• 2020-12-09 07:05:43
  • ព័ត៌មាន

ហេតុអ្វី EXO លែងមានមុខ​ក្នុង​កម្មវិធី MAMA ៣ឆ្នាំនេះ? នេះជាចម្លើយ!

  • 2020-12-09 07:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ធំ​មួយ​ប្រចាំ SM គឺ EXO បានបង្ហាញវត្តមាន​លើកចុងក្រោយ​ក្នុង​កម្មវិធី​ MAMA កាលពី​ឆ្នាំ ២០១៧ និង​ចាប់ពីឆ្នាំ ២០១៨​ មក​ក្រុម​មិន​បាន​ទៅចូលរួមទេ។ មកពីហេតុអ្វី? ការពិតបើ​តាម​អ្នកគាំទ្ររបស់​ក្រុម​បាន​លើក​ឡើង​ថា​រវាង​ EXO និង​ Mnet ប្រែជា​ចាប់​ផ្ដើម​មិនសូវ​ដើរ​ទៅមុខ​រលូនជាមួយគ្នា។ អាស្រ័យ​ហេតុ​នេះ​ទើប​ EXO-L ប្រាប់​គ្នា​កុំ​ឲ្យ​ Vote តាំង​ពី​ឆ្នាំ ២០១៨​មក​ ព្រោះពួកគេ​មិន​គាំទ្រ​នូវ​អ្វី​ដែល​ Mnet បាន​ធ្វើ​នោះទេ។

ផ្អែក​តាម​ភស្តុតាងជា​ច្រើន​ និង​ក៏ព្រោះទង្វើ​បែប​មិន​គោរពតារាៗ និង​អ្នក​គាំទ្រ​កម្មវិធី​ទាំងអស់ ជាពិសេស​ EXO តែម្ដង ទើប​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​សម្ដែង​ការ​មិនពេញចិត្ត។ ខាងក្រោម​នេះ​ជា​អ្វី​ដែល​ EXO បាន​ជួប​ប្រទះ​ជាមួយ​នឹង​ MAMA នេះ​បើ​យោង​តាម​អ្វី​ដែល​មហាជន​ និង​អ្នក​គាំទ្រ EXO បាន​លើក​ឡើង៖

ឆ្នាំ ២០១៥៖ លុប​បទ​ «Love Me Right»

ដូច​អ្នក​គាំទ្រ​ចាំ​បាន​ថា​ រឿងហេតុ​ចាប់​ផ្ដើម​មិនស្រូល​តាំងពីឆ្នាំ ២០១៥។ វីដេអូ​សម្ដែង​របស់​ "Love Me Right" របស់ EXO មាន​អ្នក​ចូល​មើល​ដល់ទៅ​ ៧០០ ០០០ដង (ជិត​១លានដងឯណោះ) មុន​ Mnet លុប​ចោល ដើម្បី​ សម្រួល​គុណភាព​វីដេអូ។ ប៉ុន្តែមែន​ទែន​ទៅ​ ចំនួន​ចូល​មើល​ត្រូវ​លុប​ចោលទៅតាម​នោះដូចគ្នា ស្របពេល​ EXO ខំ​សម្ដែង​អស់ពីចិត្តពីកាយ តែបែរជា​ចុង​ក្រោយ​ត្រូវអសារបង់។ ក្រុមការងារ​ Mnet ក៏បាន​ប្រញាប់​ Upload ជាថ្មី​ដែរ ប៉ុន្តែ​នៅតែ​មិន​អាច​ស្ដារ Views បាន​ច្រើន។ អ្នកគាំទ្រពិត​ជា​តូច​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​អ្នកណាៗក៏ដឹង​ថា​ចំនួន​ View ពិត​ជា​កត្តា​សំខាន់​ ដើម្បី​ទទួល​បាន​ពាន។

ឆ្នាំ ២០១៧៖ ជា​ឆ្នាំ​ខ្មៅងងឹត​សម្រាប់​ EXO ក្នុង​កម្មវិធីទទួល​ពាន

ពេល​នោះ​ អ្នក​គាំទ្ររបស់​ក្រុម​ត្រូវគេ​ឃាំង​ដោយ​របាំងមិនឲ្យចូល​ ហើយ​ Light Stick របស់ពួកគេក៏ត្រូវ​បាន​ដក​ហូត​ដែរ។ កត្តា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំងអស់គិត​ថា​ ធ្វើ​បែប​នេះ​ចង់​ឲ្យ​ពេល​ EXO សម្ដែង​ គឺ​ត្រូវ​ក្លាយ​ជា​ «Black Ocean» មានន័យ​ថា​គ្មាន​ពន្លឺ​ Light Stick​ ចាំងឡើងឡើយ ស្របពេល​បទ​របស់ក្រុម​ក៏ត្រូវ​កាត់ចោលខ្លះ ហើយ​មាន​បញ្ហា​ទាក់ទង​នឹង​បច្ចេកទេស​សំឡេង​ទៀត។

