• 2021-01-08 04:34:28
  • ព័ត៌មាន

ខ្លាំង​នៅ​តែ​ខ្លាំង! ផលិតករ​វ័យក្មេង យន ប៊ុនរាជ មាន​មហិច្ឆតា​មិន​គួរ​ឲ្យ​ជឿ​ក្នុង​វិស័យ​ភាពយន្ត និង​ចម្រៀង​ខ្មែរ

  • 2021-01-08 04:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​វ័យ​២៣​ឆ្នាំ យន ប៊ុនរាជ ហៅ Mr. Fun Cambodia គ្រោង​ចេញ​រឿង​បែប​អប់រំ ស្នេហា កំប្លែង និង​បទ​ចម្រៀង​ក្នុង​ពេល​ឆាប់ៗ​នេះ ក្រោយ​ពី​ចេញ​រឿង"មួយ​ម៉ាត់​ស្លាប់​មួយ​ម៉ាត់​រស់"​សម្ដែង​ដោយ កញ្ញា Ka Bella ទើប​ផ្ទុះ​ការ​គាំទ្រ។

ក្រោយ​ដើរ​ចេញ​ពី​ទូរទស្សន៍​ថោន ក្នុង​តួនាទី​ជា​ប្រធាន​ផ្នែក​និពន្ធ ដើម្បី​វិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២០ លោក យន ប៊ុនរាជ បាន​បញ្ចេញ​ស្នាដៃ​រឿង​អប់រំ​បែប​លើក​ទឹក​ចិត្ត​នេះ ហើយ​កញ្ញា Ka Bella បាន​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង​រឿង​ដែល​ជា​ស្នាដៃ​ដំបូង​របស់​លោក​ក្នុង​ស្ថាប័ន​ថ្មី។

លោក យន ប៊ុនរាជ បាន​ប្រាប់ Sabay និយាយ​ថា រូប​លោក​មាន​ក្ដី​ស្រមៃ ចង់​រួម​ចំណែក​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​មាន​ការ​គាំទ្រ​ខ្លាំង​ដូច​ភាពយន្ត​បរទេស។ សម្រាប់​ការងារ​ថ្មី​ក្នុង​តួនាទី​ជា​ផលិតករ និង​ជា​អ្នក​គ្រប់គ្រង​មួយ​រួប​នៅ​ស្ថាប័ន Media Load គឺ​លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព និង​បញ្ចេញ​ស្នាដៃ​ឲ្យ​បាន​កាន់​តែ​ច្រើន​ក្នុង​ឆ្នាំ​២០២១ នេះ។

លោក យន ប៊ុន​រាជ៖"ខ្ញុំ​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់ អីចឹង​ខ្ញុំ​ចង់​វិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន ជា​ពិសេស​វិស័យ​តែង​និពន្ធ​នេះ។ ពេល​ខ្លះ​ខ្ញុំ​ស្រមៃ​គិត​សាច់​រឿង​ដល់​ថ្នាក់​ដេក​លក់​មួយ​ភាំង​ក៏​មាន អីចឹង​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ការ​ប្រឹងប្រែង​របស់​ខ្ញុំ​សម្រាប់​រឿង ឬ​ចម្រៀង​ក្រោយ​ៗ​នេះ​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន"។

សូម​រំលឹក​ថា ផលិតករ យន ប៊ុនរាជ បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុយភូមិ​នៅ​ឆ្នាំ​២០១៦។ ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០២៧ លោក​បាន​សិក្សា​បន្ត​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន(NIPTICT) ដោយ​ចេញ​ធ្វើ​ការ​បណ្ដើរ​នៅ​ស្ថានីយ​ទូរទស្សន៍​ថោន​ក្នុង​តួនាទី​ជា​អ្នក​គ្រប់គ្រង​ផ្នែក​និពន្ធ។ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​លោក​មាន​ស្នាដៃ​ស្ទើរ​រាប់​មិន​អស់​នៅ​កម្មវិធី​កំប្លែង"ដូច្នឹង​ផង" កំប្លែង​ហ្មង និង​កម្មវិធី"ដូច្នឹង​ផងKid​”៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់