• 2020-12-11 03:07:05
  • ព័ត៌មាន

តារា​ចម្រៀង មាន​ងារ "ឯកឧត្តម" ចុះ​ធ្វើសកម្មភាព​មនុស្សធម៌​ទាំង​ខ្លួន​ឯង​កំពុង​មាន​បន្ទុក​ធំ

  • 2020-12-11 03:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ដែល​មាន​ងារ​ជា "ឯកឧត្តម" និង​មាន​បេះដូង​មនុស្សធម៌ លោក សន វិជ្ជបុត្រ បាន​បាត់​មុខ​ពី​ការងារ​សិល្បៈ​ជាច្រើន​ខែ​កន្លង​មក​ហើយ ប៉ុន្តែ​នៅ​ម្សិលមិញ​នេះ បាន​លេច​មុខ​ជា​ថ្មី ទៅ​ធ្វើ​សកម្មភាព​សប្បុរសធម៌​ដល់​ខេត្ត​ស្វាយ​រៀង។

សកម្មភាព​នេះ ទាំង​គេ​​ដឹង​ថា លោក​ខ្លួន​ឯង ក៏​មាន​បន្ទុក​ខ្លាំង​លើ​ការ​ទប់ទល់​នឹង​មុខ​ជំនួញ​ក្នុង​ដំណាក់​កាល​ការ​រីករាលដាលនៃ​ជំងឺ​កូវីដ​១៩​ក្តី​ក៏តារា​រូបនេះ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ថ្មី។ ម្សិលមិញ​នេះ វិជ្ជបុត្រ បាន​ធ្វើ​ដំណើរ​ផ្ទាល់​ទៅ​កាន់​ទឹក​ដី​នៃ​ខេត្ត​ស្វាយរៀង​ដើម្បី​សួរ​សុខ​ទុក្ខ​សិល្បករ​ជើង​ចាស់​ផ្នែក​ចាប៉ីដង​វែង​លោកតា អ៊ិន សារុន។

ក្នុង​ដំណើរ​នេះ លោក​បាន​នាំ​យក​នូវ​អំណោយ​ជា​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ​រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​ជូន​ដល់​ព្រឹទ្ធាចារ្យ​ផង ដែល​កាយវិការ​នេះ ក្រោយ​លោក​ទើប​បាន​​ដឹង​លឺ​ថា ព្រឹទ្ធាចារ្យ បាន និង​កំពុង​រស់​នៅ​ក្នុង​ជីវភាព​លំបាកលំបិន។

ឯកឧត្តម វិជ្ជបុត្រ បញ្ជាក់​ថា​សិល្បករ​ជើង​ចាស់​ផ្នែក​ចាប៉ី​ដង​វែង​លោក​តា អ៊ិន សារុន ដែល​ជា​មរតក​មនុស្ស​រស់ បច្ចុប្បន្ន​លោក​តា​កំពុង​រស់​នៅ​យ៉ាង​កម្សត់​នៅ​ភូមិ​ត្រពាំង​រុន២ ចន្រ្តី ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង ដោយ​លំនៅ​ដ្ឋាន​គាត់​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំជន និង​ការ​ធ្វើ​ដំណើរ​មាន​ការ​លំបាក​ខ្លាំង​ថែម​ទៀត។

"ខ្ញុំ​បាន​នាំ​យក​អំណោយ​ខ្លះ​ៗ​ជួយ​ដល់​គាត់ វា​មិន​ច្រើន​ទេ តែ​ហោច​ណាស់ ក៏​គ្រាន់​សម្រាល​ការ​លំបាក​របស់​គាត់​បាន​មួយ​គ្រា​ដែរ" សន វិជ្ជបុត្រ ថ្លែង។

ក្រោយ​ពី​ជួប​សួរ​សុខទុក្ខ និង​ជូន​អំណោយ​សប្បុរសធម៌​ខ្លះ​ឲ្យ​ទៅ​វីរសិល្បករ​ខាង​លើ​ហើយ ឯកឧត្តម ក៏​បាន​បន្ត​ដំណើរ​ទៅ​ចែក​កង់​ចំនួន​៦​គ្រឿង​ទៀត ជូន​ដល់​សិស្សក្រីក្រ​គ្មាន​លទ្ធភាព​ទិញ​កង់​ធ្វើ​ដំណើរ​ទៅ​សិក្សា។ ក្រៅ​ពី​នេះ ក៏​មាន​សម្ភារៈ​សិក្សា​ខ្លះ​ទៀត ដែល​ឯកឧត្តម បាន​ចែក​ជូន​ដល់​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​ភូមិ​ធំ​ថ្មី ក្នុងទឹកដីភូមិព្រះធាតុ ស្រុក​កំពង់​ត្របែក ខេត្តព្រៃវែង។

នេះមិនមែនជាលើកទី១ទេដែលតារាចម្រៀង សន វិជ្ជបុត្រ បង្កើតឲ្យមានសកម្មភាពមនុស្សធម៌ឡើង ដែលកន្លងទៅគេបានឃើញតារាចម្រៀងរូបនេះធ្លាប់បានចុះចែកអំណោយដោយការចំណាយថវិកាផ្ទាល់ខ្លួន និងទទួលបានពីសប្បុរសជនក្នុងនិងក្រៅប្រទេសជាហូរហែ ទាំងការជួយដល់ក្មេងកំព្រា គ្រួសារជនរងគ្រោះក្រីក្រ ចាស់ជរាគ្មានទីពឹងជាដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់