• 2021-01-20 06:41:41
  • ព័ត៌មាន

សមត្ថភាព​ពិតៗ ពន្លកសិល្បករទាំង​នេះ​ ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ក្នុង​ឆ្នាំ​២០២០

  • 2021-01-20 06:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​កាន់​តែ​ទំនើប និង​សម្បូរ​បែប​នា​ពេល​បច្ចុប្បន្ន បាន​ក្លាយ​ជា​មធ្យោបាយ​យ៉ាង​សំខាន់​សម្រាប់​យុវវ័យ​មាន​សមត្ថភាព និង​ទេពកោសល្យ​ខាង​សិល្បៈ បញ្ចេញ​នូវ​បទ​ចម្រៀង ឬ​ភាពយន្ត​ដែល​ជា​ស្នាដៃ​តែង​និពន្ធ សម្ដែង និង​ផលិត​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ​កាន់​ទស្សនិកជន។

ពី​មនុស្ស​ដែល​គេឯង​មិន​សូវ​ស្គាល់​ច្រើន បាន​រលាស់ខ្លួន​ទៅ​ជា​អ្នក​សិល្បៈ​ទាំង​វ័យ​ក្មេង មាន​អ្នក​គាំទ្រ ឬ​ទស្សនា​រាប់​ពាន់​នាក់ តាម​រយៈ​ការ​ផលិត​វីដេអូ​បទ​ចម្រៀង និង​រឿង​ខ្លីៗ​ដាក់​លើ Youtube និង​Facebook។

ខ្សែ​ភាពយន្ត​ខ្លីៗ និង​បទ​ចម្រៀង​ពីរោះ​ៗ​សម្រាប់​យុវវ័យ បាន​ចេញ​ប្រដេញ​គ្នា​នៅ​ដើម​ឆ្នាំ​២០២១ នេះ ពី​គណនី​Facebook ជាង​១០។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​ពន្លក​តារា​៩​ដួង​មក​បរិយាយ​ជាមុន ដោយ​គេ​ដឹង​ថា ​យុវវ័យ​ទាំងនេះ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ខាង​សិល្បៈ​តាម​រយៈ​ការ​តែង​និពន្ធ សម្ដែងរឿង និង​ចម្រៀង​របស់​ខ្លួន។

១/ ពុទ្ធី ផាក ៖ បាន​ចេញ​ចម្រៀង​ដែល​បានត្រួស​​ត្រាយផ្លូវ​ទៅ​កាន់​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​២០១៧ គឺ​បទ"មិន​បំផ្លាញ​ក្ដី​សុខ​អូន​ទេ"។ បទ​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ស្រទាប់​យុវវ័យ មុន​ពេល​ដែល​លោក​ផលិត និង​សម្ដែង​វីដេអូ​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត។ សម្រាប់​ដើម​ខែ​មករា ឆ្នាំ​២០២១ ពុទ្ធី ផាក បាន​ចេញ​បទ "ក្មេង​សម័យ​ឥឡូវ" និង​MV ថ្មី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​បទ "ទឹក​ភ្នែក" ។

២/ផាន់ រ៉ុង ៖ ផាន់ រ៉ុង ដែល​ជា​កូន​អ្នក​លក់​ដូរ​ម្នាក់​ចេញ​ពី​ស្រុក​កំណើត​នា​ខេត្ត​បន្ទាយមានជ័យ​ដោយ​បាតដៃ​ទទេ ហើយ​គេ​ឯង​មិន​សូវ​ស្គាល់​ច្រើន បាន​ក្លាយ​ជា​តួអង្គ​ឯក ឬ​អាច​និយាយ​បាន​ថា​ជា​មនុស្ស​សំខាន់​គ្រប់​សាច់​រឿង​ដែល​លោក​បាន​ផលិត និង​សម្ដែង​ដោយ​ខ្លួន​ឯង​តាំង​ពី​ឆ្នាំ​២០១៨ ត្បិតថា​រូប​សម្បត្តិ និង​មុខមាត់​លោក​មិន​ស្អាត​ដូច​តារា។

គេ​នៅ​ចាំ​បាន​ថា ស្នាដៃ​ដំបូង​ដែល​ជា​ចំណុច​ចាប់​ផ្ដើម​លើ​អាជីព​ផលិត​រឿង​របស់​ផាន់ រ៉ុង គឺ​រឿង "អា​សំរាម"។ រឿង​បែប​អប់រំ​មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ដែល​កត្តា​ជំរុញ​ទឹកចិត្ត​ឲ្យ​បន្ត​ផលិត​រឿង​បែប​អប់រំ​បង្កប់​នូវ​ឈុត​ឆាក​កំប្លែង​មិន​ក្រោម​៥០​រឿង​ឡើយ ខណៈ​ដែល​ចម្រៀង​ទើប​ផលិត​បាន​ជាង​១០​បទ​ប៉ុណ្ណោះ បើ​គិត​មក​ដល់​ពេល​នេះ។

ក្រៅ​ពី​នេះ ​ផាន់ រ៉ុង ក៏​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ដែរ តាម​រយៈ​បទ "ឌីជេ​ស្រុក​ស្រែ" ដែល​គេ​ចាប់​អារម្មណ៍​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ Facebook និងYoutube។ ដោយ​ឡែកនៅ​ដើម​ឆ្នាំ​២០២១ នេះ លោក​ផ្ទុះ​ជាមួយ​រឿង​ខ្លី ​រឿង"បាបមិត្ដ"។

