• 2021-01-05 07:44:05
  • ភាពយន្ត

ប្រិយមិត្ត អាច​ស្រក់​ទឹកភ្នែក​ម្ដង​ទៀត​ជាមួយ​លោក​ឪពុក ព្រោះ​រឿង​"ដើម្បី​កូន" ត្រៀម​ចាក់​ទៀត​ហើយ

  • 2021-01-05 07:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង"ដើម្បី​កូន" កំពុង​ដាក់​ឲ្យ​គណៈកម្មការ​ភាពយន្ត​អន្តរជាតិ​អូស្ការ​ពិនិត្យ​ក្នុង​ផ្នែក​ភាពយន្ត​អន្តរជាតិ​ល្អ​ជាង​គេ​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក លោក ហ៊ុយ យ៉ាឡេង ប្រកាស​ចាក់​បញ្ចាំង​រឿង​នេះ​ជា​ថ្មី​ទៀត​នៅ​គ្រប់​រោងភាពយន្ត​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មករា តទៅ។

ចាងហ្វាង​ផលិតកម្ម​កថាជ័យ និង​ជា​ម្ចាស់​រឿង"ដើម្បី​កូន" លោក ហ៊ុយ យ៉ាឡេង និយាយ​ថា វា​ជា​ឱកាស​ដែល​ប្រិយមិត្ដ ជាពិសេស​យុវវ័យ​អាច​ដឹក​ដៃ​លោក​ឪពុក​មក​ទស្សនា​ភាពយន្ត​នេះ ដើម្បី​គោរព​ការ​លះបង់​របស់​គាត់។ លោក​បន្ថែម​ថា លោក​ឪពុក​មិន​ចេះ​និយាយ​ច្រើន​ដូច​អ្នក​ម្ដាយ តែ​លោក​ឪពុក​ប្រឹង​លះបង់​ដើម្បី​កូន​លុះ​មរណា។

ហ៊ុយ យ៉ាឡេង៖"តើ​អ្នក​មាន​ដឹកដៃ​គាត់(លោក​ឪពុក)មក​ទស្សនា​ភាពយន្ត​នេះ​ទេ? ជួប​គ្នា​ទឹក​ភ្នែក​ម្ដង​ទៀត​បាន​ទេ?"។

ភាពយន្ត​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិត"ដើម្បី​កូន" ធ្លាប់​ដាក់​បញ្ចាំង​ម្ដង​រួច​ហើយ​នៅ​មុន​ផ្ទុះ​ការ​ឆ្លង​រាតត្បាត​ជា​សកល នៃ​ជំងឺ​កូវីដ-១៩ កាល​ពី​ដើម​ឆ្នាំ​២០២០។ រឿង​នេះ​បាន​ចាក់​ចំ​បេះដូង​ប្រិយមិត្ត ជា​ពិសេស​មិត្ត​យុវវ័យ ដោយ​អ្នក​ខ្លះ​យំ​ក្នុង​រោង​មិន​អស់ចិត្ត ចេញ​សម្រក់​ទឹកភ្នែក​ជាមួយ​នឹង​សំឡេង​យំ​ខ្សឹកខ្សួល​អោប​ផលិតករ​ភាពយន្ត​នេះ​ទៀត​ផង។

រឿង"ដើម្បី​កូន" ត្រូវ​បាន​គណៈកម្មការ​វាយ​តម្លៃ​ភាពយន្ត​កម្ពុជា ចាត់​ទុក​ថា​ជា​ភាពយន្ត​តំណាង​ឲ្យ​ជាតិ​កម្ពុជា ដើម្បី​ដាក់​ទៅ​ប្រកួតប្រជែង​យក​ពានរង្វាន់​អូស្ការ។ បច្ចុប្បន្ន រឿង​នេះ កំពុង​ស្ថិតនៅ​ក្នុង​ដៃ​គណៈកម្មការ​ភាពយន្ត​អន្តរជាតិ ដើម្បី​ពិនិត្យ​រក​មើល​ខ្សែ​ភាពយន្ត​អន្តរជាតិ​ដែល​ល្អ​ជាង​គេ ក្នុង​ចំណោម​ខ្សែ​ភាពយន្ដ​ល្អៗ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក ដើម្បី​ត្រៀប​ប្រកាស​ពាន​រង្វាន់ OSCAR លើក​ទី៩៣ នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់