- 2020-12-31 07:06:26
- ភាពយន្ត
បើតាមក្រសួង ប្រិយមិត្ដអាចចូលរោងកុនបានវិញហើយនៅឆ្នាំក្រោយនេះ
- 2020-12-31 07:06:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើតាមក្រសួង ប្រិយមិត្ដអាចចូលរោងកុនបានវិញហើយនៅឆ្នាំក្រោយនេះ
ចន្លោះមិនឃើញ
នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចេញសេចក្ដីជូនដំណឹងផ្លូវការមួយនៅថ្ងៃទី១ ខែធ្នូ ២០២០ ជុំវិញការអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្ដឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបិទបញ្ចប់ព្រឹត្តិការណ៍២៨ វិច្ឆិកា ហើយវិស័យសិក្សាធិការក៏សម្រេចឲ្យដំណើរការឡើងវិញ។
ប្រធាននាយកដ្ឋានភាពយន្ដលោក ប៉ុក បូរក្ស បានប្រាប់ Sabay នៅមុននេះបន្តិចថា ក្រសួងនឹងអនុញ្ញាតឲ្យគ្រប់រោងភាពយន្តដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ។ ប៉ុន្តែម្ចាស់រោងភាពយន្ត និងភាគីពាក់ព័ន្ធ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការសុវត្ថិភាព និងអនាម័យ ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។
ផលិតករភាពយន្តល្បីឈ្មោះម្នាក់ គឺលោក ហ៊ុយ យ៉ាឡេង ដែលមានរឿងមួយចំនួននៅក្នុងដៃ ហើយត្រៀមយកទៅចាក់បញ្ចាំងតាមរោងនោះ សម្ដែងការត្រេកអរ ក្រោយពីទទួលដំណឹងនេះ។ លោកនិយាយថា៖"កាដូឆ្នាំថ្មីដែលខ្ញុំចង់បានជាងគេ...អគុណឆ្នាំ២០២១ សូមឲ្យចូលមកនាំតែភាពរីករាយ ដល់យើងគ្រប់គ្នា"។
សូមរំលឹកថា ការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ បានធ្វើឲ្យដំណើរការផលិត និងចាក់បញ្ចាំងខ្សែភាពយន្ដខ្មែររអាក់រអួល ដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល សម្រេចបិទរោងភាពយន្ដហើយបើកឡើងវិញចំនួនពីរលើកជាប់ៗគ្នា។ ទន្ទឹមគ្នានោះ ផលិតករភាពយន្ដមួយចំនួន ត្អូញត្អែរពីការបាត់ចំណូលដោយសាររឿងដែលគេផលិតបានហើយដោយចាយលុយជាច្រើននោះ មិនត្រូវបានចាក់បញ្ចាំង ដើម្បីប្រមូលលុយមកបន្ដផលិតទៀត។
បន្ទាប់ពីឆ្លងកាត់ស្ថានភាពដ៏តានតឹង នៃជំងឺកូវីដ-១៩ ទាំងករណីនាំចូល និងព្រឹត្តិការសហគមន៍ រាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ព្រឹត្តិការទាំងនេះ តែរាជរដ្ឋាភិបាលនៅតែអំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្ន នៃការឆ្លងជំងឺកូវីដ-១៩ ដដែល។ ដំណឹងបើករោងភាពយន្តឡើងវិញនាពេលនេះ អាចនិយាយបានថាជាកាដូដ៏ធំសម្រាប់អ្នករកស៊ីខាងវិស័យភាពយន្ត ជាពិសេសផលិតករភាពយន្តដែលកំពុងទន្ទឹងរង់ចាំដំណឹងនេះ៕