• 2021-01-04 01:00:00
  • ព័ត៌មាន

គង់ ច័ន្ទរដ្ឋា, គ្រូបង្វិកសុនខ ហ៉ិន រតនា និងប៉ូលីស ៣នាក់ទៀតត្រូវព្រហ្មទណ្ឌហៅសួរចម្លើយ

  • 2021-01-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ​ តារាចម្រៀង គង់ ច័ន្ទរដ្ឋា, គ្រូបង្វិកសុនខ ហ៉ិន រតនា និងមន្ត្រីប៉ូលីស ៣នាក់ផ្សេងទៀតមកសាកសួរពាក់ព័ន្ធនឹងរឿង «ការបង្ហោះ និងចែកចាយវីដេអូ និងរូបភាពបទចម្រៀង ចំណងជើង «មុខសញ្ញា» ក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងទីតតុក ដោយមានការគ្រងឯកសណ្ឋាននគរបាលជាតិ មានផ្លាកសញ្ញានគរបាលព្រហ្មទណ្ឌ (CID) ឋានន្ដរស័ក្ដិ វរសេនីយ៍ឯក»។ នេះបើយោងតាមផេកហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ​ ចេញផ្សាយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ។

ផេកហ្វេសប៊ុកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃើញបណ្ដាញសង្គមមានការបង្ហោះ និងចែកចាយវីដេអូ និងរូបភាពបទចម្រៀង ចំណងជើង «មុខសញ្ញា» ក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងទីតតុក ដោយមានការគ្រងឯកសណ្ឋាននគរបាលជាតិ មានផ្លាកសញ្ញានគរបាលព្រហ្មទណ្ឌ (CID) ឋានន្ដរស័ក្ដិ វរសេនីយ៍ឯក»។​

ក្រោយស្រាវជ្រាវរកឃើញថា តួសម្ដែងក្នុងវីដេអូចម្រៀងនេះ មានសមាសភាពចូលរួម ចំនួន០៥នាក់ នៅអង្គភាពនាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្ដ្រ និងមន្ដ្រីនគរបាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាតារាចម្រៀង និងសម្ដែង រួមមាន៖

ទី១៖ អ្នកនាង គង់ ច័ន្ទរដ្ឋា អាយុ៣២ឆ្នាំ ប្រពន្ធរបស់លោកអនុសេនីយ៍ទោ ស៉ិន សុភា ជាតារាចម្រៀង និងសម្ដែង

ទី២៖ លោក ហ៉ិន រតនា អាយុ៣៨ឆ្នាំ គ្រូបង្វិកសុនខ ជាតួសម្ដែង

ទី៣៖ លោកអនុសេនីយ៍ឯក ស៉ិន សុភ័ក្ដ្រ អាយុ២៨ឆ្នាំ ជាមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកផ្ដួចផ្ដើមគំនិត ដឹកនាំថត និងសម្ដែងវីដេអូនេះ

ទី៤៖ លោកអនុសេនីយ៍ទោ ស៉ិន សុភា អាយុ២៨ឆ្នាំ មន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាតួសម្ដែង

ទី៥៖ លោក ជា ដារ៉េត ជាមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាតួសម្ដែង។

ផេកដដែលបញ្ជាក់បន្ថែមថា «នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ជំនាញការិយាល័យ សួរចម្លើយ និងនីតិវិធី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំមន្ដ្រីខាងលើយកមកសាកសួរ។ ក្រោយធ្វើការសួរនាំ មន្ដ្រីនគរបាលខាងលើបានសារភាពថា៖ ពិតជាបានថតបង្ហោះវីដេអូចម្រៀង (ចំណងជើង៖ មុខសញ្ញា) គ្រងឯកសណ្ឋាននគរបាលជាតិ មានផ្លាកសញ្ញានគរបាលព្រហ្មទណ្ឌ (CID) ឋានន្ដរស័ក្ដិ វរសេនីយ៍ឯក ក្នុងបណ្ដាញសង្គម Facebook និង Tik Tok ពិតប្រាកដមែន ក្នុងគោលបំណង ចង់បង្ហាញ និងលើកកម្ពស់តម្លៃនគរបាល អំពីបេសកកម្ម និងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀនតែប៉ុណ្ណោះ»

ក្រោយសាកសួរ​នាយកដ្ឋាននគរបាលព្រហ្មខណ្ឌបានលើកឡើងថា «នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអរគុណចំពោះការសម្ដែងទាំងឡាយណា ដែលមានបំណងលើកកម្ពស់ និងគុណតម្លៃរបស់នគរបាលជាតិ ពិសេសនគរបាលព្រហ្មទណ្ឌ។ ប៉ុន្ដែនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សំណូមពរដល់សិល្បករ សិល្បការនីទាំងអស់ មុនយកឯកសណ្ឋាននគរបាលជាតិ ទៅប្រើប្រាស់ក្នុងការសម្ដែង សូមជូនដំណឹង និងសុំការអនុញ្ញាតពីអង្គភាពពាក់ព័ន្ធជាមុនសិន ជៀសវាងមានការយល់ច្រឡំ និងខុសច្បាប់ជាធរមាន»៕

នេះជាវីដេអូដែលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រតិកម្ម៖

រូបថត៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់