• 2021-01-08 09:50:22
  • ភាពយន្ត

"រស​ស្នេហ៍​ផ្លែ​ល្វា" ក្លាយ​ជា​រឿង​ភាគ​ខ្មែរ​ដំបូង​គេ​ដែល​ផលិតករ​ហ៊ាន​ចេញ​ថត​នៅ​ដើម​ឆ្នាំ​២០២១

  • 2021-01-08 09:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ប្រកាស​ចេញ​ថត​ខ្សែ​ភាពយន្ត​ភាគ​មុន​គេ​នៅ​ដើម​ឆ្នាំ​២០២១ នេះ ខណៈ​ដែល​ផលិតករ និង​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ផលិត​រឿង​ថ្មីៗ ឬ​បន្ត​ដំណើរការ​ថត​ពេញលេញ​នៅ​ឡើយ ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។

ពិធី​ក្រុងពាលី​ដើម្បី​ថត​រឿង​ភាគ​ដែល​មាន​ចំណង​ជើង​ថា "រស​ស្នេហ៍​ផ្លែ​ល្វា" ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៨ ខែ​មករា ឆ្នាំ​២០២១ ក្រោម​ការ​ចូល​រួម​ពី​ផលិតករ ​តំណាង​ស្ថានីយ​ទូរទស្សន៍ ​និង​សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​រូប។

តួអង្គ​ឯក​ស្រី ឈិន ស៊ាវម៉ី និយាយ​ថា ក្រោយ​ពី​ផ្អាក​ពី​ការងារ​សិល្បៈ​មួយ​រយៈ​ដោយសារ​ជាប់​នឹង​ការងារ​ផ្ទាល់​ខ្លួន ពេល​នេះ​ស្រាប់​តែ​បាន​ក្លាយ​ជា​តួអង្គ​ឯក​ស្រី​តែ​ម្នាក់ ដែល​មាន​តួឯកប្រុស​ដល់ទៅ២នាក់ គឺលោកឈឹម សក្កដា និងលោក សេង មង្គល។

កញ្ញា ឈិន ស៊ាវម៉ី បន្ថែម​ថា ក្នុង​រឿង​នេះ​នាង​ដើរ​ជា​តួអង្គ​ឈ្មោះ "វ៉ាន់ដាលី" ដែល​មាន​រូប​សម្បត្ដិ​ស្អាត ឈ្លាសវៃ រួសរាយ​រាក់ទាក់ ហ្មឺង​ម៉ាត់ និង​លាយ​ភាព​កាច​ឆ្នាស​ខ្លះ​ដែរ។ នេះ​ជា​ការ​បើក​ទំព័រ​ការងារ​សិល្បៈ​ឡើង​វិញ​​ដែល​នាង​រំពឹង​ថា​ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

ក្រៅ​ពី​វត្តមាន​តារា​សម្ដែង ឈិន ស៊ាវម៉ី ​លោក ឆឹម ​សក្កដា និង​លោក ​សេង ​មង្គល ដែល​ជា​តួអង្គ​ឯក​នៅ​ក្នុង​រឿង​នេះ ក៏​មាន​តារា​សម្ដែង​ជា​ច្រើន​ដួង​ទៀត​ដែរ​ដូច​ជា៖កញ្ញា ហាស់ ឌីជូលី កញ្ញា រី​ស្រីណេត លោក ម៉ុង ប៊ុនណូរ៉ា លោក អៀង ចេនឡា ជាដើម។

ខ្សែ​ភាពយន្ត​ភាគ​រឿង"រស​ស្នេហ៍​ផ្លែ​ល្វា" នេះ នឹង​ត្រូវ​ចំណាយ​ពេល​ថត​ចន្លោះ​ពី៣ ទៅ៤ខែ​មុនពេល ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់