• 2021-02-23 08:28:43
  • ព័ត៌មាន

ដឹង​អត់...កញ្ញា មីហឹរ ផ្ដល់​ចម្លើយ​បែប​ណា​ចំពោះ​ស្នេហា​ក្មេង​ខ្ចី​របស់ Nak fake?

  • 2021-02-23 08:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ Sabay បាន​ព្យាយាម​ប្រមូល​ចម្លើយ​ពិត​ជុំវិញ​ទំនាក់​ទំនង​ស្នេហា​ក្រៅ​ឆាក​របស់​តារា​ចម្រៀង​ប្រុស​ទើប​រះ សេង វណ្ណៈ ហៅ​Nak fake ជាមួយ​កញ្ញា ស៊្រុន ប្រាក់​សុគន្ធា ហៅ​កញ្ញា មីហឹរ ពី​សាមី​ខ្លួន​ទាំង​សង​ខាង ដើម្បី​ស្រាយ​ចម្ងល់​របស់​មហាជន។

ទំនាក់​ទំនង​ស្នេហា​ក្រៅ​ឆាក​នេះ ត្រូវ​បាន​Nak fake បក​ស្រាយ​ម្ដង​ហើយ​ថា រូប​លោក​ធ្លាប់​សារភាព​ស្នេហ៍​ចំពោះ​កញ្ញា មី​ហឹរ​ដែរ តែ​នាង​ធ្វើ​ហាក់​ហី​មិន​ទទួល​យក​ក្ដី​ស្នេហ៍​ពី​លោក​សោះ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ Sabay ទទួល​បាន​ចម្លើយ​កាន់​តែ​ច្បាស់​ពី​ភាគី​ខាង​ស្រី គឺកញ្ញាមីហឹរ។

កញ្ញា ស៊្រុន ប្រាក់​សុគន្ធា សារភាព​ថា តាម​ពិត​កញ្ញា​ក៏​មាន​ចិត្ត​លើ Nak fake ដែរ ហើយ​បាន​ផ្ដល់​ឱកាស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ដើរ​កម្សាន្ត​រួម​គ្នា​ជា​លក្ខណៈ​ឯក​ជន​ទាំង​នៅ​ទី​ជិត និង​ទី​ឆ្ងាយ​អស់​រយៈ​ពេល​១​ឆ្នាំ​ទៀត​ផង។ ប៉ុន្តែ​ទំនាក់​ទំនង​មិន​បាន​ស៊ីជម្រៅ​ដូច​ជា​គូ​សង្សារ​ឡើយ ដោយ​អ្នក​ទាំង​ពីរ​ខ្លាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​សិល្បៈ និង​ការ​ពេបជ្រាយ​ផ្សេងៗ។

កញ្ញា មី​ហឹរ៖"ខ្ញុំ​ស្គាល់​គាត់(Nak fake) ជាង​២​ឆ្នាំ​ហើយ​មិន​ដែល​មាន​ចិត្ត​ថា​ស្រឡាញ់​គាត់​ទេ​ក្រៅ​ពី​អ្នក​រួម​ការងារ​ទេ តែ​ទើប​ឆ្នាំ​មុន...ក្រោយ​ថត​បទ"ស​ង្សារក្មេង​ស្ទាវ"​បាន​ពីរ​ខែ ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​ចិត្ត​លើ​គាត់​ដែរ។ យើង​ទាក់ទង និង​ដើរ​លេង​ជាមួយ​គ្នា​ធម្មតា មិន​ដែល​គិត​អី​ឲ្យ​លើសលស់​ទេ"។

កញ្ញា មី​ហឹរ អះអាង​ថា កញ្ញា​មិន​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​បុរស​ណា ក្រៅ​ពី​មាន​ចិត្ត​ខ្លះ​ៗ​លើ​លោក សេង វណ្ណៈ ហៅ​Nak fake ដែល​ជា​ក្រុម​ការងារ​ថត​បទ​ចម្រៀង​ជាមួយ​គ្នា​នោះ​ឡើយ។ ចំពោះ​សំណួរ​ថា​កញ្ញា​នឹង​ជ្រើស​រើស​យក​បុរស​ណា​ម្នាក់​ធ្វើ​ជា​ដៃគូ​ជីវិត ហើយ​គិតគូរ​រឿង​រៀបការ​នៅ​ពេល​ណា​នោះ? មី​ហឹរ ឆ្លើយតប​យ៉ាង​ខ្លី​ថា យ៉ាង​ហោច​ក៏​ត្រូវ​ប្រើ​ពេល​៥​ឆ្នាំ​ទៀត​ដែរ ដើម្បី​កំណត់​ពេល​រៀបការ ឬ​សម្រេច​ចិត្ត​យក​បុរស​ណា​ម្នាក់​ធ្វើ​ជា​ដៃគូ​ជីវិត។

គិត​ត្រឹម​ឆ្នាំ​២០២១ នេះ កញ្ញា មី​ហឹរ មាន​វ័យ​១៩​ឆ្នាំ​ហើយ។ កញ្ញា​បាន​ថត​បទ​ចម្រៀង​MV ជាមួយ​លោក សេង វណ្ណៈ បាន​ជិត​១០​បទ​ហើយ ចាប់​តាំង​ពី​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០១៩ មក។ Nak fake និង​កញ្ញា មីហឹរ ត្រូវ​បាន​មហាជន​គាំទ្រ និង​ស្គាល់​កាន់​តែ​ច្រើន​តាម​រយៈ​បទ​ចម្រៀង​២​បទ គឺ​បទ"យើង​ជា​ទន្សាយ​គេ​ជា​ព្រះចន្ទ" និង​បទ"សង្សារ​ក្មេង​ស្ទាវ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់