• 2020-12-10 09:14:49
  • ព័ត៌មាន

លុយ​ដុល្លារ​សុទ្ធ១កាបូប ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​យក​ទៅ​ប្រគល់​​ជូន​ឯកឧត្ដម សេង ទៀង ហើយ!

  • 2020-12-10 09:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​បរិច្ចាគ​១លាន​ដុល្លារ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ជូន​រាជរដ្ឋាភិបាល​ទិញ​វ៉ាក់​សាំង​កូវីដ ទុក​ចាក់​ជូន​ប្រជាពលរដ្ឋ ឥឡូវ​នៅ​រសៀល​ថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០​នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន​ បុរី​ឡេង​ណាវ៉ាត្រា​គ្រុប បាន​នាំ​ទឹក​ប្រាក់​ចំនួន​ ១លាន​ដុល្លារ យក​ទៅ​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀងហើយ។

ទឹក​ប្រាក់​ចំនួន​ ១លាន​​ដុល្លារ​នេះ លោកឧកញ៉ា បាន​យក​ទៅ​​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀង ដោយ​ផ្ទាល់​តែ​ម្ដង។ នេះ​ជា​កាយ​វិការ​សប្បុរសថ្មី​ទៀត​ ក្នុង​ការ​ចូល​រួម​​ជួយ​ដល់​សង្គម​របស់​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ជានិច្ចកាល​លោក​ឧកញ៉ា​វ័យ​ក្មេង​ ដែល​​ធ្លាប់​មាន​ប្រវត្តិ​ជា​​ពលករ​ធ្វើ​ការ​នៅ​​ប្រទេស​កូរ៉េ​រូប​នេះ​តែង​តែ​ជួយ ដល់​សង្គម​ជា​និច្ច។

សូម​រំលឹក​​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឧកញ៉ា ទើប​តែ​បាន​បរិច្ចាគ​ចំនួន ​៦០ម៉ឺន​ដុល្លារ​ព្រម​ទាំង​អង្ករ​៥០តោន​ ចូលរួមជា​មួយ សម្ដេច​តេជោ ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​រួច​មក​ហើយ។

ការ​ចូល​រួមបរិច្ចាគ​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​មុន​គេ​ភ្លាមៗ​តែ​ម្ដង បន្ទាប់​ពី​សម្តេចតេជោ ហ៊ុន សែន ប្រកាស ពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក​ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បាន​ឆ្លងចូល​ដល់​សហគមន៍​កម្ពុជា។ បន្ទាប់​មក​ឃើញ​មាន​​លោក​ឧកញ៉ា អ្នក​ឧកញ៉ា ព្រម​ទាំង​សប្បុរសជន​ជា​ច្រើន​​ទៀត​បាន​​ចូល​រួម​បរិច្ចាគ​ជា​បន្ត​បន្ទាប់។

ស្មារតី​សាមគ្គីភាព វប្បធម៌​នៃ​ការ​ចែក​រំលែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​កូវីដ១៩ ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​យើង​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ធំ​ធេង​មហាសាល​ដែល​បាន​ក្លាយ​ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដ៍​រឹង​មាំ។

ផ្អែក​តាម​ផេក សម្ដេច​តេជោ គិត​មក​ដល់​ល្ងាច​​ថ្ងៃ​ទី៩ ខែ ធ្នូ ឆ្នាំ ២០២០​នេះ ថវិកាដែល​សប្បុរសជន​ចូល​តាម​តិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន នៅល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា​សម្រាប់​ទិញ​វ៉ាក់​សាំង​យក​មក​ចាក់ ជូន​ប្រជាជន​ដោយ​ឥត​គិត​ថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១លាន​ដូស ដើម្បី​ចាក់​ប្រជាពលរដ្ឋ​ប្រមាណ ៥០ម៉ឺននាក់ ៕

អត្ថបទ៖ ទារិកា

មតិយោបល់