់ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​នោះទេ។​ ក្រសួង​លើក​ឡើង​ថា​​​បទ​នេះ​បាន​ប្រាសចាក​អំពី​អាកប្បកិរិយា និង​សីលធម៌​ថ្លៃថ្នូរ​របស់​គ្រូ​បង្រៀន​ទូទៅ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូ​បង្រៀន​ ដែលអាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ទាំង​មូល។ បទចម្រៀង​ដែល​នេះ​ជា​ការច្រៀង​ដោយ​តារា​ចម្រៀង​ខ្មែរ​សុរិន ចេន សាយចៃ និង​និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក យឹម ​តាស្រង់ ស្ថិតក្នុងផលិតកម្ម ថោន។

៤.បទ "សល់​តែ​ចិត្ត​ស្មោះ" កាល​ពី​ឆ្នាំ ២០១៨

ក្រសួង​ព័ត៌មាន ព្រមទាំង ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ថ្មី​ៗ​នេះ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ ដើម្បី​ឲ្យ​បញ្ឈប់​ការ​ចាក់​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា "សល់​តែ​ចិត្ត​ស្មោះ" ដែល​ច្រៀង​ដោយ​លោក​ស្រី កែវ ច័ន្ទសម្ផស្ស របស់​ផលិតកម្ម​ខ្មែរ​អមតៈ។

ក្រសួង​បាន​រកឃើញ​ថា បទ "សល់​តែ​ចិត្ត​ស្មោះ" បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ការងារ​របស់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​ដែល​ច្បាប់​ស្តី​ពី​គាំពារ ជាពិសេស រាជ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​ផ្ដល់​កិច្ច​គាំពារ​ដល់​ពួកគាត់​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​៕

៥.បទ "កណ្ដៀវ​អូន​ស្រួយ" ឆ្នាំ ២០១៩

មន្រ្តី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ​តាម​រយៈ​ក្រុម​ប្រឹក្សាពិន័យ​ និង​លើក​សរសើរ​នៃ​ក្រសួងវប្បធម៌ បាន​ហៅ​អ្នកនិពន្ធ​បទ «កណ្ដៀវអូនស្រួយ» មកអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម។ អ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា បានទទួលការណែនាំពីមន្រ្តីក្រសួងវប្បធម៌ ធ្វើឡើងនៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ នៅក្រសួងវប្បធម៌។

៦.មក​ដល់​ឆ្នាំ ២០២០ បទ "ចាក់សាំង" របស់​តារា​ចម្រៀង​រ៉េប MC Bull បាន​រង​ការ​រិះគន់​ជា​ច្រើន​ពី​មហាជន។ ចុង​ក្រោយ ក្រសួង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ហៅ​ម្ចាស់​ស្នាដៃ​មក​ជួប។ មិន​មាន​ដំណឹង​ថា ម្ចាស់​បទ​ខាង​លើ​បាន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​ឬ​អត់​ទេ ប៉ុន្តែ​ក្រោយ​មក បទ​នេះ ត្រូវ​បាន​លុប​ចេញ​ពី​ឆាណែល​យូធូប​របស់​ក្រុម​ផលិត​មួយ​នេះ។

ក្រៅ​ពី​បទ ចាក់សាំង”របស់លោក MC Bull បទ “អូនធំ” របស់តារាចម្រៀង សោភា ទេពី បទ”អូនស្អាតពេលស្រាត” បទ”Hot Boy” របស់លោកវណ្ណដា និងបទ”នារីបឹងទំពុន” របស់លោក Tempo Tris ក៏​ទទួល​រង​ការ​រិះគន់​ជា​​ច្រើន​ពី​មហាជន​ដែរ។ នេះ​សម្រាប់​ឆ្នាំ ២០២០ ប៉ុន្តែ​ក្រឡេក​ទៅ​អតីតកាល ក្រសួង​ក៏​បាន​ហាម​ឃាត់​មិន​ឲ្យ​ចាក់​ផ្សាយ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ មាន​ទូរទស្សន៍ និង វិទ្យុ​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ទៀត ដូចជា ​"ឈឺ​ត្រង់​ពក​ណា" "ពូកអូន​ប៉ុណ្ណា?" " ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ការ៉េម" "ដួល​គង​ចំ​ប៉ាន់​" "ជីវិត​អ្នក​ប្រដាល់" "បាត់​បង​ដូច​បាត់ hot dog” "អាម៉ុម​ពុំ​ពីត" និង​បទ "សង្សារ​ខ្ញុំ​ចរិត​បាន" ជាដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់