ដោយឡែក​បើ​យោង​តាម​ការ​បង្ហើប​របស់​ Song Joong Ki នៅថ្ងៃ​នោះ​ EXO បាន​លួច​យំ​ក្រោយឆាកទៀត។ សម្រាប់​ Baekhyun បន្ទាប់ពីទទួលពាន «Album Of The Year» លោក​បាន​ប្រាប់ទៅអ្នក​គាំទ្រថា​ «EXO-L កុំយំ! ពួកយើង​បានឈ្នះ​ពាន​ហើយ​ ឥលូវអ្នក​អាចទៅផ្ទះ​ និង​សម្រាក​ឲ្យ​បាន​ស្រួល​បាន​ហើយណា៎។ អ្នក​ទាំងអស់​ខិតខំ​ខ្លាំង​ណាស់ យើង​នឹង​ជួប​គ្នា​ជា​ថ្មី​នៅ​កន្លែង​ដដែល នៅឆ្នាំ​ក្រោយ អរគុណណាស់អ្នកទាំងអស់គ្នា»។ ប៉ុន្តែ​មក​ EXO (រួមជាមួយ​ក្រុមមួយ​ចំនួន​របស់​ SM) សម្រេច​លែង​ចូល​រួម​កម្មវិធី​នេះ ហើយ​ Suho ធ្លាប់​បាន​ប្រាប់​ EXO-L ថា​ «អ្នក​មិន​ចាំបាច់​បោះឆ្នោត​តទៀតទេ ព្រោះ​ថា​សម្រាប់​យើង​ EXO-L គឺ​ជា​ Daesang ស្រាប់​ហើយ»។

ឆ្នាំ ២០១៩៖ ការ​មិនគោរព ចាប់​ផ្ដើម​មានកាន់​តែ​ខ្លាំង​

មិនថា​តែអ្នក​គាំទ្រ​ប្រចាំ​ក្រុម​នេះ​ទេ សូម្បីអ្នក​គាំទ្រ​ផ្សេង​ទៀត​របស់ K-Pop ដែល​បាន​មើល​កម្មវិធី​បាន​លាន់​មាត់គ្រប់គ្នា ពី​ទង្វើ​អសីលធម៌​ដែល​កម្មវិធី​ធ្វើ​ដាក់​ EXO។ Mnet បាន​លុប​វីដេអូ​ទាំង​អស់​របស់​ EXO ចោល ពី​បណ្ដាញ​សង្គម។ ជាឧទាហរណ៍មួយ​ទៀត​ ដូចវីដេអូ «Tears of Joy» របស់ក្រុមជាដើម MAMA បាន​ដក​វីដេអូ​សំខាន់ៗ​របស់ក្រុមរយៈពេល​ជា​ច្រើន​ឆ្នាំកន្លងមក​ ហើយ​លើកពាក្យថា «TearsOf Joy»​ ចំ​វីដេអូដែល EXO បង្ហាញ​មុខ​នៅ​ឆ្នាំ ២០១៧ ដែលជា​ឆ្នាំ​ចុងក្រោយ​របស់ក្រុម​ក្នុងកម្មវិធីនេះជំនួស​ទៅវិញ។ អ្នកគាំទ្រ​ពិតជា​តូចចិត្ត​ ព្រោះ​ដឹង​ច្បាស់​ពីមូលហេតុពីក្រោយទឹកភ្នែក​ដែល​ស្រស់នោះ។

ឆ្នាំ ២០២០វិញ​ មាន​អ្វី​កើតឡើង?

ចូលដល់ឆ្នាំ​នេះ​ MAMA រៀបចំ​តាមបែប​ Online ដោយសារ​គេច​ពី​ការ​គំរាម​របស់​មេរោគកូវីដ ១៩។ ទោះ​បី​ខិតខំ​សម្រិត​សម្រាំង​ខ្លាំង​យ៉ាងណា ប៉ុន្តែ​ក៏នៅ​មាន​បញ្ហា​កើតមាន​ទាល់តែ​បាន។ រៀងរាល់​ឆ្នាំ អ្នកតាមដាន​កម្មវិធីនេះតែងតែរំពឹង​ថា​ MAMA ព្យាយាម​កែប្រែឲ្យ​បាន​ប្រសើរជាងមុន។ EXO មិនមែន​ជា​ក្រុម​តែមួយ​ដែលជួបរឿងហួសចិត្តទេ​ ព្រោះដូចឆ្នាំ​នេះ​កម្មវិធីបានបង្កើត​កំហុស​ថ្មី និង​រងការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​តាំង​ពី​ការផ្ដល់កន្លែងរង់ចាំមិនស្មើភាពគ្នាឲ្យតារាៗ, និង​ការធ្វេសប្រហែសដោយការ​បង្ហាញ​រូប​ក្រុម​ BTS តែ​ភ្លេច​ដាក់​រូប​ Jin ជាមួយ​ ក៏ដូចជាបញ្ហា​ផ្សេង​ទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់