៣/ Nak Fake ៖ អាច​ចាត់​ទុក​ជា​តារា​ចម្រៀង​ទើប​រះ​ថ្មី ដ៏​មាន​ប្រជា​ប្រិយភាព ព្រោះ​លោក​មាន​សំឡេង​មួយ​បែប​ខុស​ពី​តារា​ចម្រៀង​ផ្សេង​ៗ​ទៀត តែ​ឆក់​យក​បេះដូង​អ្នក​ស្ដាប់​ភ្លូក​ទឹក​ភ្លូក​ដី។ បទ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​លោក ត្រូវ​បាន​គេ​ស្គាល់​ច្រើន​គឺ​បទ "យើង​ជា​ទន្សាយ គេ​ជា​ព្រះច័ន្ទ"។ ដោយ​ឡែកបទ​ថ្មី​ដែល​ទទួល​បាន​ការ​គាំទ្រ និង​មាន​អ្នក​ចែក​រំលែក​រហូត​ដល់​ជាង​១​ម៉ឺន​ដង ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ក្នុង​ខែ​មករា ឆ្នាំ​២០២១ កន្លង​មក​នេះ គឺ​បទ "បាត់​ម្ចាស់​តុក្កតា​ថ្ងៃCountdown"។

ក្រៅ​ពី​នេះ លោក​ទើប​ចេញ​បទ​ថ្មីម្សិលមិញ និង​កំពុង​ពេញ​និយម​របស់​លោក​មួយ​ទៀត គឺ​បទ"បច្ចុប្បន្ន​អូន​ជា​សង្សារ​បង" ពោល​គឺ​មាន​អ្នក​ចែក​រំលែក​រហូត​ដល់​ទៅ​ជាង​៣,២០០​ដង។

៤/Trakola ៖ បាន​ប្រឡូក​ក្នុង​អាជីព​ចម្រៀង​ក្នុង​ឆ្នាំ​២០១៨ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ​លោក​ច្រៀង​បាន​ជិត​១០​បទ​ហើយ។ បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បំផុត​របស់​លោក គឺ​បទ"សង្សារ​ផិត មិត្ត​ក្បត់" ចេញ​កាល​ពី​ឆ្នាំ​២០១៩។

៥/ថុល លីណា ៖ បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​ចម្រៀង​ជិត​១០​ហើយ។ គិត​មក​ដល់​ពេល​នេះ​លោក​បាន​ច្រៀង​បទ Original Song និង​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើម​មិន​ក្រោម​២០​បទ​ឡើយ ហើយ​បទ​ល្បី​របស់​លោក គឺ​បទ "យល់​ច្រឡំ​ថា​គេ​ស្រឡាញ់​យើង"។

៦/ជា សុភា៖ គឺ​ជា​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ម្នាក់​ប្រចាំ​នៅ​ផលិតកម្ម​ស៊ែមីឌៀ ដែល​ជា​ផ្នែក​មួយ​ជួយ​បញ្ចេញ​បទ​ចម្រៀង​ពីរោះៗ​ចេញ​ពី​ទេពកោសល្យ​ខាង​និពន្ធ និង​ច្រៀង​របស់​លោក​ទៅ​កាន់​មហាជន។ បទ​ល្បី​របស់ ជា សុភា គឺ​បទ "រួម​ទុក្ខបាន ហេតុអីមិន​អាច​រួម​សុខបាន"។

៧/ខាន ខាវ ៖ បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិល្បៈ​កាល​ពី​ឆ្នាំ​២០១៦។ ពន្លក​សិល្បករ​រូប​មាន​នេះ​មាន​ជំនាញ​លេង​ហ្គីតា គួបផ្សំ​ជាមួយ​ទឹកដម​សំនៀង​យ៉ាង​ពីរោះ​របស់​លោក​បាន​ធ្វើ​ឲ្យ​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន។ ចម្រៀង​ល្បី​របស់​លោក​មាន​ពីរ​បទ គឺ​បទ"នឹក​ខ្លាំង​ណាស់" និង​បទ"មក​ពី​បង​មិន​ល្អ"។

៨/ Santa KH ៖ បាន​ក្លាយ​ជា​អ្នក​និពន្ធ និង​សម្ដែង​វ័យ​ក្មេង ហើយ​អ្វី​ដែល​ទស្សនិកជន​ចាប់​អារម្មណ៍​ច្រើន​នោះ គឺ​លើ​ពាក្យ​សម្ដី កាយវិការ និង​មាន​ទេពកោសល្យ​សម្ដែង​ក្រមិចក្រមើម​របៀប​ជា​មនុស្ស​ភេទ​ទី៣។ រឿង​អប់រំ​ខ្លី​របស់​លោក​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន គឺ​រឿង "បង​ខ្ទើយ"។

៩/ អាងមុន្នី រត្ថា ៖ គឺ​ជា​តារា​ចម្រៀង​មាឌ​ធំ​របស់​ផលិតកម្ម​បង​ភ្លើង​មេឌៀ​ដែល​មាន​ទឹកដម​សំឡេង​មិន​ចាញ់​តារា​ចម្រៀង​អាជីព​ឡើយ។ បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រិយមិត្ត​នោះ គឺ​បទ "ដាំ​ចិត្ត​ស្មោះ ចាំ​ស្នេហ៍​ក្បត់"។

ក្រៅ​ពី​តារា​សម្ដែង និង​ចម្រៀង​ដែល​មាន​ទេពកោសល្យ​ផលិត​រឿង ឬ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ទាំង​បី​នេះ នៅ​មាន​យុវវ័យ​ជា​ច្រើន​ទៀត កំពុង​រះ​ឡើង​លើ​វិថី​សិល្បៈ។ ក្នុង​នោះ​មាន​ដូច​ជា៖ ម្ចាស់​គណនី​ឈ្មោះ Rawyer សន វេហា សួរ វិចិត្រ ខេវិន ខាត់ និង​គណនី​ឈ្មោះ Mr. Ram ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់