• 2021-01-12 08:32:31
  • ព័ត៌មាន

ដំណឹង​ល្អ​សម្រាប់​យុវជន​មាន​ទេពកោសល្យ​តែង​និពន្ធ​បទ​ចម្រៀង ​Galaxy ប្រកាស​ទិញ​ក្នុង​តម្លៃ​កប់ៗមិន​ធ្លាប់​មាន

  • 2021-01-12 08:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផលិតកម្ម Galaxy Navatra នៅ​ថ្ងៃ​នេះ ប្រកាស​ពី​ផែន​ការ​ទិញ​រាល់​បទ​ចម្រៀង​ដែល​និពន្ធ​ថ្មីៗដែល​ជា​ស្នាដៃ​របស់​យុវជន​ខ្មែរ​ទាំង​អស់​ជាមួយ​តម្លៃខ្ពស់​មិន​ធម្មតា ១​បទ​តម្លៃ​ចន្លោះ​ពី​៦០០​ដុល្លារ ទៅ​១៥០០​ដុល្លារ​អាមេរិក​ឯណោះ។

ផែន​ការ​នេះ Galaxy Navatra បញ្ជាក់​ថា ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ថ្មី ក៏​ដូច​ជា​លើក​ទឹក​ចិត្តដល់​យុវជន​ខ្មែរ​ដែល​មាន​ទេពកោសល្យ​ខាង​ផ្នែក​តែង​និពន្ធ​បទ​ចម្រៀង ជា​បច្ច័យ​ជួយ​ឲ្យ​ពួក​គេ​អាច​រក​បាន​ចំណូល​តាម​រយៈ​ទេពកោសល្យ​ផ្ទាល់​ខ្លួន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ផលិតកម្ម Galaxy Navatra បញ្ជាក់​ថា ក្រុមហ៊ុន នឹង​ទទួល​ទិញ​យក​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ទាំង​អស់​ក្នុង​តម្លៃ​១​បទ​ចាប់​ពី​ ៦០០​ដុល្លារ រហូត​ដល់​១៥០០​ដុល្លារ។ ផែន​ការ​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១២ មករា ២០២១ នេះ​ត​ទៅ។ ប៉ុន្តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​បទ​បញ្ចប់​ការ​ទិញ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

បែប​នេះ​ក្ដី មិន​មែន​ន័យ​ថា រាល់​​ស្នាដៃ​ដែល​ផ្ញើ​មក​ សុទ្ធ​តែ​ត្រូវ​ទទួល​យក​នោះ​ទេ ពោល​គឺ ស្នាដៃ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ជា​មុន​សិន។ ក្រុម​ការងារម្នាក់​នៃ​ផលិតកម្ម​ខាង​លើ បាន​ប្រាប់ Sabay ថា រាល់​ស្នាដៃ​ទាំង​អស់​ដែល​ផ្ញើ​នឹង ផលិតកម្ម​នឹង​មាន​គណៈកម្មការ​ត្រួត​ពិនិត្យលើ​គុណភាព មុន​ពេល​សម្រេច​ថា ស្នាដៃ​ណា​ទទួល​យក​បាន ឬ​មិន​បាន។

នេះ​ជា​ផែន​ការ​ថ្មី​មួយ នៅ​ក្នុង​ឧស្សាហកម្ម​តែង​និពន្ធ​បទ​ចម្រៀង ដែល​គេ​មើល​ឃើញ​ថា នឹង​អំណោយ​ផល​ទៅ​អ្នក​និពន្ធនានា ទាំង​អ្នក​អាជីព និង​អ្នក​មិន​ទាន់​អាជីព​អាច​រក​ចំណូល​តាម​រយៈ​ស្នាដៃ​របស់​ខ្លួន​បាន។ ផលិតករ​វ័យក្មេង យន ប៊ុនរាជ យល់​ថា វាជារឿងល្អមួយ សម្រាប់អ្នកនិពន្ធទំនុកច្រៀង និង​អ្នកនិពន្ធបទភ្លេងទាំង​ឡាយ ព្រោះថា តម្លៃដែល​ផលិតកម្ម​ប្រកាសទិញ​ គឺ​ជា​តម្លៃ​ខ្ពស់​មួយ។ យ៉ាង​ណា​ លោក​ថា លុះត្រាតែអ្នកផលិត មានស្នាដៃ ក៏​ដូច​ជា​សមត្ថភាពខ្ពស់​ដែរ។

សម្រាប់​ម្ចាស់​ស្នាដៃ ដែល​ប្រាថ្នា​ចង់​លក់​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​ផ្ទាល់​ខ្លួន អាច​ផ្ញើ​ស្នាដៃ​ទៅ​កាន់​ក្រុមការងារ​ផលិតកម្ម តាម​រយៈ Telegram ឬ​ប្រអប់សារ​ក្នុង​ទំព័រហ្វេសប៊ុកផ្លូវ​ការ​របស់​ផលិតកម្ម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់