• 2020-12-08 02:45:08
  • ព័ត៌មាន

រឿង​ពិសេស​មួយ កើត​ក្នុង​ការ​បរិច្ចាគ​១លានដុល្លារ​ជួយ​រាជរដ្ឋាភិបាល​របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា

  • 2020-12-08 02:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា អ្នក​ឧកញ៉ា រួម​ទាំង​សិល្បករ​ល្បី​ៗ​ឈ្មោះ​ជា​ច្រើន បាន និង​កំពុង​ស្រុះ​ដៃគ្នា​បរិច្ចាគ​ជួយ​រាជរដ្ឋាភិបាល ទុក​បម្រុង​ទិញ​វាក់សាំង​ខូវីត ១៩ មក​ចែក​ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​បរិច្ចាគ ១លាន​ដុល្លារទៀត​ដែរ។

នេះ​សកម្មភាព​ជួយ​សង្គម​ថ្មី​របស់​ឧកញ៉ា​ដែល​មាន​អតីតភាព​ជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ កាល​ពី​​គ្រោះ​ទឹក​ជំនន់ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឧបតម្ថ​ប្រាក់ ៦០ម៉ឺន​ដុល្លារ និង​អង្ករ​ចំនួន ៦០តោន ជួយ​រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ​ដែល​រងគ្រោះ។ នា​ពេល​នោះ តួលេខ​នេះ ស្ថិត​នៅ​ចំណាត់​ថ្នាក់​ជាង​គេ ជាហេតុ​នាំ​ឲ្យ​ឧកញ៉ា​វ័យ​ក្មេង ទទួល​បាន​ការ​កោត​សរសើរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល។

នៅ​យប់​មិញ​នេះ​ទៀត ចាងហ្វាង​ផលិតកម្ម Galaxy Navatra ក៏​ធ្វើ​រឿង​អស្ចារ្យ​ជា​ថ្មី ដោយ​បាន​ប្រកាស​បរិច្ចាគ ១លាន​ដុល្លារ​ជូន​រាជរដ្ឋាភិបាល តែ​ត្រឹម​ប្រមាណ ១ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​សម្ដេច​នាយករដ្ឋមន្ត្រីបញ្ចេញ​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល ខ្វះ​ខាត​ថវិកា​ក្នុង​ការ​ទិញ​វ៉ាក់សាំងខូវីត១៩​មក​​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។

យ៉ាង​ណា តួលេខ ១លាន​ដុល្លារ ត្បិត​ថា​ច្រើន​ជាង​មុន ប៉ុន្តែ​មិន​មែន​ជា​ចំនួន​ច្រើន​ជាង​គេ​ឡើយ ខណៈ​មាន​ឧកញ៉ា​ផ្សេង​ទៀត ដូច​ជា អ្នក​ឧកញ៉ា​គិត​ម៉េង ជា​ដើម​បាន​បរិច្ចាគ ៣លាន​ដុល្លារ​ជូន​រាជរដ្ឋាភិបាល​ឯណោះ។ បែប​នេះ​ក្ដី អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​ជា​មនុស្ស​ទី​១ ដែល​ចេញ​​មុខបរិច្ចាគ​​នា​គ្រា​នេះ ក្រោយ​យល់​ពី​ផល​វិបាក​របស់​រាជរដ្ឋាភិបាល។

បន្តបន្ទាប់​មក ក៏​មាន​សប្បុរសជន ឥស្សរជន​ជា​ច្រើន​ទៀត បាន​ចេញ​មក​ជួយ​ឧបត្ថម្ភ​បន្តបន្ទាប់។ សកម្មភាព​របស់​ម្ចាស់​ឧបត្ថម្ភ​ទាំង​នេះ ទទួល​បាន​ការ​សាទរ​ជា​ច្រើន​ពី​​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ។

នៅ​ម្សិលមិញ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ចេញ​​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​គ្រោង​បញ្ចេញ​ថវិកា​បញ្ជា​ទិញ​វ៉ាក់សាំង​ខូវីត១៩ ចំនួន​១លាន​ដូស​ជា​ជំហាន​ដំបូង។ ចំនួន​នេះ អាច​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​តែ ៥០ម៉ឺន​នាក់(ម្នាក់​ចាក់​២ដូស)​ប៉ុណ្ណោះ។ សម្ដេច​បាន​លើក​ឡើង​ថា កម្ពុជា​ខ្វះខាត​ថវិកា​សម្រាប់​​ទិញ​វ៉ាក់សាំង​ឲ្យ​គ្រប់​ចំនួន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​ប្រមាណ ១៦លាន​នាក់។

ដូច្នេះ​ហើយ សម្ដេច បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​ក្រសួង ហិរញ្ញវត្ថុ ធ្វើ​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី និង​ពហុភាគី ដើម្បី​រក​លទ្ធភាព​ទិញ​វ៉ាក់សាំង​គ្រប់​ចំនួន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ។ បែប​នេះ​ហើយ ទើប​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​ចេញ​​មុខ​ភ្លាម​មុន​គេ ឧបត្ថម្ភ ហើយ​ក៏​មាន​ឧកញ៉ា អ្នក​ឧកញ៉ា សិល្បករ​ល្បី​ៗ​បន្ត​បន្ទាប់​ទៀត។

តាម​ព័ត៌មាន​នៅ​លើ​ទំព័រហ្វេសប៊ុក​សម្ដេច​តេជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម ម៉ោង ៩ និង ៣០នាទី​ព្រឹក​ថ្ងៃ​ទី ៨ ធ្នូ នេះ រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​ចំនួន ១៨លាន​ដុល្លារ​អាមេរិក​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់