• 2020-12-11 07:23:23
  • ព័ត៌មាន

ទើប​ចូល​ហង្សមាស​បាន​ជាង ២ ខែ Tho Meet សម្រុក​ធ្វើ​បទ​ចេញ​ដូច​ព្យុះ

  • 2020-12-11 07:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​ Tho Meet បាន​សម្រុក​ធ្វើ​បទ​ចម្រៀង​ចេញ​ដូច​ព្យុះ ក្រោយ​បាន​ចូល​រួម​ជាមួយ​ហង្សមាស​ប្រមាណ​២​ខែ​មក​នេះ ខណៈ​សប្ដាហ៍​មុន លោក​ទើប​នឹង​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​រួច​មក​ហើយ​ ក្រោយ​ធ្វើ​បទ "ប្ដី​លើ​ផែន​ដី អស់​ល្អ​ត្រឹម​ប្ដី​អូន​ហើយ!” ឲ្យ សុគន្ធ និសា ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សម្បើម។

លោក Tho Meet ដែល​ធ្លាប់​បម្រើ​ការ​នៅ​ផលិតកម្ម​ធំ​ៗ​ជា​ច្រើន​នៅ​កម្ពុជា បាន​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ហង្សមាស កាល​ពី​ចុង​ខែ​កញ្ញា ២០២០ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង ២ខែ​មក​ហើយ។ មក​ដល់​ភ្លាម អ្នក​និពន្ធ​រូប​នេះ ត្រូវ​បាន​តម្រូវ​ឲ្យ​បទ​ចម្រៀង​មួយ​ឲ្យ​ជយលាភី I Am A Singer Cambodia រដូវ​កាល​ទី2 កញ្ញា វី ឌីណែត តែ​ម្ដង។

បន្ត​មក​ទៀត លោក​ក៏​បាន​ធ្វើ​បទ​ចម្រៀង​ឲ្យ​តារា​ចម្រៀង​ជួរ​មុខ​របស់​ហង្សមាស​ស្ទើរ​តែ​គ្រប់​គ្នា​ច្រៀង​ថែម​ទៀត ក្នុង​នោះ​ជា​លោក ខេមរៈ សិរីមន្ត ឆន សុវណ្ណារាជ នី រតនា គង់ ចំរើន កែវ សុបញ្ញា ណុប បាយ៉ារិទ្ធ ប៉ាច គីមមួយ ឈិន រតនៈ និង ធែល ថៃ ជា​ដើម។ សរុប​មក​ដល់​បច្ចុប្បន្ន​មាន​បទ​ចម្រៀង​ប្រមាណ ជាង ១០បទ​មក​ហើយ ដែល​ជា​ស្នាដៃ​របស់​លោក។

បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន​ដូច​ជា “ទម្រាំ​បែក​បង" "ដើម្បី​បង អូន​លះបង់​អស់​ហើយ!” និង​បទ "ប្ដី​លើ​ផែន​ដី អស់​ល្អ​ត្រឹម​ប្ដី​អូន​ហើយ!” ជា​ដើម ដែល​ផ្ទុះ​ខ្លាំង​កាល​ពី​សប្ដាហ៍​មុន​ដោយ​ចេញ​​ត្រឹម​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ចូល​ស្ដាប់​ដល់​ទៅ ជិត​១លាន​ដង​ឯណោះ។

តាម​ការ​បញ្ជាក់​របស់ Tho Meet បាន​ឲ្យ​ដឹង​ថា ជា​រួម គឺ​លោក​មាន​ចម្រៀង​ថ្មី​ៗ ចេញ​ឲ្យ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ហង្សមាស​ដាច់ ពោល​គឺ​មាន​ជា​រៀងរាល់​សប្ដាហ៍ ខណៈ​លោក​និពន្ធ ស្ទើរ​តែ​គ្មាន​ពេល​សម្រាក។ "បទ​ខ្ញុំ​មាន​រាល់​សប្ដាហ៍​បង ដែល​ពេល​ខ្លះ​១ ពេល​ខ្លះ​២ ព្រោះ​និពន្ធ​វា​ត្រូវ​ការ​អារម្មណ៍​ដែរ បើ​អារម្មណ៍​ល្អ​ធ្វើ​បាន​លឿនទៅ តែ​ជា​រួម​មេឡូឌី ខ្ញុំ​ធ្វើ​​១ថ្ងៃ បារ៉ូល ២ថ្ងៃ ហើយ​សម្រួល​បទ​ភ្លេង​អី​ហើយ សរុប​ទៅ​ខ្ទង់ ៣-៤ថ្ងៃ រួច​ហើយ!”។

ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​បទ "ប្ដី​លើ​ផែន​ដី អស់​ល្អ​ត្រឹម​ប្ដី​អូន​ហើយ!” Tho Meet ទើប​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​នា​ម្សិលមិញនេះ បទ​នោះ​មាន​ចំណង​ជើង​ថា "ឆ្នាំ​ថ្មី អ្វី​ៗ​ក៏​ល្អ" ច្រៀង​ដោយ ចាន់ សុបញ្ញា និង សុខ សុជាតា៕

អត្ថបទ៖ ទារិកា

មតិយោបល់