• 2021-01-20 01:45:00
  • ព័ត៌មាន

ធ្លាប់ឆ្ងល់អត់ រាល់សំណួរតារាត្រូវឆ្លើយក្នុងសម្ភាស សុទ្ធតែជាការរៀបចំចាត់ចែងរបស់ក្រុមហ៊ុនឬ?

  • 2021-01-20 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សំណួរ​ជា​ច្រើន​ផុស​ពេញ​ចិត្ត​អ្នក​គាំទ្រ​ ឬ​អ្នក​ដែល​តែង​តែ​ចង់​ដឹង​រឿង​រ៉ាវ​ផ្សេងៗ​របស់​ K-Pop។ ពេល​នេះ​ចម្ងល់​មួយ​ត្រូវបាន​បក​ស្រាយ​ដោយ​ Jeff Benjamin ​អ្នកសារព័ត៌មានធ្លាប់​បាន​ធ្វើ​បទសម្ភាស​ជាមួយ​នឹង​តារា​ K-Pop ល្បីៗ​ដូចជា EXO, TWICE, Red Velvet ក៏ដូចជា​ ENHYPENនិងតារាជា​ច្រើន​ក្រុមទៀត។

ចម្ងល់​នោះ​គឺ​ថា​ តើ​គ្រប់​ពេល​ស្ថិត​ក្នុង​បទសម្ភាស អ្នក​គ្រប់​គ្រង​តារា ឬ Agency របស់ពួកគេ​ជា​អ្នក​គ្រប់គ្រង​ចាត់​ចែង​សំណួរ​ដែល​ពួកគេ​ត្រូវ​ឆ្លើយ​ ឬយ៉ាងណា?

ជាក់ស្ដែង​ពេល​បកស្រាយ​ក្នុង​វីដេអូភាគ​ថ្មី​របស់​ "Ask Me Anything" Jeff បាន​ឆ្លើយ​ថា​ នោះគឺ​ជាការពិត​ដែល​ក្រុមហ៊ុន​ត្រូវ​ពិនិត្យ​រាល់​សំណួរ​ និង​ជ្រើសយក​សំណួរ​សមរម្យ​ណា​មួយ​​សម្រាប់​ក្រុម​តារា​របស់ពួកគេ។ ទោះជាយ៉ាងណា​អ្នក​កាសែត​ប្រចាំ K-Pop រូប​នេះ​នៅ​បាន​ពន្យល់​បន្ថែម​ថា​ ការ​គ្រប់គ្រងរាល់​សំណួរ​ដែល​តារា​ត្រូវ​ឆ្លើយទាំងនោះក្នុង​បទសម្ភាស​ ពិត​ជា​សំខាន់ ហើយ​វា​មិន​កើត​ឡើង​តែ​ក្នុង​វិស័យ K-Pop ទេ។ មូលហេតុ​ដែល​ត្រូវ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​បង្ការ​ កុំ​ឲ្យ​មាន​បញ្ហា​ផ្ទុះ​ឡើង​ បង្ក​ជា​ភាព​ចលាចល​ដោយសារ​ចម្លើយ​មិន​បាន​ត្រៀមទុក​ណា​មួយ​របស់​តារាៗ។

មួយ​វិញ​ទៀត​ នៅ​ពីក្រោយកាមេរ៉ា​ ច្បាស់​ណាស់​ត្រូវ​តែ​មាន​ការ​មើល​ដោយ​យក​ចិត្តទុក​ដាក់ពី​អ្នក​ចាត់ការទូទៅ​របស់ក្រុម​តារា តែ​ពួកគេ​ក៏​មិន​បាន​និយាយ​អ្វី​ដែរ ក្រៅពី​សុំ​អ្នក​សារព័ត៌មាន​ឲ្យ​កាត់​យក​ពេល​តារា​និយាយ​អូសបន្លាយពេលយូរ ដូចជា "អឹមមមម..." ជា​ដើម ដោយ​សំណូមពរ​ឲ្យ​យក​តែ​ចម្លើយពេល​និយាយ​ចេញ​ប៉ុណ្ណោះ។

បន្ថែម​ពី​លើ​នោះ​ Jeff ដែល​ជា​អ្នក​កាសែត​ជើង​ចាស់​រូប​នេះ​ក៏​បាន​លើក​ឡើង​ដោយ​ការមិនពេញ​ចិត្ត​មួយ​ចំនួន​ចំពោះ​ក្រុម​អ្នក​ចាត់ការទូទៅ និង​ជំនួយការ​មួយ​ចំនួន​របស់​តារាៗដែរ ដែលធ្លាប់​មាន​ម្ដង​នោះ​ កាត់ការសម្ភាសរបស់​លោក ដោយសារ​តែ​ពេលខ្លី។ សម្រាប់​លោក​គិត​ថា​ វា​ជា​ទង្វើ​អសីលធម៌ ហើយ​វាជា​ហេតុដែលលោក​មិន​អាច​បញ្ចប់​បទសម្ភាស​ដោយ​រលូនបាន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់